រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៤ បើគិតជាមធ្យមក្នុង១ថ្ងៃមានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៤នាក់ស្លាប់ ។ មូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០២៤ច្រើនជាងគេ គឺកត្តាល្បឿន និងការមិនគោរពសិទ្ធិអាទិភាព ។
តាមរបាយការណ៍ដែលបង្ហាញឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្កនាំ២០២៤ ឯកឧត្តម ផន រឹម បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០២៤ គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ កើតឡើងចំនួន ២ ៨៤៤លើកបណ្ដាលឲ្យស្លាប់ចំនួន ១ ៥០៩នាក់ ជាមធ្យមស្លាប់៤នាក់/ថ្ងៃ របួសធ្ងន់ចំនួន ២ ២៧៣នាក់ និងរបួសស្រាល ១ ៤៤៧នាក់ ។
ក្នុងចំណោមអ្នករងគ្រោះ គឺមិនពាក់មួកសុវត្ថិភាពពេលជិះម៉ូតូមានគ្រោះថ្នាក់ចំនួន ២ ៤៧៧នាក់ ។របាយការណ៍បានឲ្យដឹងទៀតថា បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ ទៅនឹងឆ្នាំ២០២៣ បង្ហាញថា គ្រោះថ្នាក់ថយចុះ ៤៧៣លើក ស្មើនឹង ១៤% អ្នកស្លាប់ថយចុះចំនួន ៨១នាក់ ស្មើនឹង ៥% របួសធ្ងន់ថយចុះ ៤៩៣នាក់ ស្មើនឹង ១៨% របួសស្រាលថយចុះ ៣០២នាក់ ស្មើនឹង១៧% និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់ស្មើនឹង១៩% ។
ចំណែកឯមូលហេតុនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានល្បឿន១១៥៦លើក ស្មើនឹង៤០,៦% មិនគោរពសិទ្ធិ ៦៤៩លើក ស្មើនឹង ២៣% មិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤% បត់គ្រោះថ្នាក់ ២២១លើក ស្មើនឹង ៨% ប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦% កត្តាយាន ១១៤លើក ស្មើនឹង ៤% ស្រវឹង ១០៥លើក ស្មើនឹង ៣,៧% អាកាសធាតុ ៣៥លើក ស្មើនឹង ១% មិនគោរពភ្លើងសញ្ញា ៣៣លើក ស្មើនឹង ១% ងងុយដេក ២៩លើក ស្មើនឹង ១% និងកត្តាផ្លូវ ១៩លើក ស្មើនឹង ០,៧% ។
គ្រោះថ្នាក់ចរាចរណ៍ ជាគ្រោះ មហន្តរាយមួយដែលជះឥទ្ធិពលដល់សុខុមាលភាពជាសាធារណៈលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន នាអាណត្តិទី៦ ធ្លាប់បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាគ្រោះមហន្តរាយមួយដែលជះឥទ្ធិពលដល់សុខុមាលភាពជាសាធារណៈយ៉ាងខ្លាំង ដោយធ្វើឱ្យមានអ្នកស្លាប់និងរងគ្រោះពិការភាពជាច្រើនក្នុង១ឆ្នាំៗ ។
ថ្លែងក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការនិងដឹកជញ្ជូនក្រោមប្រធានបទ ៖ «ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» លោកជំទាវ មឹន មាណវី ដែលជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ផងដែរ បានមានប្រសាសន៍ថា គ្រោះថ្នាក់បានបង្កផលប៉ះពាល់ជាច្រើន មិនត្រឹមតែបាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែអាចរងរបួសធ្លាក់ខ្លួនពិការភាព ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារផងដែរ ។
ដូច្នេះ សូមអ្នកធ្វើដំណើរនៅតាមដងផ្លូវទាំងអស់ ស្វែងយល់ពីកត្តាបង្កគ្រោះថ្នាក់ឱ្យបានច្បាស់ លាស់ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាត់បង់អាយុជីវិត កាយសម្បទា ទ្រព្យសម្បត្តិរបស់គ្រួសារ និងរបស់រដ្ឋ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ។ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនកូនក្មួយទាំងឡាយ ដែលបានចូលរួមបញ្ចេញមតិយោបល់ និងទិតៀនក្នុងន័យស្ថាបនានៅក្នុងកម្មវិធីនេះ ៕
ចែករំលែកព័តមាននេះ