ស្លា.ប់៥នាក់ ខណៈទីក្រុង Los Angeles ហ៊ុមព័ទ្ធដោយភ្លើងឆេះព្រៃមិនអាចគ្រប់គ្រងបាន
សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅឡោមព័ទ្ធទីក្រុងឡូសអាន់ជ័រលេស (Los…
សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅឡោមព័ទ្ធទីក្រុងឡូសអាន់ជ័រលេស (Los…
សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅឡោមព័ទ្ធទីក្រុងឡូសអាន់ជ័រលេស (Los Angeles) សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងបំផ្លាញផ្ទះសម្បែង និងអគារជាច្រើន ខណៈដែលមនុស្សជាង១០ម៉ឺននាក់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់។
ខ្យល់បោកបក់ខ្លាំងបានរារាំងប្រតិបត្តិការពន្លត់អគ្គីភ័យ និងការឆេះយ៉ាងសន្ធោសន្ធៅបន្តរីករាលដាលកាន់តែខ្លាំង ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក Kristin Crowley ប្រធានផ្នែកពន្លត់អគ្គីភ័យបានប្រាប់សន្និសីទសារព័ត៌មានអំពីការបង្ខំឱ្យមានការជម្លៀសខ្លួនបន្ថែមទៀត។ ភ្លើងឆេះព្រៃមានរហូតដល់៦កន្លែងក្នុងតំបន់ខោនធី Los Angeles។
នៅផ្នែកខាងលិច អណ្តាតភ្លើងគ្របដណ្តប់ផ្ទៃដី ៦,៤០៦ហិកតានៃតំបន់ Palisades និងសំណង់អគារប្រមាណ១ពាន់ខ្នងលើភ្នំរវាង Santa Monica និង Malibu ដោយឆេះដេញចុះមកក្រោមតំបន់ Topanga Canyon រហូតឈានដល់មហាសមុទ្រប៉ាស៊ីហ្វិក។ នេះគឺជាការឆេះព្រៃ និងការបំផ្លិចបំផ្លាញដ៏បំផុតមួយរួចទៅហើយក្នុងប្រវត្តិសាស្ត្រទីក្រុង Los Angeles។ ក្រុមមន្ត្រីបានអះអាងថា ភាគខាងកើត នៅតំបន់ជើងភ្នំ San Gabriel អណ្តាតភ្លើងបានគ្របដណ្តប់លើផ្ទៃដី ៤,២៨៩ហិកតា និងសំណង់អគារប្រមាណ ១ពាន់ខ្នងផ្សេងទៀត និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់។
ប្រភពពីកាសែត Los Angeles Times បានរាយការណ៍ថា កង្វះខាតទឹកក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់ផងដែរ ពិសេសតំបន់ Palisades។ លោកស្រី Janisse Quinones នាយកប្រតិបត្តិ និងជាប្រធាននាយកដ្ឋានទឹក និងថាមពលទីក្រុង Los Angeles បានបញ្ជាក់ថា គិតត្រឹមម៉ោង៣ទៀបភ្លឺថ្ងៃពុធ ធុងស្តុកទឹកទាំងអស់នៅក្នុងតំបន់ Palisades បានប្រើប្រាស់អស់ ខណៈដែលក្រុមការងារមានតម្រូវការយ៉ាងខ្លាំងលើប្រព័ន្ធពន្លត់នៅតំបន់ Palisades ប៉ុន្តែទឹកសម្រាប់ទប់ទល់នឹងភ្លើងឆេះ មិនអាចបំពេញតម្រូវការបាននោះទេ។
ប្រភពពី NBC News បានឱ្យដឹងថា ស្ថានភាពភ្លើងឆេះព្រៃមិនអាចគ្រប់គ្រងបានឡើយនៅពេលនេះ ចំណែកអ្នកព្យាករណ៍ជំនាញបានប៉ាន់ប្រមាណការខូចខាតដំបូង បូករួមទាំងការខាតបង់ផ្នែកសេដ្ឋកិច្ចមានចំនួនច្រើនជាង៥០ពាន់លានដុល្លារ៕
ចែករំលែកព័តមាននេះ