រាជធានីភ្នំពេញ ៖ ការប្រកួតជម្រុះបើកឆាកសប្ដាហ៍ទី១ នៅក្នុងព្រឹត្តិការណ៍ «ជើងឯកTiffy Super Fight វគ្គ២ »ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម បានចាប់ផ្ដើមហើយ កាលពីយប់ថ្ងៃទី១៣ ធ្នូ នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ កីឡាករ ពេជ្រ ម្ទេសខ្មាំង ជាអ្នកឡើងអង្គុយកៅអី១៦នាក់មុនគេក្នុងចំណោម៣២នាក់ ដែលត្រូវកំណត់ឱ្យប្រកួតគ្នាចាញ់ធ្លាក់ៗ ។ ទោះបីយ៉ាងណា លទ្ធផលដែលគេក្ដោបក្ដាប់ គឺស្ថិតក្នុងភាពចម្រូងចម្រាសបំផុត ដោយសារតែមានបញ្ហាលេចឡើង ។
ព្រឹត្តិការណ៍ «ជើងឯក Tiffy Super Fight វគ្គ២» ដែលទើបដំណើរការនេះ ត្រូវគេកត់សម្គាល់ថា សមាសភាពចូលរួមសុទ្ធតែជាកីឡាករល្អ និងល្បីឈ្មោះភាគច្រើននៅក្នុងពិភពប្រដាល់ ។ ជាក់ស្ដែងវត្តមានរបស់កីឡាករ៤រូប ដែលឡើងប្រកួតគ្នាចាញ់ធ្លាក់ៗកាលពីយប់ម្សិលម្ង៉ៃ ក្រៅពីមានបទពិសោធន៍ខ្ពស់ហើយគឺល្បីទៀតផង ដោយមួយចំនួនក៏ធ្លាប់ឡើងប្រកួតគូអន្តរជាតិ ។ អ៊ីចឹងហើយទើបសភាពមិនប្រក្រតីដែលបានកើតឡើងសម្រាប់គូបើកឆាកជើងឯក គឺមានការកត់សម្គាល់ភាគច្រើន។
កីឡាករពេជ្រ ម្ទេសខ្មាំង មកពីក្លិបអារុណរះកីឡា គឺជាគូទី១ដែលខាងគណៈកម្មការប្រដាល់រៀបចំឲ្យឡើងប្រកួតជាមួយកីឡាករគឿន សុខហេង មកពីក្លិបមកុដរាជសីហ៍។ អ្នកទាំងពីរល្បីឈ្មោះក្នុងពិភពប្រដាល់ខុសគ្នា ប៉ុន្តែអ្វីដែលជាចំណុចរួម គឺពួកគេឈានឡើងក្នុងតំណែងជាកីឡាករល្អដូចគ្នានៅលើសង្វៀននាពេលចុងក្រោយ ។
យ៉ាងណាក៏ដោយ កីឡាករម្ទេសខ្មាំង ត្រូវគេមើលឃើញពីសន្ទុះវាយលុកល្អជាងដាច់ឆ្ងាយ បើទោះជាកីឡាករបង្គោលខៀវក៏ជាជើងខ្លាំងដែរ ។ ទាំងជើងទាំងដៃ កីឡាករគឿន សុខហេង ទប់មិនជាប់ជាមួយបង្គោលក្រហមនោះទេ ដោយសភាពក្នុងការវាយលុកគឺច្បាស់ណាស់ថាគេនឹងធ្លាក់មិនអាចឈានទៅវគ្គ១៦នាក់នោះផង ។
ជាមួយនឹងឱកាសបាត់បង់ជំហានបន្តនៅនឹងមុខនោះហើយ ដែលកីឡាករ គឿន សុខហេង ត្រូវគេចោទថា ធ្វើពុត បន្ទាប់ពីបង្គោលក្រហមទាត់ត្រូវប្រដាប់ការពារដោយអចេតនា ។ ទោះមានការពន្យារពេលរាប់ និងមានការព្រមានពីមន្ត្រីផ្នែកវិន័យប្រចាំសហព័ន្ធប្រដាល់ ក៏កីឡាកររូបនេះនៅតែននៀលលើរេញ ហើយមិនព្រមងើបឡើងប្រកួតបន្តដែលនាំឲ្យគណៈកម្មការប្រកាសថាជាទង្វើស៊ីឡាក។
លោករាជ សូផែន មន្ត្រីទទួលបន្ទុកផ្នែកវិន័យប្រចាំនៅក្នុងសហព័ន្ធប្រដាល់ បានប្រកាសថា សភាពទាត់ត្រូវរបស់ពេជ្រ ម្ទេសខ្មាំង មិនអាចបណ្ដាលឲ្យគឿន សុខហេង ចុកចាប់ដល់ថ្នាក់ក្រោកមិនរួចក្រោយការសម្រួល និងពន្យារពេលនោះទេ ។ លោកចាត់ទុកថានោះជាទង្វើស៊ីឡាក និងប្រកាសឲ្យចាញ់នៅដើមទឹកទី២ ដោយសារតែគេមិនព្រមក្រោកបន្តការប្រកួត ។ មានការអះអាងថា ប្រធានក្លិបមកុដរាជសីហ៍បានដាក់ពាក្យបណ្ដឹងទៅសហព័ន្ធប្រដាល់ ដោយចោទថា មន្ត្រីសហព័ន្ធបំពេញការងារខុសបច្ចេកទេសហើយកាត់ក្ដីដោយមិនយុត្តិធម៌ ។
យ៉ាងណាក៏ដោយ លោកសេង កដិការ អ្នករៀបចំការប្រកួតបានអះអាងថា លោក និងមន្ត្រីសហព័ន្ធប្រដាល់បានត្រៀមខ្លួនទទួលដោះស្រាយចំពោះការចោទប្រកាន់នោះហើយ។ លោកនិយាយថា៖«ឥឡូវហ្នឹងខាងសហព័ន្ធថាគេប្ដឹងហើយ ប៉ុន្តែយើងមានច្បាប់របស់យើង ព្រោះយើងមានភស្ដុតាងចំពោះរឿងហ្នឹង ។ ម្យ៉ាងបើអាខៀវត្រូវគេវាយចំប្រដាប់ការពារដល់ថ្នាក់ចុកមែន វាមិនដែលឲ្យសម្រាកដល់ទៅ៥នាទី ហើយឲ្យពេទ្យទៅសម្រួលផងនៅតែក្រោកមិនរួចនោះទេ ព្រោះវីដេអូបង្ហាញច្បាស់ហើយថាវាអត់ធ្ងន់!» ។ លោកថានេះជាករណីទី១ ដែលប៉ុស្ដិ៍លេខ៥បានជួបប្រទះ ប៉ុន្តែមិនទាន់ដឹងថា ចំណាត់ការដោះស្រាយនឹងមានលទ្ធផលយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយលោកថាកីឡាករពេជ្រ ម្ទេសខ្មាំង នៅតែកំណត់ថាឈ្នះការប្រកួត ហើយឡើងអង្គុយកៅអី១៦នាក់មុនគេ ដោយគ្មានការសើរើនោះទេ បើទោះករណីចម្រូងចម្រាសរវាងមន្ត្រីសហព័ន្ធ និងក្លិបរបស់កីឡាករគឿន សុខហេង ស្ថិតក្នុងការដោះស្រាយមិនទាន់ចប់។
សម្រាប់មួយគូទៀតដែលដណ្ដើមជើងឯកនៅក្នុងព្រឹត្តិការណ៍នេះដូចគ្នា កីឡាករ គុណ សំណង មកពីក្លិបគីសែមានរិទ្ធិអាជ្ញាធរជាតិអាវុធគីមី ជាអ្នកឈ្នះ ហើយបានឡើងទៅវគ្គ១៦នាក់ បន្ទាប់ពីផ្ដួលកីឡាករជើងខ្លាំងមកពីក្លិប ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ឈ្មោះ សុខ ទូ ឱ្យសន្លប់ក្នុងទឹកទី២ ៕
ចែករំលែកព័តមាននេះ