ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោ សំណាង និង ម៉ា ឆៃ​ម៉ូ​វ ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡោ សំណាង មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ និង​ម៉ា ឆៃ​ម៉ូ​វ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​នា​ថ្ងៃ​សៅរ៍​ទី​២៥ មិថុនា

រាជធានី​ភ្នំពេញ ៖  ឡោ សំណាង មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ និង​ម៉ា ឆៃ​ម៉ូ​វ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​នា​ថ្ងៃ​សៅរ៍​ទី​២៥ មិថុនា ស​ប្ដា​ហ៍​នេះ ។

ឡោ សំណាង គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​ល្បី​ខ្លាំង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​ធ្លាក់​កូដ​ជាង​មុន​ឆ្ងាយ​ណាស់ ដោយសារ​វ័យ​របស់​គេ​កាន់តែ​ជ្រេ រីឯ​កម្លាំង​ក៏​មិន​ខ្លាំង​ដូច​មុន​ទៀត​ដែរ​ទើប​មិន​អាច​បញ្ចេញ​ស្នៀត​ប្រយុទ្ធ​បាន​ល្អ ។ ជាក់ស្ដែង​ស្នៀត​កែង និង​ជង្គង់​នៅ​តែ​ប្រើ​ការ​បាន​ល្អ​គ្រាន់តែ​មិនសូវ​រហ័ស​រហូន​ប៉ុណ្ណោះ ។ ឡោ សំណាង ធ្លាប់​ប្រកួត​បាន​៨៨​ដង ក្នុង​នោះ​ចាញ់​តែ​៧​ដងគត់ និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១១​ដង ។ ប្រកួត​លើក​ចុង​ក្រោយ​គេ​បាន​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ ប៉ុន្តែ​លើក​នេះ​មិនដឹង​ថា​គេ​មានសំណាង​ដូច​មុន ឬ​អត់ ពេល​ជួប​កីឡាករ​ថៃ​ឈ្មោះ យុគ​ខាវ ស​.​ភ្លើន​ជី​ត ដែល​កាលពី​ថ្ងៃ​ទី​២៨ ឧសភា គេ​បាន​ផ្ដួល​កីឡាករ​កម្ពុជា​ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២​។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៦៦​ដង ឈ្នះ​៤៦​ដង ចាញ់​១៨​ដង ស្មើ​២​ដង  និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​តែ​១​ដងគត់ ។ គូ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែល​មិន​ទាន់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ឡើយ ព្រោះ​ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក ។

ចំណែក ម៉ា ឆៃ​ម៉ូ​វ ដែល​ជួប​កីឡាករ​ថៃ​ឈ្មោះ ភី​ត​ដាំ ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៨៣​គីឡូក្រាម ក៏​ជា​គូ​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ ។ ម៉ា ឆៃ​ម៉ូ​វ ក៏​ធ្លាប់​ជា​ជើង​ខ្លាំង​១​រូប​ក្នុង​ពិភព​ប្រដាល់​ដែរ ប៉ុន្តែ​ដោយសារ​ការ​បាត់​មុខ​យូរ​ពីលើ​សង្វៀន​បែប​នេះ ប្រហែលជា​មិន​ខ្លាំង​ដូច​មុន​ទៀត​ទេ​មើលទៅ ។ ម៉ា ឆៃ​ម៉ូ​វ ធ្លាប់​ប្រកួត​បាន​៤០​ដង ឈ្នះ​២៩​ដង ចាញ់​១០​ដង និង​ស្មើ​១​ដង ខណៈ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​១១០​ដង ឈ្នះ​៨០​ដង ចាញ់​២៥​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៥​ដង ។ កីឡា​ករ​​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេពី​មុន​មក ដូច្នេះ ម៉ា ឆៃ​ម៉ូ​វ មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ព្រំ វី មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ ឈុ​ន បញ្ញា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ លី​ន ជី មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ ហេង ពៅ មក​ពី​ក្លិប​កងពលតូច​លេខ​៧០៕