ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី៧ ខែវិច្ឆិកា លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បាននាំយកអំណោយមនុស្សធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះខ្ទេចខ្ទីអស់កាលពីថ្ងៃទី៥ វិច្ឆិកា កន្លងទៅ នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយសារទុស្សេខ្សែភ្លើង ។
លោក ខូយ រីដា បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ផ្ទះសម្បែង និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ដែលបណ្ដាលមកពីគ្រោះអគ្គិភ័យនេះ ។ នេះគឺជាគ្រោះភ័យនៃគ្រោះមហន្តរាយ ដែលកន្លងមកនៅក្នុងខេត្តក៏ដូចក្រៅខេត្តដែរ តែងតែជួបប្រទះជាញឹកញាប់ ដែលទាមទារឱ្យយើងទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះពាក្យចាស់ពោលថា «សូវលិចទូកកណ្ដាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ»។
លោក ខូយ រីដា ថ្លែងថា កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានខិតខំទាក់ទង និងស្វែងរកថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗពីគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស សម្រាប់ទុកជួយសង្គ្រោះដល់ជនរងគ្រោះគ្រប់ប្រភេទ ដូចជាភ្លើងឆេះផ្ទះ ខ្យល់ព្យុះរលំផ្ទះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ចាស់ជរាក្រីក្រគ្មានទីពឹង និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដោយឈរលើគោលការណ៍ទាំង៧ប្រការ មិនប្រកាន់និន្នាការនយោបាយ ឬពូជសាសន៍អ្វីឡើយ ពោលគឺឱ្យតែប្រជាពលរដ្ឋរងគ្រោះ សុទ្ធតែទទួលបាននូវការឧបត្ថម្ភពីកាកបាទក្រហមថ្នាក់កណ្ដាល និងថ្នាក់ខេត្ត ស្រុក ក្រុង ស្មើៗគ្នា ។
ជាក់ស្ដែង ថ្ងៃនេះគ្រាន់តែដឹងថា បងប្អូនពីរគ្រួសារត្រូវភ្លើងឆេះផ្ទះភ្លាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ម៉ៅ ធនិន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យរូបលោក និងសហការី នាំយកអំណោយមនុស្សធម៌មកផ្ដល់ជូនជាបន្ទាន់ ។ ទោះបីអំណោយនេះតិចតួចក្ដី តែវាមានតម្លៃណាស់សម្រាប់យើងដែលអស់រលីងពីខ្លួន ជាការដោះទ័លមួយរយៈខ្លីដែលយើងមិនទាន់អាចរកអ្វីមកហូបបានភ្លាមៗ ពិសេសបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋយើង ។
គ្រួសារដែលត្រូវភ្លើងឆេះផ្ទះនេះជាបងប្អូនបង្កើតនឹងគ្នា គឺឈ្មោះ ថោង តូ ភេទប្រុស អាយុ៦៧ឆ្នាំ និងឈ្មោះ ថោង ថេត ភេទស្រី អាយុ៥៦ឆ្នាំ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម តង់១ មី១កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ១០កំប៉ុង ឃីតមួយកញ្ចប់ធំ និងប្រាក់២០ម៉ឺនរៀល ។
គួររំលឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅ វេលាម៉ោង១២ថ្ងៃត្រង់ មានគ្រោះអគ្គិភ័យដែលបណ្ដាលមកពីទុស្សេខ្សែភ្លើងឆេះផ្ទះអស់ចំនួន២ខ្នង នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ប៉ុន្តែបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ មិនបណ្ដាលឲ្យឆេះរាលដាលតទៅទៀត ឬគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ៕
ចែករំលែកព័តមាននេះ