ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល​កីឡាករ​កម្ពុជា​-​ថៃ​ ប៉ះ​គ្នា​នៅ​លើ​រេញ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​​នេះ​ !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ​ស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​ក៏​មានការ​ប្រកួត​ចំនួន​៤​គូរ​វាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ផង​ដែរ នៅ​ថ្ងៃអាទិត្យ​ទី​៣ កក្កដា ខាន​ស្អែក​នេះ ។

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ​ស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​ក៏​មានការ​ប្រកួត​ចំនួន​៤​គូរ​វាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ផង​ដែរ នៅ​ថ្ងៃអាទិត្យ​ទី​៣ កក្កដា ខាន​ស្អែក​នេះ ។ កីឡាករ​ទាំង​៨​រូប​នឹង​បង្ហាញខ្លួន​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​ព្រឹក និង​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​រសៀល​ដោយ​ក្នុង​មួយ​ព្រឹត្តិការណ៍​ៗ​គឺ​មាន​កីឡាករ​ខ្មែរ​២​រូប និង​ថៃ​២​រូប ។

សម្រាប់​ព្រឹ​តិ្ត​ការណ៍​«Ganzburg Top Fighter» ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​អប់រំ​កាយ និង​កីឡា​ខេត្តបាត់ដំបង ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា​យ៉ាក មេ​ក​ខា និង​កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភេ​ច ណាំ​អេក ។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​១៤៤​លើក ឈ្នះ​១២៥​លើក ចាញ់​១៤​លើក និង​ស្មើ​៥​លើក កីឡាករ​កម្ពុជា​យុគ យក្ស​ផ្លែ ត្រូវ​គេ​ជឿជាក់​ថា​នឹង​ឈ្នះ​ច្រើន​ជាង ដោយសារ​តែ​គូប្រកួត​របស់​លោក​ទើបតែ​ឡើង​ប្រកួត​បាន ៦៤​លើក ឈ្នះ​៤៩​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក​គឺ​ចាញ់​ប្រៀប​ដាក់​ឆ្ងាយ​គួរសម ។ មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​នៅ​តែ​ជឿជាក់​ថា​ កីឡាករ​របស់​គេ​នឹង​ធ្វើ​បាន​ល្អ ដោយ​លោក​បញ្ជាក់​ថា ថ្វី​ដ្បិតថា​គេ​ប្រកួត​តិច​ជាង ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង​ហើយ​មាន​កម្រិត​វាយលុក​ក៏​ល្អ​។ មិន​ខុស​គ្នា​ដែរ​ភាគី​ខាង​កីឡាករ​កម្ពុជា ក៏​ជឿជាក់​តែ​កូនសិស្ស​របស់​ខ្លួន​ផង​ដែរ។

ងាក​ទៅ​កាន់​គូ​ទី​២​វិញ កីឡាករ​ផា​ន់ គ្រាន់ ដែល​ធ្លាប់​ប្រកួត​បាន​៨០​លើក ឈ្នះ​៦៦​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា​នឹង​ទទួល​ជ័យជម្នះ​មិន​អន់​ផង​ដែរ បើ​ទោះជា​បានដឹង​ថា​ដៃគូ​របស់​ខ្លួន​ប្រកួត​បាន​ប្រហែល​គ្នា​គឺ​៧៩​លើក ឈ្នះ​៦៣​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក ។ នោះ​គឺ​ដោយសារ​តែ​យល់​ឃើញ​ថា​កីឡាករ​កម្ពុជា​នៅ​មាន​សមត្ថ​ភាពល្អ​ដែល​ប៉ះ​ជាមួយ​ថៃ​ប្រភេទ​នេះ ក៏​ជឿ​ថា គេ​អាច​ធ្វើ​បាន​។ គូ​នេះ​អ្នក​ឃ្លាំមើល​មួយ​ចំនួន​តូច​ពិបាក​បង្ហាញ​អារម្មណ៍​ទុកចិត្ត ជា​ពិសេស​នៅ​ពេល​ដឹង​ថា ផា​ន់ គ្រាន់ ពេល​ខ្លះ​ក៏​ធ្លាក់ដៃ ហើយ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។ ទោះបី​យ៉ាងណា ចំពោះ​លទ្ធផល​ជាក់ស្ដែង​គឺ​មាន​តែ​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ប៉ុណ្ណោះ​ទើប​អាច​ដឹង​បាន​។

សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​កីឡាករ​មាស ច័ន្ទ​មាន មក​ពី​ក្លិប​ក្រសួងការពារជាតិ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា ផា​យ៉ាក់ និង​កីឡា​ករ ផង់ សុភាព មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនគីរី ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផ្លា​យ ណ​យ ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​៤​រូប មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ផង​ដែរ ។ អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា ចាប់ពី​ម៉ោង​២​រសៀល​ទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ដំណើរការ​ប្រកួត​កន្លង​មក​រួច​ហើយ​សម្រាប់​កីឡាករ​កម្ពុជា និង​បរទេស​ទាំង​៨ ។ ឆ្លងកាត់​ការ​ប្រកួត​បាន​១១១​លើក ឈ្នះ​៨៥​លើក និង​ចាញ់​២៦​លើក មាស ច័ន្ទ​មាន ហាក់​មិន​មាន​សង្ឃឹម​ខ្ពស់​ប៉ុន្មាន​ទេ ថា​នឹង​យក​បាន​៣​ពិន្ទុ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​បាន​ឆ្លងកាត់​ការ​ប្រកួត​ដល់​១០២​លើក ឈ្នះ​៧៥​លើក ចាញ់​២៦​លើក និង​ស្មើ​១​លើក​។

សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​មួយគូ​ទៀត ផង់ សុភាព ធ្លាប់​ប្រកួត​បាន​៧២​លើក ឈ្នះ​៥៩​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ក៏​រឹតតែ​មិន​រំពឹង​ថា​នឹង​យក​បាន​៣​ពិន្ទុ​ដូច​គ្នា​ផង​ដែរ ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ជា​គូប្រកួត​ឡើង​រេញ​បាន​ដល់​១០២​លើក ឈ្នះ​៨០​លើក  ចាញ់​១៨​លើក និង​ស្មើ​៤​លើក ដែល​មើលទៅ​បទ​ពិសោធន៍​នេះ ក៏​ទំនង​មិន​ងាយ​ស៊ី​ផុយ​ៗ​ដែរ ៕