ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​អគារសិក្សា​មួយ​ខ្នង ចែក​កង់​ជិត​100​គ្រឿង​និង​សម្លៀក​បំពាក់​ដល់​សិស្ស​ក្រីក្រ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ អគារសិក្សា​ថ្មី​សន្លាង​១​ខ្នង​មាន​៥​បន្ទប់ និង​និមិត្តរូប​អគារសិក្សា​ និង​បណ្ណាល័យ​ចំនួន​៩១​ខ្នង ជា​អំណោយ​អង្គការ Room to Read ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា ២០១៥

ខេត្តកំពង់ចាម ៖ អគារសិក្សា​ថ្មី​សន្លាង​១​ខ្នង​មាន​៥​បន្ទប់ និង​និមិត្តរូប​អគារសិក្សា​ និង​បណ្ណាល័យ​ចំនួន​៩១​ខ្នង ជា​អំណោយ​អង្គការ Room to Read  ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា ២០១៥ នៅ​អនុ​វិទ្យាល័យ សូ​ទិព្វ ស្ថិត​ក្នុង​ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ក្រោម​អធិបតីភាព​លោក​ ហ៊ា​ង ស៊ី​ណេ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា តំណាង​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ។ ពិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​ប្រជា​ពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ​ អ្នកគ្រូ មន្ត្រី​មក​ពី​ស្ថាប័ន​ មន្ទីរ​នានា​ជុំវិញ​ខេត្ត​ច្រើន​កុះករ ថែម​ទាំង​មាន​ចែក​កង់​ជិត​១០០​គ្រឿង​ដល់​សិស្ស​ក្រីក្រ​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលារៀន រួម​ទាំង​សម្លៀក​បំពាក់​ចំនួន​២៤១​កញ្ចប់​ផង​ដែរ ។

លោក​ ឆាយ វ៉ា​ន់​ស៊ី អភិបាលស្រុក​ជើងព្រៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ស្រុក​ជើងព្រៃ​មាន​សាលារៀន​រដ្ឋ​ចំនួន​៥០​សាលា ដែល​រួម​មាន​វិទ្យាល័យ​៤​កន្លែង​ មាន​សិស្ស​សរុប​១.៧៨៩​នាក់ (​ស្រី​៩៣៦​នាក់​) អនុ​វិទ្យាល័យ​៨​កន្លែង​ មាន​សិស្ស​សរុប​៤.០៩៧​នាក់ (​ស្រី​២.១១៩​នាក់​)​ សាលា​បឋម​សិក្សា​៣៨​កន្លែង​ មាន​សិស្ស​សរុប​១៣.៦២៦​នាក់ (​ស្រី​៦.៤៩២​នាក់​) មាន​អគារសិក្សា​១២៦​ខ្នង​ស្មើនឹង​៥១៨​បន្ទប់ ក្នុង​នោះ​មាន​អគារ​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​២០​អគារ​ ស្មើនឹង​១០៥​បន្ទប់ ។

នាយក​អង្គការ​ Room to read​ ប្រចាំ​កម្ពុជា លោក​ កាន់ កាល់ បាន​ថ្លែង​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៥ ក្រោម​កិច្ចសហការ​ជាមួយនឹង​មន្ទីរ​អប់រំ​ខេត្តកំពង់ចាម អង្គការ​ Room to read បាន​រួមចំណែក​ពង្រឹង​វិធីសាស្ត្រ ផ្តល់​សម្ភារ​រៀន និង​បង្រៀន​អំ​ណា​ន បណ្តុះបណ្តាល​លើកទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រ​លោកគ្រូ​ អ្នកគ្រូ ផ្តល់​ និង​ជួសជុល​អគារសិក្សា ដោយ​មិន​រាប់​ប​ញ្ជូ​ល​ខេត្ត​ត្បូងឃ្មុំ ។សមិទ្ធផល​សម្រេច​បាន​បង្កើត​បណ្ណាល័យ​នៅ​តាម​សាលា​បឋម​សិក្សា​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល​បាន​២៤៣​បណ្ណាល័យ​ ដែល​គិត​ជា​ទឹកប្រាក់​ប្រហាក់ប្រហែល​១.២៧៥.៧៥០​ដុល្លារ សាងសង់​អគារ​បណ្ណាល័យ​ចំនួន​៦៤​ខ្នង គិត​ជា​ទឹកប្រាក់​ប្រហាក់ប្រហែល​៦៧២.០០០​ដុល្លារ សាងសង់​អគារសិក្សា​១៦​ខ្នង មាន​៧០​បន្ទប់ គិត​ជា​ទឹកប្រាក់​ប្រហាក់ប្រហែល​៦២៦.៥០០​ដុល្លារ ផ្តល់​សម្ភារ​រៀន និង​បង្រៀន និង​បណ្តុះបណ្តាល​គ្រូ​ថ្នាក់​ទី​១ គិត​ជា​ទឹកប្រាក់​ប្រហាក់ប្រហែល​៤៩.៥០០​ដុល្លារ រួម​នឹង​សមិទ្ធផល​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។

លោក កៅ សុខ​អាន អភិបាលរង​ខេត្ត ថ្លែង​ឲ្យ​ដឹង​ថា ស្ថិត​ក្នុង​បរិបទ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​កំពុង​មានកា​រវិ​វត្ត​ទៅ​មុខជា​មួយ​កំណើន​ប្រកបដោយ​ចីរភាព​ក្នុង​រង្វង់​ប្រមាណ​៧%​ក្នុង​១​ឆ្នាំ ។ ដោយឡែក​វិស័យ​អប់រំ យុវជន​ និង​កីឡា មានការ​រីក​ចម្រើន​ពាសពេញ​ប្រទេស អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ បុគ្គលិក​​សិក្សា ឲ្យ​ខិតខំ​បំពេញភារកិច្ច​កាន់តែ​ល្អ​ប្រសើរ និង​មានការ​រីក​ចម្រើន​ជឿនលឿន​ឆាប់រហ័ស​ដូច​បណ្តា​ប្រទេស​នានា​លើ​សាកលលោក  ។

លោក​ ហ៊ា​ង ស៊ី​ណេ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​២​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​យកចិត្តទុកដាក់​ក្នុង​កំណែទម្រង់​លើ​វិស័យ​អប់រំ​សិក្សាធិការ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ សម្រាប់​គោលការណ៍​សំខាន់ ក្មួយ​ៗ​ជា​សិស្សានុសិស្ស​ត្រូវ​តែ​ខិតខំ​ក្រេប​យកចំណេះ​វិជ្ជា​តាម​រយៈ​ការ​អាន​ឲ្យ​បាន​ច្រើន ព្រោះថា អង្គការ​ Room to read ជួយ​ផ្តល់​សៀវភៅ សម្រាប់​អ្នក​ចូល​ចិត្ត​អាន​គឺ​សៀវភៅ​ស្អាត តែបើ​អ្នក​ខ្ជិល​វិញ សៀវភៅ​ត្រូវ​រហែក​ក្រប និង​គគ្រេច​ជាដើម ។ ជាមួយ​នោះ​ក៏​មានការ​ប្រឡង​អំ​ណា​ន ហើយ​សម្រាប់​អ្នក​ជាប់​ចំណាត់ថ្នាក់​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​អង្គការ​នេះ ។

លោក​អនុរដ្ឋលេខាធិការ​បញ្ជាក់​ថា តាម​ការ​កត់សម្គាល់ គឺ​មិន​មាន​បណ្ឌិត​ណា​ម្នាក់​ដែល​មិន​បាន​ឆ្លងកាត់​ការ​អាន​នោះ​ឡើយ ។ ក្មួយ​ៗ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​បាន​ពូកែ ដើម្បី​ងាយ​សិក្សា​ភាសាបរទេស ហើយ​ក៏​ត្រូវ​តែ​បង្កើត​មូលនិធិ «​ស្ករ​គ្រាប់​» ដោយ​សិស្ស​ដែល​ធ្លាប់តែ​ហូប​ស្ករ​គ្រាប់ ត្រូវ​លះបង់​១​ថ្ងៃ​យក​ថវិកាបដិភាគ​នោះ​ដាក់​ក្នុង​ហិប​សម្រាប់​ជួយ​ដល់​អ្នក​ក្រីក្រ​ឲ្យ​បាន​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត ៕