រាជធានីភ្នំពេញ ៖ កញ្ញា AriyaJutanugarn ហៅក្រៅ May គឺជាម្ចាស់ពានរង្វាន់វាយកូនគោលនារីអន្តរជាតិ (LPGA) ដែលជាប់លេខ១៣ក្នុងចំណោមកីឡាការិនីវាយកូនគោលអាជីពខ្លាំងបំផុតលើលោក ។ មានសញ្ជាតិថៃ កីឡាការិនីវាយកូនគោលរូបនេះ ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការប្រកួតអាជីពលើកដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកវាយកូនគោលនារី Yokohama Tire LPGA Classic ឆ្នាំ២០១៦កាលពីថ្ងៃទី៨ ឧសភា នៅរដ្ឋ Alabama សហរដ្ឋអាមេរិក ។
គ្រាន់តែពីរសប្តាហ៍បន្ទាប់ពីនាងបានឈ្នះជើងឯកពិភពលោកលើកដំបូងនាងទទួលបានជ័យជម្នះដ៏សំខាន់មួយទៀតនៅក្នុងការប្រកួតវាយកូនគោលនារី Kingsmill LPGA Championship ។ ភាពល្បីល្បាញរបស់នាងកើនឡើងទ្វេដងនៅពេលនាងឈ្នះការប្រកួតទីបីក្នុងព្រឹត្តិការណ៍ Volvik Championship ដែលនាងបានយកឈ្នះកីឡាការិនីអាមេរិក Christina Kim ។
កញ្ញា May បានបំបែកកំណត់ត្រាថ្មីសម្រាប់ប្រទេសថៃ ក្នុងនាមជាកីឡាការិនីវាយកូនគោលថៃដំបូងគេដែលបានឈ្នះការប្រកួតពានរង្វាន់អាជីពនៅក្របខ័ណ្ឌ LPGA ។ បន្ថែមពីនេះ ចាប់ពី២០១៣មក May គឺជាកីឡាការិនីវាយកូនគោលដំបូងគេដែលបានឈ្នះការប្រកួតជើងឯកបីជាប់គ្នា ដែលម្ចាស់កំណត់ត្រានេះកាលពីមុន គឺកញ្ញា Inbee Park អតីតកីឡាការិនីវាយកូនគោលកូរ៉េលេខ១លើពិភពលោក ។
ជាមួយនឹងជ័យជម្នះចុងក្រោយរបស់នាងនៅក្នុងការប្រកួត Volvik Championship នាងបាននិយាយថា ការប្រកួតនេះ ខុសពីការប្រកួតជើងឯកមុនៗដែលនាងបានឈ្នះ គឺនាងរីករាយនឹងការវាយកូនគោលរបស់នាងច្រើនជាងមុន ។
កញ្ញា May បាននិយាយថា៖«ការប្រកួតនីមួយៗ គឺមានលក្ខណៈពិសេសផ្សេងៗគ្នាសម្រាប់ខ្ញុំ ។ នៅពេលដែលខ្ញុំបានឈ្នះតំណែងជើងឯកជាលើកដំបូង ខ្ញុំមានអារម្មណ៍ថាខ្ញុំបានយកឈ្នះលើឧបសគ្គដ៏ធំមួយហើយ ។ នៅក្នុងការប្រកួតលើកទីពីរខ្ញុំឈ្នះទៀត ហើយខ្ញុំពិតជាសប្បាយចិត្តមែនទែន ។ នៅក្នុងការប្រកួតចុងក្រោយនេះ មានមនុស្សជាច្រើនរំពឹងថា ខ្ញុំអាចនឹងឈ្នះការប្រកួតបីលើកជាប់គ្នា ។ ខ្ញុំសង្ឃឹមថា មិនធ្វើឲ្យពួកគេខកចិត្ត ហើយខ្ញុំក៏ពិតជាអាចយកឈ្នះដៃគូប្រកួតរបស់ខ្ញុំបានមែន។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់» ។
នៅពេលអ្នកសារព័ត៌មានសួរថា តើការប្រកួតណាមួយដែលពិបាកបំផុតសម្រាប់កញ្ញា0x017d7កញ្ញាMay បានឱ្យដឹងថា គឺការប្រកួតជើងឯកលើកទី១ព្រោះនាងបានដាក់សម្ពាធខ្លួនឯងថាត្រូវលេងឲ្យបានល្អ ។ នាងមានអារម្មណ៍ភ័យខ្លាចនិងដាក់សម្ពាធលើខ្លួនឯងជាច្រើន ព្រោះជាការប្រកួតអាជីពលើកទីមួយ ។ ចុងក្រោយ នាងក៏អាចធ្វើបានសម្រេច ។
នៅពេលនិយាយពីផែនការបន្ទាប់ទៀត នាងបាននិយាយថា៖«អ្វីដែលខ្ញុំត្រូវផ្តោតគឺសម្រិតសម្រាំងសមត្ថភាពបន្ថែមទៀត ដើម្បីបន្ថយកំហុសរបស់ខ្ញុំឲ្យនៅអប្បបរមា និងបំបាត់អារម្មណ៍ភ័យព្រួយនៅពេលលេង ។ នៅក្នុងការប្រកួត Volvik Championship ខ្ញុំមានការព្រួយបារម្ភច្រើន ដោយសារតែតារាងនោះមានលក្ខណៈលំបាកសម្រាប់ខ្ញុំ ។ ខ្ញុំបានគិតថា ខ្ញុំប្រហែលជាមិនអាចឈ្នះការប្រកួតនោះទេ» ៕
ចែករំលែកព័តមាននេះ