ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍បន្តទៀតថា ករណីនារីម្នាក់ដែលត្រូវជនជាតិថៃ៣នាក់ ចាប់អូសនាងដាក់រថយន្តនោះ គឺជាករណីត្រូវរ៉ូវគ្នាទេ រវាងនារីរងគ្រោះនិងបុរសថៃម្នាក់ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ហើយត្រូវប្តីនារីរងគ្រោះប្តឹងសមត្ថកិច្ចទាំងអស់ឱ្យជួយតាមរកប្រពន្ធខ្លួន ក៏ត្រូវរកឃើញពួកគេ ស្ថិតក្នុងរីសតមួយកន្លែង ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា កាលពីរសៀលថ្ងៃទី០៤ ឧសភា ២០១៦ ដោយត្រូវនារីរងគ្រោះចោទបុរសថៃនោះថា បានចាប់រំលោភនាង ។
ប្រភពបន្តថា បុរសថៃជាប់ចោទខាងលើឈ្មោះវ៉ា យុអាប់សន អាយុ៤០ឆ្នាំ ជាជាងកាត់កញ្ចក់ មានទីលំនៅក្នុងខេត្តប្រាក់ជួប ។ ចំណែកនារីរងគ្រោះឈ្មោះជ័យ សុផន អាយុ២៧ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅផ្សាររុងក្លឿ ស្រុកអារញ្ញា ខេត្តស្រះកែវ មានទីលំនៅ
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីឃាត់ខ្លួនត្រូវបុរសថៃអះអាងនៅមុខតម្រួតថា ខ្លួនមិនបានបង្ខិតបង្ខំទេ គឺមានការត្រូវរ៉ូវគ្នា ព្រោះពួកគេបានលួចលាក់ស្រឡាញ់គ្នាយូរហើយ ។ តែទោះបីជាយ៉ាងណា ភាគីនារីរងគ្រោះនៅតែប្រកែកថា មិនបានមានទំនាក់ទំនងស្នេហាអ្វីនោះទេ ដោយគ្រាន់តែខ្លួន ជាអ្នកលក់ដូរនិយាយរាប់អានគ្នាធម្មតា ។ ចំណែកប្តីនារីរងគ្រោះ គេសង្កេតឃើញមានតែយំអោបកូនតូចប៉ុណ្ណោះ នៅពេលដែលដឹងថា ប្រពន្ធត្រូវគេរួមដំណេកជាមួយ ។
គួររំលឹកថា កាលម៉ោងជិត០៣រសៀលថ្ងៃទី០៣ឧសភា ២០១៦ ជនសង្ស័យជាជនជាតិថៃ បានបើករថយន្តមួយគ្រឿងមកចាប់ស្ត្រីខ្មែរ ជាអាជីវករលក់ភេសជ្ជៈ ពីម្តុំផ្លូវសាលាដែងក្រោយហាងអឹមអឹម ក្នុងផ្សាររុងក្លឿយកទៅបាត់ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល បន្ទាប់ពីនាងដង្ហោយស្រែកថា ជួយផង! ។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះជ័យ សុផន អាយុ២៧ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅផ្សាររុងក្លឿ ស្រុកអារញ្ញា ខេត្តស្រះកែវ មានទីលំនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពឱ្យដឹងទៀតថា ដំបូងគេឃើញជនសង្ស័យ២នាក់ បើករថយន្តម៉ាកអ៊ីស្សុយស្សុយ ពណ៌ខៀវ មិនស្គាល់ស្លាកលេខមួយគ្រឿងមកឈប់ចតក្បែរស្ត្រីរងគ្រោះ ហើយនិយាយជជែកលេង បន្ទាប់មកនាំគ្នាឡើងរថយន្តវិញ ហើយហៅនាងឱ្យយកទឹក១ដបទៅ
ឱ្យ។ ឆ្លៀតឱកាសនោះ ជនសង្ស័យបានចាប់អូសដៃនាងរងគ្រោះឡើងរថយន្តដឹកចេញទៅបាត់ ។ ដំបូងគ្រប់គ្នាស្មានថា នាងនិងក្រុមជនសង្ស័យធ្វើលេងសើចទេ ទាល់តែមានសំឡេងស្ត្រីរងគ្រោះស្រែកថា «ជួយផងៗ» ទើបមានការភ្ញាក់ផ្អើលឈុល តែហួសពេលទៅហើយ ព្រោះរថយន្តបានបើកចេញយ៉ាងលឿនទៅបាត់ ។
ក្រោយហេតុការណ៍កើតឡើង មានប្រភពថា ប្តីស្ត្រីរងគ្រោះឈ្មោះសាន់ វិទូ អាយុ២៧ឆ្នាំ បានរត់រកការអន្តរាគមន៍ទៅសមត្ថកិច្ចថៃដើម្បីឱ្យជួយប្រពន្ធខ្លួន ។
យ៉ាងណាក៏ដោយ បើតាមប្រភពរបាយការណ៍ពីថៃ យោងសម្តីអ្នកឃើញហេតុការប្រាប់ថា មុនហេតុការណ៍កើតឡើង៥ ទៅ៦ថ្ងៃជនសង្ស័យបានព្យាយាមមកលេងជាមួយស្ត្រីរងគ្រោះ តែនាងមិនបានគិតដល់រឿងផ្សេង គ្រាន់តែលក់ដូរធម្មតា ព្រោះនាងមានប្តីនិងកូន១ អាយុ៦ឆ្នាំទៅហើយ ។ ករណីខាងលើ អ្នកឃើញហេតុការណ៍យល់ថា ទំនងជាជនសង្ស័យខឹងខំញ៉ែ តែនាងមិនព្រមស្រឡាញ់ ទើបហៅបក្សពួកមកចាប់ដាក់រថយន្តយកទៅបាត់ ។
ប្រភពប្រាប់ថា ប្តីស្ត្រីរងគ្រោះមិនបានឃើញគេចាប់ប្រពន្ធដាក់រថយន្តយកទៅបាត់នោះទេ គេរវល់ទៅធ្វើជាកម្មករលើកដាក់អីវ៉ាន់ឱ្យគេនៅកន្លែងផ្សេងមួយទៀត ។ តែក្រោយពីមានអ្នកដឹងហេតុការណ៍ទូរស័ព្ទប្រាប់ថា មានគេចាប់ប្រពន្ធខ្លួន ក៏ប្រញាប់ទៅដល់កន្លែងកើតហេតុដែរ តែហួសពេលបាត់ទៅហើយ ។
ប្រភពថា បុរសជាប្តីបានអង្វរសមត្ថកិច្ចថៃឱ្យជួយស្កាត់រករថយន្តជនសង្ស័យ ដើម្បីជួយប្រពន្ធខ្លួន ហើយអង្វរសុំកុំឱ្យគេធ្វើបាបប្រពន្ធខ្លួន ។ ជុំវិញប្រភពព័ត៌មានខាងលើ កោះសន្តិភាពបានទាក់ទំនាក់ទំនងទៅមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែមន្ត្រីនៅទីនោះប្រាប់ថា មិនបានដឹងពីបញ្ហាខាងលើទេ ។
ចែករំលែកព័តមាននេះ