រាជធានីភ្នំពេញ ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាធិការថេរសភាសង្ឃ ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាឧត្ដមប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជទទួលបន្ទុកផ្នែកក្រុមប្រឹក្សាព្រះវិន័យ និងរដ្ឋបាល បានយាងទៅសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់នាយទាហាន ពលទាហានដែលកំពុងការពារបូរណភាពទឹកដីនៅតាមព្រំដែនប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ឧសភា កន្លងមកនេះ ។
នៅថ្ងៃទី៧ ឧសភា សម្ដេចព្រះឧត្ដមវង្សា មួង រ៉ា នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់នាយទាហាន ពលទាហានដែលឈរជើងនៅប្រាសាទតាមាន់ និងនៅថ្ងៃទី៨ ឧសភា បានយាងទៅសួរសុខទុក្ខនិងចែកអំណោយដល់នាយទាហាន ពលទាហាន ដែលកំពុងឈរជើងនៅប្រាសាទព្រះវិហារ ។
សម្ដេចព្រះឧត្ដមវង្សា មួង រ៉ា ជានិច្ចកាលតែងតែយកព្រះទ័យទុកដាក់ដល់នាយទាហាន ពលទាហានដែលឈរជើងនៅតាមព្រំដែនដើម្បីការពារបូរណភាពទឹកដី ។ មិនតែប៉ុណ្ណោះសម្ដេចតែងតែជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជួបការលំបាកខ្វះខាតនៅក្នុងស្រុកពញាឮ និងទូទាំងប្រទេសទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។
អំណោយដែលសម្តេចព្រះឧត្តមវង្សាមួង រ៉ា យកទៅចែកជូននាយទាហាន ពលទាហាននៅប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ រួមមានកំសៀវ, ឆ្នាំង, ធុងទឹកកក, ផ្តិលទឹក, ខ្ទះ, ចានដែកធំ, ចានដែកតូច, ស្លាបព្រា, ចានទាប, វែក, ភួយ, ខ្នើយ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីប្រឡាក់, មីកញ្ចប់, ទឹកដោះគោ, តែ, ទឹកបរិសុទ្ធ, ទឹកក្រួច និងត្រីខ សរុបជាទឹកប្រាក់អស់ចំនួន៨៤.០២៧.០០០រៀល ក្នុងនោះមានលោក សោម ចន្ទតារា និងភរិយា ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក បានជួយឧបត្ថម្ភចំនួន៦ពាន់ដុល្លារអាមេរិកផងដែរ ៕
ចែករំលែកព័តមាននេះ