ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ខ្លាំង​ណាស់ ! ពឹង​ចំ​មនុស្ស​បែប​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ពឹងពាក់​អ្នក​ធ្លាប់​ស្គាល់គ្នា​ឲ្យ​ជួយ​ជូន​ទៅ​មើល​ម្តាយមីង​ឈឺ​សម្រាក​ក្នុង​មន្ទី​ពេទ្យ​ដោយ​ជិះ​ម៉ូតូ​របស់​គាត់​ឌុ​ប​គ្នា​ទៅ ខណៈ​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​គាត់​បាន​ចុះ​ទិញ​បបរ ស្រាប់តែ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ពឹងពាក់​អ្នក​ធ្លាប់​ស្គាល់គ្នា​ឲ្យ​ជួយ​ជូន​ទៅ​មើល​ម្តាយមីង​ឈឺ​សម្រាក​ក្នុង​មន្ទី​ពេទ្យ​ដោយ​ជិះ​ម៉ូតូ​របស់​គាត់​ឌុ​ប​គ្នា​ទៅ ខណៈ​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​គាត់​បាន​ចុះ​ទិញ​បបរ ស្រាប់តែ​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​គាត់​ទៅ​បាត់​តែ​ម្តង ។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ គ្រី សុ​ផា​នី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ចំណែក​ជនសង្ស័យ​ដែល​ឆក​បោក​យក​ម៉ូតូ​ទៅ​នោះ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា ឈ្មោះ ផ​ល្លី អាយុ​ជាង​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៣៦ ផ្លូវ​លេខ​៥៩៧ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

តាម​សំដី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ពឹ​ក​ពាក់​ជនសង្ស័យ​ខាងលើ​ដោយ​យក​ម៉ូតូ​របស់​គាត់​(​ម៉ូតូ​ស្ត្រី​រង​គ្រោះ​) ម៉ាក​វ៉េវ អាល់​ហ្វា ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-9969 ឌុ​ប​គាត់​ទៅ​មើល​ម្តាយមីង​ដែល​កំពុង​ឈឺ​សម្រាក​ក្នុង​មន្ទី​ពេទ្យ ខណៈ​ឌុ​បម​ក​ដល់​ចំណុច​ខាងលើ គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​ទៅ​ទិញ​បបរ ពេល​នេះ​ជនសង្ស័យ​បាន​ប្រាប់​ថា ទៅ​ទិញ​បារី​មួយ​ភ្លែត ហើយ​ក៏​ជិះ​ម៉ូតូ​គាត់​ទៅ​បាត់​រហូត​តែ​ម្តង ។

ប្រភព​បាន​ប្រាប់​ទៀត​ថា តាម​ពិត​គាត់​ធ្លាប់​ស្គាល់​បុរស​ខាងលើ​តែងតែ​មក​រត់​ម៉ូតូ​ឈប់​ចាំ​ម៉ូយ​នៅ​មុខ​ផ្ទះ​គាត់​រាល់ថ្ងៃ ទើប​គាត់​ស្គាល់ ហើយ​នៅ​ល្ងាច​ខាងលើ​ដោយសារ​ពេល​ល្ងាច​គាត់​មិន​ចង់​ជិះ​ម៉ូតូ​ទៅ​ពេទ្យ​ខ្លួនឯង ទើប​ពឹង​ឲ្យ​បុរស​ខាងលើ​ជូន​ទៅ ហើយ​ក៏​មិន​នឹក​ស្មានថា បុរស​ខាងលើ​ហា៑ន​បោក​ម៉ូតូ​របស់​គាត់​ទេ ។

នៅ​ល្ងាច​ថ្ងៃ​ដដែល ស្ត្រី​រង​គ្រោះ​បាន​មក​កាន់​ប៉ុស្តិ៍​នគរ​បាក​រដ្ឋបាល​ទឹកថ្លា ដើម្បី​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​ដាក់ទោស​តាម​ច្បាប់ ៕