ខេត្តកំពង់ឆ្នាំង ៖ នៅចុងខែកក្កដានេះ ជំងឺគ្រុនឈាមបានកើតឡើងលើកុមារនិងយុវជន នៅតាមតំបន់មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិឃុំឆ្ងាយៗ មានការព្រួយបារម្ភជាខ្លាំងចំពោះកូនចៅរបស់ខ្លួន ។
លោក ប៊ុន អេងគ្រុយ អនុប្រធានកម្មវិធីគ្រុនចាញ់ និងគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តឱ្យដឹងថា បើគិតរយៈពេលដូចគ្នានៅចុងខែកក្កដានេះ កុមារនិងយុវជនកើតជំងឺគ្រុនឈាមទាំងសម្រាកនៅមន្ទីរពេទ្យខេត្តនាឆ្នាំ២០១៤ មានតែចំនួន២៤ករណីប៉ុណ្ណោះ តែឆ្នាំ២០១៥នេះ មានចំនួន១៣០ករណី ។ ជំងឺនេះបានកើតឡើងរាយប៉ាយគ្រប់ស្រុក-ក្រុងក្នុងខេត្ត ហើយស្រុកដែលច្រើនជាងគេគឺស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានអ្នកណាម្នាក់ស្លាប់នោះទេ ។
លោកបានបន្តថា ទិសដៅរបស់មន្ទីរសុខាភិបាលខេត្ត ត្រូវចុះអន្តរាគមន៍នៅគ្រប់តំបន់ ដែលមានជំងឺគ្រុនឈាមកើតឡើងដោយជំរុញការចែកថ្នាំនៅតាមភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងតំបន់មានកើតករណីគ្រុនឈាមច្រើនជាងគេ ។ ជាមួយនេះ បន្តអង្កេតតាមដាន និងស្រាវជ្រាវផ្ទាល់ក្នុងសហគមន៍ ដើម្បីស្វែងយល់ពីដំណើរវិវត្តន៍នៃជំងឺគ្រុនឈាមនេះ និងចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈាម និងចែកខិត្ដប័ណ្ណសារអប់រំដល់ប្រជាពលរដ្ឋ និងតាមទីប្រជុំជននានាទូទាំងខេត្ត ។
លោកប៊ុន អេងគ្រុយ បន្តទៀតថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់អំពីជំងឺគ្រុនឈាមនេះ ហើយបានឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទូទាំងប្រទេសត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលា បើសិនកើតមានផ្ទុះជំងឺគ្រុនឈាមច្រើននោះ ។ ដោយស្ថានភាពបច្ចុប្បន្នកំពុងមានជំងឺគ្រុនឈាមកើតឡើងនៅគ្រប់ស្រុក ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺគ្រុនឈាមដ៏កាចសាហាវនេះ ។
ពេលនេះជារដូវវស្សាធ្លាក់ភ្លៀងច្រើន ការកើតមូសខ្លាក៏មានច្រើនត្រូវនាំគ្នាលុបបំបាត់ទឹកដក់ និងកាប់ឆ្ការព្រៃក្បែរៗផ្ទះឱ្យអស់ដែលជាប្រភពមូសខ្លាជ្រកនៅពងកូន ។ សូមឱ្យកូនចៅដេកក្នុងមុងទោះយប់ឬថ្ងៃក៏ដោយ ហើយបើមានកូនចៅក្តៅខ្លួនដែលសង្ស័យថា កូនមានជំងឺគ្រុនឈាមត្រូវយកកូនចៅទៅមណ្ឌលសុខភាព និងពេទ្យរដ្ឋដែលនៅជិតបំផុតតាមមូលដ្ឋានដើម្បីគ្រូពេទ្យជួយសង្គ្រោះព្យាបាល ៕
ចែករំលែកព័តមាននេះ