រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនបាល់ITF Futures សប្ដាហ៍ទី១មានឈ្មោះថា GLF OPEN 2015 ដែលបានធ្វើឡើងតាំងពីថ្ងៃទី២១ វិច្ឆិកា មកនោះ កាន់តែខិតជិតឈានចូលដល់ទីបញ្ចប់ហើយ ។
តាមមន្ត្រីរៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា សម្រាប់ការប្រកួតនៅក្នុងសប្ដាហ៍ទី១នេះ ត្រូវគេចាត់ទុកថា ជាព្រឹត្តិការណ៍នៃការប្រកួតកម្រិតទាបដើម្បីចម្រាញ់រកអ្នកខ្លាំងឡើងទៅប្រកួតនៅវគ្គបន្ត ។ ក្នុងចំណោមកីឡាករចម្រុះជាតិសាសន៍ដែលបានចូលរួមប្រកួតចំនួន៥៩នាក់ កីឡាករកម្ពុជាសុទ្ធតែចាញ់នៅក្នុងវគ្គជម្រុះជុំទី១ទាំងអស់ ។ ការប្រកួតនេះចែកចេញជា២វិញ្ញាសា គឺប្រកួតវាយទោល និងប្រកួតវាយគូ ។ វិញ្ញាសាប្រកួតវាយគូដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ វិច្ឆិកា បានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។ ដោយឡែកសម្រាប់ការប្រកួតវាយទោលវិញនោះទើបតែឈានចូលដល់វគ្គជម្រុះ១ភាគ៤ប៉ុណ្ណោះ ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើវិញ្ញាសាវាយគូមានកីឡាករKhun-YiLEE និងកីឡាករSao-Fan LIUមកពីចិនតៃវ៉ាន់ ប្រកួតជាមួយកីឡាករISMAILOV និងកីឡាSHOFA YZIYEVមកពីចិនតៃវ៉ាន់ដូចគ្នា និងមួយប្រកួតទៀតកីឡាករមកពីចិនតៃវ៉ាន់ឈ្មោះLiang Chi HUANG និងCheng –YuYu ប្រកួតជាមួយកីឡាករមកពីកូរ៉េឈ្មោះSoon Woo Kwonនិងកីឡាករ Ji Hoon Son ។
ដោយឡែកសម្រាប់ការប្រកួតវាយទោលជម្រុះ៨នាក់ចុងក្រោយមានកីឡាករRichad GABB មកពីអាល្លឺម៉ង់ ប្រកួតជាមួយកីឡាករ Ji Hoon Son មកពីកូរ៉េ ។ កីឡាករ Ahmed Deedet Aboul Razak មកពីម៉ាឡេស៊ី ប្រកួតជាមួយកីឡាករSoon Woo Kwon មកពីកូរ៉េ។ កីឡាករLiang-Chi HAUNG មកពីចិនតៃវ៉ាន់ ប្រកួតជាមួយកីឡាករMiliaan NIESTEN មកពីនូវែលសេឡង់ និងមួយប្រកួតចុងក្រោយកីឡាករCheng-yuyuមកពីចិនតៃវ៉ាន់ ប្រកួតជាមួយកីឡាករCheon-Eui Kim មកពីកូរ៉េ ។
គួររំលឹកផងដែរថា ការប្រកួតវាយទោលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ វិច្ឆិកា នេះ ហើយគណៈកម្មការនឹងធ្វើការប្រកាសលទ្ធផលនៅថ្ងៃទី២៨ វិច្ឆិកា ដែលជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រលើវិញ្ញាសាប្រកួតវាយគូ ៕
ចែករំលែកព័តមាននេះ