រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសស្រាល ដោយបានលោតចេញពីម៉ូតូទាន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំដឹកដីដឹកថ្មីម៉ាកហ៊ីណូបុកម៉ូតូគុបមូលពីក្រោយហើយរអិលថយក្រោយកិនបន្ថែមទៀតកាលពីវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃទី៧ ធ្នូ ២០១៥ នៅបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធីកែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ កុសល អាយុ៣២ឆ្នាំ ជាជាងសំណង់ ស្នាក់នៅផ្ទះជួលនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណត់នៅភូមិព្រៃសំរោង ឃុំព្រៃពត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូម៉ាកគុបមូល ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ-៨៩៧២ ស.រ១ ជិះគ្នា៣នាក់ ចំណែក២នាក់បានរងរបួសស្រាល ដោយបានលោតចេញពីម៉ូតូទាន់ រីឯរថយន្តដឹកដីម៉ាកហ៊ីណូ មានក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៧០៤៥ បើកបរដោយបុរសម្នាក់ និងព្រួឡានម្នាក់ បានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។
ប្រភពព័ត៌មានបានអោយដឹងទៀតថា មុនពេលកើតហេតុគេឃើញ រថយន្តដឹកដីធុនធំម៉ាកហ៊ីណូបានធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឫទ្ឋីក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកកន្លែងកើតហេតុក៏បានបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខក៏ជ្រុលចង្កូតទៅបុកម៉ូតូគុបមូល ពណ៌ទឹកប៊ិចពីក្រោយបណ្តាលអោយម៉ូតូដួល ហើយខណៈពេលនោះដោយសារផ្លូវឡើងទួលរថយន្តក៏រអិលថយក្រោយវិញកិនបុរសអ្នកបើកម៉ូតូចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះទាំងអ្នកបើកបររថយន្ត និងព្រូឡានបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍បានចុះទៅវាស់វែង និងនាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ