ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល​ជើង​ខ្លាំង​កម្ពុជា​-​ថៃ​៤​គូ​ប៉ះ​គ្នា​នៅ​លើ​រេញ SEA-TV

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍ នៅ​ថ្ងៃអាទិត្យ​ទី​១ ខែឧសភា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA-TV) ក៏​មាន​បើក​ការ​ប្រកួត​រវាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា និង​កីឡាករ​ថៃ​ចំនួន​៤​គូ​ផង​ដែរ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍ នៅ​ថ្ងៃអាទិត្យ​ទី​១ ខែឧសភា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA-TV) ក៏​មាន​បើក​ការ​ប្រកួត​រវាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា និង​កីឡាករ​ថៃ​ចំនួន​៤​គូ​ផង​ដែរ ដែល​ជា​ការ​ប្រកួត​អន្តរជាតិ​បើក​ឆាក​សម្រាប់​ខែ​ថ្មី ។ ការ​ប្រកួត​របស់​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​២​ផ្សេង​គ្នា ដោយ​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នីមួយ​ៗ​ត្រូវ​គេ​កត់​សម្គាល់ថា នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ក្នុង​ចំណោម​អ្នក​ស្នេហា​ប្រដាល់​មិន​អន់​នោះ​ទេ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​រួម​មានការ​ប្រកួត​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៨​នៅ​ក្នុង​ព្រឹត្តិការណ៍ Ganzburg Top Fighter មានការ​ប្រកួត​អន្តរជាតិ​២​គូ និង​ការ​ប្រកួត​ពេល​រសៀល​ចាប់ពី​ម៉ោង​២​តទៅ​ក៏​មានការ​ប្រកួត​អន្តរជាតិ​២​គូ​ផង​ដែរ នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​ជើងឯក​របស់ Cambodia  Beer ។ សមាសភាព​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ទាំង​៨​រូប​នោះ​រួម​មាន កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ភេ​ច​ង៉ា​ម និង​កីឡាករ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អា​នុ វ៉ា​ត់ ។ អ្នក​ទាំង​៤​នឹង​ស្វាគមន៍​គ្នា​នៅ​ព្រឹកស្អែក ដោយ​ភាគី​ម្ខាង​ៗ​មានការ​រំពឹង​ថា ខ្លួន​នឹង​ឈ្នះ​ការ​ប្រកួត ។

សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​៦៩​លើក ឈ្នះ​៥៧​លើក និង​ចាញ់​១២​លើក កីឡាករ សេក គឹ​ម​រួន ហាក់​មាន​ទុន​ច្រើន​គួរសម​សម្រាប់​ជំនឿ​ចិត្ត​ឆ្ពោះទៅ​យកជ័យ​ជម្នះ​លើ​គូប្រកួត​កីឡាករ​ថៃ​ដែល​ទើបតែ​ប្រកួត​បាន​៥៥​លើក ឈ្នះ​៤៦​លើក ចាញ់​៨​លើក និង​ស្មើ​១​លើក ។ ទោះបី​យ៉ាងណា មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​ក៏​មាន​ជំនឿ​ចិត្ត​ទៅ​លើ​កីឡាករ យ៉​ត ភេ​ច​ង៉ា​ម ដូច​គ្នា ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន ប៉ុន្តែ​សមត្ថភាព​ខ្លាំង ហើយ​មាន​កម្រិត​វាយលុក​បាន​ល្អ ។ មិន​ខុស​គ្នា​ដែរ កីឡាករ សូត្រ ប៊ុ​ន​ធី ដែល​ធ្លាប់​ប្រកួត​បាន​៧២​លើក ឈ្នះ​៦២​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា​នឹង​ទទួល​ជ័យជម្នះ​ផង​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​ដល់​១០៥​លើក ឈ្នះ​៨៥​លើក ចាញ់​១៦​លើក និង​ស្មើ​៤​លើក ដែល​មាន​ន័យ​ថា កីឡាករ​ថៃ​មានបទពិសោធន៍​ឡើង​រេញ​ច្រើន​ជាង​ដាច់​ឆ្ងាយ ។ គូ​នេះ​អ្នក​ឃ្លាំមើល​ទុកចិត្ត​កីឡាករ​ថៃ ប៉ុន្តែ​លោក ស៊ុន ប៊ុ​ន​សូត្រ ជា​គ្រូបង្វឹក​បាន​យល់​ឃើញ​ថា កីឡាករ សូត្រ ប៊ុ​ន​ធី ជា​កូនសិស្ស​របស់​លោក​នឹង​អាច​ទៅ​រួច​សម្រាប់​ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ។ ចាំ​មើល​លទ្ធផល​ផ្លែផ្កា​ជាក់ស្ដែង​បាន​ទៅ​កីឡាករ​កម្ពុជា ឬ​កីឡាករ​ថៃ ?

សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត​រួម​មាន​កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​អប់រំ​កាយ និង​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា យ៉ា​ណ​ន់  និង​កីឡាករ ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កាំ​ឡៃ ភី​ត ។ អ្នក​ទាំង​៤​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​រសៀល​ថ្ងៃអាទិត្យ ដោយ​អ្នក​ស្នេហា​ប្រដាល់​ភាគច្រើន​ហាក់​មិន​ហ៊ាន​ទុកចិត្ត​ថា​ភាគី​ណាមួយ​នឹង​ឈ្នះ​នោះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែ​ល្អ​ដូច​គ្នា ។ កីឡាករ​យុគ យក្ស​ផ្លែ ធ្លាប់​ប្រកួត​បាន​១៤២​លើក ឈ្នះ​១២៣​លើក ចាញ់​១៤​លើក និង​ស្មើ​៥​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​តែ​៩២​លើក ឈ្នះ​៧៦​លើក និង​ចាញ់​១៦​លើក ។ មួយគូ​ចុង​ក្រោយ គឺ​ព្រំ សំណាង ធ្លាប់​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៧​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​ដល់​៩៩​លើក ឈ្នះ​៧៩​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក ។ អ៊ីចឹង​ហើយ ទើប​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ភាគច្រើន​ហាក់​មិនសូវ​ទុកចិត្ត​សម្រាប់​ជ័យជម្នះ បើ​ទោះជា​យុគ យក្ស​ផ្លែ មើលទៅ​មានបទពិសោធន៍​ខ្ពស់​ជាង​គូប្រកួត​ល្អ​ជាង​ព្រំ សំណាង​បន្តិច​ក្ដី ៕