ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ខែ​នេះ អត់​មាន​ភ្លៀង​ទេ បាន​ក្រុម​តា​ហោ​ជួយ​បូមទឹក​ដាក់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រយៈពេល​០៣​ថ្ងៃនេះ គឺ​ថ្ងៃ​ទី​១៩, ទី​២០ និង​ទី​២១ សីហា ២០១៦ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ ជា​ក្រុម​របស់​លោក​រដ្ឋមន្ត្រី លឹ​ម គាន់​ហោ ដែល​ខ្លះ​ហៅ​តា​ហោ

ខេត្តពោធិ៍សាត់ ៖ រយៈពេល​០៣​ថ្ងៃនេះ គឺ​ថ្ងៃ​ទី​១៩, ទី​២០ និង​ទី​២១ សីហា ២០១៦ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ ជា​ក្រុម​របស់​លោក​រដ្ឋមន្ត្រី លឹ​ម គាន់​ហោ ដែល​ខ្លះ​ហៅ​តា​ហោ បាន​ចុះ​យុទ្ធនាការ​បូមទឹក​សង្គ្រោះ​ស្រែ​ស្រូវ​ជូន​ប្រជា​កសិករ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​។ រយៈពេល​ជិត​មួយ​ខែ​កន្លង​មកនេះ នៅ​ខេត្តពោធិ៍សាត់​ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ដែល​ធ្វើ​ឲ្យ​សំណាប សន្ទូង និង​ពង្រោះ​របស់​បងប្អូន​ប្រជា​កសិករ​ក្រៀម​ស្វិត​ជា​បណ្ដើរ​ៗ​អាច​ប្រឈម​ទៅ​នឹង​គ្រោះ​មហន្តរាយ​ដូច​បណ្ដា​ឆ្នាំ​មុន​ទៀត​។

លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង និង​ទទួល​បានការ​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី លឹ​ម គាន់​ហោ ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​លើ​វិស័យ​កសិកម្ម ពិសេស​ការ​ខ្វល់ខ្វាយ​របស់​លោក​អភិបាលខេត្ត ម៉ៅ ធនិន ចំពោះ​ប្រជា​កសិករ​របស់​លោក​ផង​នោះ មន្ទីរ​បាន​រៀបចំ​ក្រុមការងារ​ចុះ​ប្រតិបត្តិការ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បូមទឹក​ដាក់​ស្រែ​ជូន​ប្រជា​កសិករ ដើម្បី​សង្គ្រោះ​សំណាប សន្ទូង និង​ពង្រោះ ដែល​តាម​ស្រែ​នីមួយ​ៗ​រីងស្ងួត​ហួតហែង​ធ្វើ​ឲ្យ​ស្រូវ​មិន​អាច​បន្ត​ការ​លូតលាស់​ទៅ​មុខ​ទៀត​បាន​។ លោក​បន្ត​ទៀត​ថា ក្នុង​រយៈពេល​០៣​ថ្ងៃនេះ យើង​បាន​ធ្វើ​សកម្មភាព​បូមទឹក​សង្គ្រោះ​ស្រូវ​បាន​១.៧០០​ហិ​កតា ក្នុង​នោះ​នៅ​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ភ្ជាប់​ជាមួយ​ឃុំ​វាល និង​ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ៨០០​ហិ​កតា​, នៅ​ស្ថានីយ​ទី​១៦​សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ៤០០​ហិ​កតា​, នៅ​ស្ថានីយ​ទី​៥ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ២០០​ហិ​កតា និង​នៅ​ភូមិ​បឹង​ឈូក ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ៣០០​ហិ​កតា​។

លោក កែវ វ័យ បញ្ជាក់​ថា ក្រៅពី​ស្ថានីយ​បូមទឹក និង​ម៉ាស៊ីន​ចល័ត​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ជួយ​អន្តរាគមន៍​នោះ បងប្អូន​ប្រជា​កសិករ​មួយ​ចំនួន ក៏​មាន​ម៉ាស៊ីន​តូច​ៗ​បូម​បន្ត​ពី​ប្រឡាយ​មេ និង​ប្រឡាយ​រង​បញ្ចូល​ទៅ​ក្នុង​ស្រែ​របស់​ពួក​គាត់​ផង​ដែរ​។ យើង​ជួយ​អន្តរាគមន៍​បាន​តែ​កន្លែង​ណា​ដែល​នៅ​ជិត​ប្រភព​ទឹក និង​ជិត​ប្រឡាយ​ប៉ុណ្ណោះ បើ​ស្ថាន​ភាពរាំងស្ងួត​អូស​បន្លាយ​យូរ​នោះ ស្រែ​ស្រូវ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ ទោះ​យ៉ាងណា​មន្ទីរ​ធនធានទឹក និង​ឧតុនិយម នៅ​តែ​បន្ត​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​សំណាប សន្ទូង និង​ពង្រោះ​ជូន​បងប្អូន​ប្រជា​កសិករ​យើង​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​វិញ ទើប​ឈប់​៕