ខេត្តបាត់ដំបង ៖ ដំណាំស្វាយយ៉ាងតិច១៥,០០០ដើម ស្ថិតនៅលើផ្ទៃដីទំហំជាង៣០ហិកតា បានរងផលប៉ះពាល និងខូចខាតស្ទើរទាំងស្រុងដោយសារភ្លើងព្រៃដែលមិនដឹងតម្រុយ កាលពីរសៀលថ្ងៃទី០៨ មករា ស្ថិតនៅចំណុចភ្នំស្លឹក ក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ។
សមត្ថកិច្ចបានឲ្យដឹងថា គេមិនបានដឹងពីដើមចមដែលនាំឲ្យមានអគ្គិភ័យដ៏មហន្តរាយនេះកើតឡើងទេ ។ ប៉ុន្តែគេបានឃើញភ្លើងឆេះរាលដាលពីវាលស្រែខាងលិចដីចម្ការស្វាយនោះ ហើយឆេះឆ្លងចូលដីចម្ការស្វាយតែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា ភ្លើងព្រៃនេះបានឆេះរាលដាលចូលចម្ការស្វាយ ខណៈម្ចាស់មិនបានដឹងពីដំបូង ។ បើតាមរបាយការណ៍ការិយាល័យជំនាញបានឲ្យដឹងថា ម្ចាស់ចម្ការស្វាយដ័ធំនេះឈ្មោះ ង៉ូវ មួយហៀង ភេទស្រី អាយុ៦០ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។ ប៉ុន្តែម្ចាស់ចម្ការបានជួលមនុស្សឲ្យចាំថែទាំដំណាំស្វាយយូរៗទើបម្ចាស់មកមើលម្ដង ។
លោក លឹម ពុទ្ធីឡា ស្នងការរងដែលដឹកនាំកម្លាំងជំនាញ និងរថយន្តអន្លត់អគ្គិភ័យចុះអន្តរាគមន៍ផ្ទាល់ បាននិយាយថា បើតាមការបំភ្លឺនានានៅកន្លែងកើតហេតុ ដំបូងគេឃើញភ្លើងឆេះកញ្ជ្រាំងនៅវាលស្រែ ខាងលិចចម្ការស្វាយ តែដោយពុំមានអ្នកចាប់អារម្មណ៍ភ្លើងក៏ឆេះរាលដាលកាន់តែខ្លាំង ឆ្លងចូលចម្ការស្វាយតែម្ដង ។
លោកស្នងការរងបានប្រាប់ថា នៅក្នុងចម្ការស្វាយមានតែអ្នកថែទាំ រីឯម្ចាស់ចម្ការនៅភ្នំពេញ ។ បើតាមពិនិត្យជាក់ស្ដែង ដំណាំស្វាយនេះមិនខូចខាតទាំងស្រុងទេ ។ កន្លែងខ្លះគ្រាន់តែប៉ះពាល់តិចតួច (ឆេះរោលៗ) រីឯកន្លែងខ្លះឆេះអស់ទាំងស្រុង ។
លោក លឹម ពុទ្ធីឡា បានបញ្ជាក់ថា គេមិនដឹងមូលហេតុ ដែលនាំឲ្យមានភ្លើងឆេះកញ្ជ្រាំងរហូតឆ្លងចូលក្នុងចម្ការស្វាយបែបនេះទេ ហើយក៏រកមុខអ្នកបង្កអគ្គិភ័យនេះមិនឃើញដែរ ។ របាយការណ៍ការិយាល័យជំនាញបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿងបានជួយអន្តរាគមន៍លើផ្ទៃដីចម្ការស្វាយចំនួន៣៥ហិកតា ដែលមានដំណាំស្វាយចំនួន១៥,០០០ដើម បានរងផលប៉ះពាល និងខូចខាត ៕
ចែករំលែកព័តមាននេះ