ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងមួយក្រុមដែលអះអាងខ្លួនឯងប្រាប់អ្នកភូមិថា ជាក្រុមអង្គការការពារ និងអភិរក្សសត្វព្រៃ ជលផលកម្ពុជាបានប្រើប្រាស់កាំភ្លើងខ្លីភ្ជង់ក្រុមអ្នកឡើងភ្នំកាប់ឈើគ្រញូងជំរិតទារប្រាក់រាប់លានរៀលនៅតំបន់ភ្នំអង្ករលីង ក្នុងភូមិសាស្ត្រ ភូមិពាមតា ឃុំតាតោក ស្រុកសំឡូត កាលពីល្ងាចថ្ងៃទី៨ កក្កដា ជាថ្នូរនឹងការមិនឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់ ដែលព័ត៌មាននេះកំពុងត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមួយចំនួនព្យាយាមបិទបាំងមិនឲ្យបែកធ្លាយទៀតផង។
ប្រភពព័ត៌មានពីស្រុកសំឡូតបានឲ្យដឹងថា ប្រជាពលរដ្ធចំនួន៦នាក់បាននាំគ្នាចូលព្រៃនៅតំបន់ភ្នំអង្ករលីងខាងលើដើម្បីរកកាប់ឈើគ្រញូង ប៉ុន្តែនៅល្ងាចថ្ងៃទី៨ កក្កដា ក្រុមនេះបានចុះពីលើភ្នំត្រឡប់មកផ្ទះវិញ ក៏ជួបនឹងមនុស្សមួយក្រុមមានគ្នា៧នាក់ ដឹកនាំដោយបុរសម្នាក់ឈ្មោះចាន់ វៃ បានអះអាងថា ខ្លួនជាមន្ត្រីអង្គការការពារ និងអភិរក្សសត្វព្រៃជលផលកម្ពុជា។
ប្រភពបន្តថា គ្រានោះឈ្មោះចាន់ វៃ បានសួរនាំអំពីការប្រព្រឹត្តបទល្មើសព្រៃឈើជាមួយនឹងសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ រួចជំរិតទារប្រាក់ពីក្រុមអ្នកកាប់ឈើទាំង៦នាក់នោះតែម្ដង។ ប្រភពបានបញ្ជាក់ថា ឈ្មោះចាន់ វៃ ដែលអះអាងថា ខ្លួនជាប្រធានក្រុមអង្គការនេះប្រចាំស្រុកសំឡូតបានដកកាំភ្លើងខ្លីម៉ាកK59 ភ្ជង់ក្រុមអ្នកកាប់ឈើ រួចគំរាមទារប្រាក់ក្នុងម្នាក់១លានរៀលជាថ្នូរនឹងមិនចាប់ខ្លួន តែគ្រានោះមានមនុស្សតែ៣នាក់ទេ ដែលត្រូវក្រុមខ្មាន់កាំភ្លើងឃាត់ជាប់ រីឯ៣នាក់រត់រួច។
ប៉ុន្តែដោយគ្មានប្រាក់បង់នៅក្នុងព្រៃ ពួកគេបានសន្យាប្រគល់ប្រាក់ម្នាក់១លានរៀលពេលមកដល់ផ្ទះវិញ។ សាក្សីដដែលបញ្ជាក់ថា នៅថ្ងៃទី៩កក្កដា ពួកគេក៏ណាត់ជួបគ្នាប្រគល់ប្រាក់៣លានរៀលស្ងាត់ៗ នៅផ្ទះលោកប៊ួ ផុន មេភូមិតាតោក។ ប៉ុន្តែរឿងនេះបានបែកធ្លាយដល់សមត្ថកិច្ចភ្លាមៗដែរ ដោយសារតែគ្រួសារជនរងគ្រោះគ្មានប្រាក់ ហើយដើរខ្ចីបុលគេនៅក្នុងភូមិ បង្កឲ្យមានការភ្ញាក់ផ្អើល។
ជុំវិញសំណុំរឿងដ៏រសើបនេះសមត្ថកិច្ច និងមន្ត្រីនៅស្រុកសំឡូតមួយចំនួន បានព្យាយាមជួយបិទបាំងមិនឲ្យបែកធ្លាយ ព្រោះវាជាករណីដដែលៗដែលកើតឡើងនៅស្រុកសំឡូត ហើយគ្មានការទប់ស្កាត់ ឬបង្ក្រាប។ លោកលី ប៊ួយ អធិការស្រុកសំឡូត និងលោកឥន្ធ សៅរិទ្ធ អភិបាលស្រុកសំឡូត មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ កក្កដា នេះ។
ប៉ុន្តែអធិការរងលោកម៉ែន រីម បានបញ្ជាក់ថា ពិតជាមានរឿងនេះកើតឡើងមែន តែលោកមិនទាន់ទទូលបាននូវឯកសារជាក់លាក់ទេ ព្រោះបើតាមសេចក្ដីរាយការណ៍ពីមន្ត្រីមូលដ្ឋានថា គេបានបញ្ជូនជនរងគ្រោះទាំង៦នាក់ទៅសួរនាំនៅសាលាស្រុក ឬនៅសាលាខេត្ត។
ចំណែកលោកប៊ូ ថុន មេភូមិតាគោក ឬលោកចាន់ វៃ ដែលអះអាងថា ជាប្រធានក្រុមអង្គការខាងលើនេះ កោះសន្តិភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី១៣ កក្កដា នេះ៕
ចែករំលែកព័តមាននេះ