រាជធានីភ្នំពេញ ៖ ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលកីឡាករថៃឈ្មោះ Yort Sing មកប្រកួតនៅក្នុងប្រទេសកម្ពុជាចំនួន៣លើកមកហើយ ប៉ុន្តែមិនដែលមានស្ថិតិចាញ់នោះទេ បើទោះជាប៉ះកណ្ដាប់ដៃជាមួយកីឡាករកម្ពុជាដែលសុទ្ធតែជាជើងខ្លាំងក្ដី ។ ជាក់ស្ដែងការប្រកួតកាលពីថ្ងៃអាទិត្យ ទី១៦ សីហា គេបានបំបាក់ជើងខ្លាំងកម្ពុជាឈ្មោះ សេក គឹមរួន នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍គួរឲ្យកោតសរសើរទៀតផង ។
គ្មានអ្នកណាមិនកត់សម្គាល់នោះទេដែលការប្រកួតទាំង៣លើកនៅក្នុងប្រទេសកម្ពុជារបស់កីឡាករ Yort Sing បានទទួលជ័យជម្នះទាំងអស់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍។ ការប្រកួតកាល២លើកមុនគេឈ្នះ ម៉ន សាម៉េត ម្ចាស់ខ្សែក្រវាត់ក្រុមហ៊ុនស្រាបៀរកម្ពុជាដោយពិន្ទុ និងឈ្នះ អឹុង បូរ៉ា ក្នុងទឹកទី១បន្ថែមទៀត ទើបធ្វើឲ្យមានការកំណត់ថា កីឡាករថៃរូបនេះពិតជាជើងខ្លាំងមែន ។ ភាពលេចធ្លោនេះបានរុញសហព័ន្ធប្រដាល់សម្រេចដាក់ សេក គឹមរួន ដែលទើបនឹងឡើងកូដឲ្យឡើងប្រកួតជាមួយក្នុងបំណងសងសឹកដល់មិត្តរួមក្រុម ។ បើទោះជា សេក គឹមរួន មិនដែលឡើងប្រកួតអន្តរជាតិ និងគ្មានឈ្មោះជាម្ចាស់ខ្សែក្រវាត់ដូច ម៉ន សាម៉េត ប៉ុន្តែអ្នកណាក៏ទទួលស្គាល់ដូចគ្នាថា កីឡាករមកពីក្លិបអង្គរមានជ័យខេត្តសៀមរាបរូបនេះ គឺជាជើងខ្លាំងដែលពូកែទាំងកែង ទាំងម៉ាត់ និងជង្គង់មិនធម្មតា ។ ការប្រកួតរវាងកីឡាកររូបនេះ និងកីឡាករ Yorth Sing បានទទួលការចាប់អារម្មណ៍តាំងពីជំហានផ្គូផ្គងមកម្ល៉េះ ដោយសារតែអ្នកគាំទ្រសុទ្ធតែចង់ដឹងថា សេក គឹមរួន មកប្រកួតសងសឹក ឬមកដើម្បីចាញ់ដូច ម៉ន សាម៉េត និង អឹុង បូរ៉ា ។
ក្នុងវិនាទីចាប់ផ្ដើម កីឡាករទាំងពីរបើកឆាកប្រយុទ្ធគ្នាដោយការប្រយ័ត្នប្រយែងរៀងខ្លួន ដែលទំនងមកពី សេក គឹមរួន បង្គោលក្រហម ត្រូវការសងសឹក និងមិនចង់ជាប់ឈ្មោះជាអ្នកចាញ់ទី៣ ឯកីឡាករថៃក៏បានដឹងខ្លួនរួចជាស្រេចថា សេក គឹមរួន គេមកប្រកួតដើម្បីសងសឹក ដែលខ្លួនមិនអាចចាញ់ក្រោមដៃបាន ។ នៅទឹកទី១ កីឡាករកម្ពុជា គឺជាអ្នកឈ្នះប្រៀប ប៉ុន្តែក្នុងទឹកទី២ ទី៣ និងទី៤ កីឡាករសេក គឹមរួន ត្រូវកីឡាករ Yort Sing វាយឡើងទក់សាច់វិញ។ ទោះបីកីឡាករកម្ពុជាប្រឹងប្ដូរដោយកែង និងម៉ាត់ដើម្បីបំបែកភាពខ្លាំងទៅលើគូបដិបក្ខ ក៏លទ្ធផលនៃការប្រឹងប្រែងបានត្រឹមឈឺខ្លួនពីការវាយសន្ធាប់ដ៏ខ្លាំងក្លារបស់បង្គោលខៀវ។ ក្នុងទឹកទី៥ កីឡាករ Yort Sing បានក្លាយជាអ្នកចាញ់ប្រៀបវិញម្ដងដោយសារតែអស់កម្លាំងស្ទើរខ្សោះខ្លួន ។ អញ្ចឹងហើយទើបក្នុងទឹកនេះគេឮសំឡេងហ៊ោកញ្ជ្រៀវពេញសង្វៀនពីសំណាក់ទស្សនិកជនដោយសារតែលើកទឹកចិត្តដល់កីឡាករកម្ពុជា ។ អ្នកគាំទ្រដែលត្រូវគេឃើញអង្គុយដកកចំហមាត់ពេលឃើញខាងថៃវាយលើកីឡាករកម្ពុជាកាលពីដើមទឹកបានប្ដូរឥរិយាបថក្រោកឈរ និងបញ្ចេញកាយវិការគ្រវីគ្រវាត់ដៃជើងឲ្យសញ្ញាដល់សេក គឹមរួន។ គូនេះ កីឡាករថៃ Yort Sing នៅតែឈ្នះពិន្ទុដែលបង្ហាញយ៉ាងច្បាស់ថា គេមកប្រកួតនៅកម្ពុជា៣លើកឈ្នះទាំង៣លើកមិនដែលចាញ់ ។ ប៉ុន្តែបើធៀបជាមួយ ម៉ន សាម៉េត និង អឹុង បូរ៉ា ការប៉ះគ្នាជាមួយកីឡាករខ្មែរលើកនេះក៏ឈ្នះរាងពិបាកដែរ ។
ការប្រកួតអន្តរជាតិ២គូទៀត កីឡាករម៉ន រដ្ឋា មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកវាយឈ្នះកីឡាករថៃ Yort Thearak ក្នុងទឹកទី២ ធ្វើឲ្យមានការសរសើរ ។ មួយគូទៀត កីឡាករល្បីឈ្មោះ ធី តុងហ៊ី ត្រូវគេឃើញឈ្នះថៃក្នុងទឹកទី៣ បន្ទាប់ពីប្រើយុទ្ធសាស្ត្រវាយសម្រុកមិនដកដៃធ្វើឲ្យកីឡាករថៃ Yor Tonthy តស៊ូបន្តទៀតលែងបាន ។ ប៉ុន្តែកីឡាករថៃ Yor Tonthy ក៏វាយឲ្យ ធី តុងហ៊ី បែកចិញ្ចើមសងខាងផងដែរ បើទោះជាត្រឹមរយះកម្រិតតូច ហើយមិនមានហូរឈាមក្ដី ។
ចំពោះការប្រកួតអន្តរជាតិពេលយប់នៅលើសង្វៀនប្លេកខេតនាថ្ងៃអាទិត្យនោះដែរ កីឡាករពុទ្ធ ឆាយរិទ្ធី មិនត្រឹមតែបែករយះលើចិញ្ចើមហូរឈាមល្ហាចប៉ុណ្ណោះទេ គឺថែមទាំងចាញ់កីឡាករថៃ Phor Laynoy ក្រោយបញ្ចប់៥ទឹកនោះផងដែរ ។ កីឡាករឡៅ ចន្ទ្រា វិញ ពិតជាស៊ីផុយដោយមិនលំបាកទៅលើគូប្រកួតដូចការគ្រោងទុកមែន ដោយប្រើពេលតែ៣ទឹកប៉ុណ្ណោះផ្ដួលកីឡាករថៃ Khorn Kenlek ឲ្យសន្លប់ ហើយក្រោកតតាំងលែងបាន ។ ឡៅ ចន្ទ្រា ធ្វើបានល្អខ្លាំងណាស់សម្រាប់ការប្រកួតពេលនោះ៕
ចែករំលែកព័តមាននេះ