ខេត្តកំពង់ធំ ៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់ប្រាក់ភាគទានឲ្យគណៈកម្មាធិការសាខា (ស.ប.ក) ខេត្តកំពង់ធំ យកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពរបស់មន្ត្រី នៃមន្ទីរកសិកម្មខេត្តកំពង់ធំ ចំនួន២នាក់ កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ២កន្លែងផ្សេងៗគ្នា ។
ប្រាក់ភាគទាននេះត្រូវយកទៅប្រគល់ជូនគ្រួសារសពរបស់លោក ស៊ឹម រី អនុប្រការិយាល័យកសិកម្មស្រុកសន្ទុក ដល់ផ្ទះសព ស្ថិតក្នុងភូមិស៊ីវុត្ថា ឃុំប្រសាទ ស្រុកសន្ទុក ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគគាពាធ និងប្រគល់ជូនគ្រួសារសពរបស់លោកស្រី ប្រាំង ថន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគគាពាធ ស្ថិតនៅក្នុងភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។
ថ្លែងក្នុងពិធីប្រគល់ប្រាក់ភាគទាននេះ លោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិកម្មខេត្ត មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខដល់ក្រុមគ្រួសារនៃសពទាំង២ក្នុងខ្លឹមសារថា ការបាត់បង់ធនធានមនុស្សរបស់មន្ទីរកសិកម្មខេត្ត ដំណាក់កាលដំបូង គឺមន្ត្រីចូលនិវត្តន៏ និងចុងក្រោយគឺមន្ត្រីចូលនិវត្តន៍ហើយបានទទួលមរណភាព នេះគឺជាការសោកស្តាយយ៉ាងក្រៃលែង ។ លោកអនុប្រធានមន្ទីរក៏បានប្រគល់សំបុត្របណ្តាំមរតកឱ្យដល់ក្រុមគ្រួសារសពបើកមើលរួចហើយលោកបានអាននូវសារំលែកទុក្ខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមគ្រួសារនិមួយៗ និងប្រគល់ប្រាក់វិភាគទានជូនដល់ឈ្មោះដែលត្រូវទទួលទៅតាមបណ្តាំមរតក ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៦លានរៀល ៕
ចែករំលែកព័តមាននេះ