យោងតាមវេជ្ជបណ្ឌិតជំនាញបានឱ្យដឹងថា ករណីថ្មីៗនៃជំងឺក្រួសក្នុងតម្រងនោមដែលកើតមានៅលើមនុស្សរាប់ពាន់រាប់ម៉ឺននាក់ក្នុង១ឆ្នាំៗបង្កឡើងដោយភាពព្រងើយកន្តើយ ឬការបដិសេធនូវភាពចាំបាច់ក្នុងការទទួលទានទឹកមួយថ្ងៃឱ្យបាន៣លីត្រ ។
Bhaskar Somani វេជ្ជបណ្ឌិតឯកទេសខាងវះកាត់នៅមន្ទីរពេទ្យ Southampton General Hospital បានថ្លែងថា កង្វះខាតការយល់ដឹងអំពីគ្រោះថ្នាក់ទាំងឡាយដែលបណ្តាលមកពីការខ្វះជាតិទឹក គឺជាផ្នែកមួយយ៉ាងសំខាន់ដែលទទួលខុសត្រូវលើកំណើនអ្នកកើតជំងឺក្រួសក្នុងតម្រងនោមប្រចាំឆ្នាំ ដោយក្នុងនោះរាប់ទាំងមនុស្សវ័យក្មេងផងដែរ ។ លោកបន្តថា ចំនួនអ្នកទៅកាន់មន្ទីរពេទ្យ ដោយសារក្រួសក្នុងតម្រងនោមបានកើនឡើងជារៀងរាល់ឆ្នាំរវាងពី៥%ទៅ១០% ។ រយៈពេលជាង១០ឆ្នាំកន្លងមកនេះសម្រាប់តែចក្រភពអង់គ្លេស ចំនួនអ្នកចូលមន្ទីរពេទ្យដោយបញ្ហាគ្រោះថ្នាក់តម្រងនោមបានកើនឡើងដល់៦៣% ពោលគឺច្រើនជាង៨ម៉ឺននាក់ ។ មធ្យោបាយល្អបំផុតដើម្បីទប់ស្កាត់បញ្ហាក្រួសក្នុងតម្រងនោមគឺផ្លាស់ប្តូរបែបបទរស់នៅ របបអាហារ និងបន្ថែមការទទួលទានវត្ថុរាវ ។
ក្រួសក្នុងតម្រងនោមកើតមាននៅពេលគ្រីស្តាល់របស់អំបិលប្រមូលផ្តុំគ្នាបានទៅជាដុំហើយមិនអាចបញ្ចេញមកក្រៅបានដោយការខ្វះជាតិទឹក ហើយជារឿយៗដុំទាំងនេះស្ថិតនៅក្នុងបំពង់ប្រព័ន្ធទឹកនោម ។ វាអាចបណ្តាលឱ្យឈឺចាប់ក្រលៀន និងក្នុងពោះយ៉ាងខ្លាំង។ ស្ទើរគ្រប់ករណី បញ្ហានេះអាចដោះស្រាយបានតាមរយៈតែការវះកាត់ប៉ុណ្ណោះ ។ ក្រួសក្នុងតម្រងនោមភាគច្រើនកើតលើមនុស្សវ័យ៣០ទៅ៦០ឆ្នាំ ។ បុរសមានអត្រាកើតជំងឺនេះមានប្រមាណពី១០ទៅ២០% ខណៈស្ត្រីអត្រាកើតមានពី៣%ទៅ៥%ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ