រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប៉េតង់រើសជើងឯកអាស៊ីលើកទី១៩ ឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៧ ធ្នូ មកដល់យប់ថ្ងៃទី១៩ ធ្នូ បានបញ្ចប់ជាស្ថាពរហើយ ។ ពិធីបិទការប្រកួតស្ថិតក្រោមអធិបតីភាពលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនោះ បានត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ តាមរយៈលទ្ធផលមេដាយដណ្ដើមបានមាន មាស១គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៥គ្រឿង បន្ទាប់ពីប្រទេសថៃចំណាត់ថ្នាក់លេខ១ ដណ្ដើមបានមេដាយមាស៤គ្រឿង និងសំរឹទ្ធ៣គ្រឿង ។ ចំណែកកោះតៃវ៉ាន់ចំណាត់ថ្នាក់លេខ៣ ដណ្ដើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុផ្នែកយុវជន ។
មេដាយមាស១គ្រឿងដែលកម្ពុជាដណ្ដើមបាននោះលើវិញ្ញាសាវាយយកពិន្ទុដូចគ្នាផ្នែកបុរសដែលរកបានដោយកីឡាករសុខ ចាន់មាន។ សម្រាប់ការប្រកួតលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារីវិញនោះ កីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក២ជំនាន់ជាប់គ្នានោះ បានត្រឹមដណ្ដើមបានមេដាយសំរឹទ្ធប៉ុណ្ណោះ ។ ចំណែកវិញ្ញាសាប្រកួត៣នាក់ ទល់នឹង៣នាក់ផ្នែកយុវជននិងផ្នែកនារី កម្ពុជាដណ្ដើមបានមេដាយប្រាក់ ខណៈមេដាយមាសបានទៅលើថៃទាំងអស់ ។ ដោយឡែកវិញ្ញាសាប្រកួត៣នាក់ទល់នឹង៣នាក់ផ្នែកបុរស កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធប៉ុណ្ណោះ ។
គួររំលឹកថា កាលពីឆ្នាំ២០០៣កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ប្រកួតរើសជើងឯកអាស៊ីដូចគ្នា កម្ពុជាដណ្ដើមបានមេដាយមាស៤ជាប់ចំណាត់ថ្នាក់លេខ១ ប៉ុន្តែលើកនេះកម្ពុជាធ្លាក់មកនៅក្នុងចំណាត់ថ្នាក់លេខ២វិញ ។ ទោះជាយ៉ាងណា សម្រាប់ការប្រកួតលើកនេះ កម្ពុជាធ្វើបានល្អជាងលើកមុន ។ ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការស្នាក់នៅ ហូបចុក និងបានបង្កលក្ខណៈងាយស្រួលជាច្រើនទៀតដល់ប្រតិភូកីឡាគ្រប់ប្រទេសដែលមកចូលរួមយ៉ាងកក់ក្ដៅបំផុត ។ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងការកោតសរសើរដល់មន្ត្រីថ្នាក់ដឹកនាំប្រតិភូកីឡាមកពីបណ្ដាប្រទេសទាំងអស់ដែលបានសហការគ្នាយ៉ាងល្អធ្វើឱ្យការប្រកួតមានសភាពរលូនចាប់តាំងពីដើមដល់ចប់ ៕
ចែករំលែកព័តមាននេះ