ខេត្តស្វាយរៀង ៖ សូមជួយមើលរថយន្តទួរីស១២កៅអីមួយគ្រឿងនេះដឹកអ្នកដំណើរជាង៣០នាក់ស្ទើរបាក់រថយន្តទៅហើយ គឺដាក់ញាត់ពេញក្នុងរថយន្ត២៧នាក់ រួចតកន្ទុយមកក្រោយឲ្យអ្នកដំណើរជិះពេញណែន១០នាក់ និងដាក់មនុស្សក្មេងចាស់នៅលើដំបូល៧នាក់ទៀត គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ក៏ប៉ុន្តែគ្មានសមត្ថកិច្ចណាអើពើឡើយ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១២ កក្កដា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ។ រថយន្តខាងលើដឹកអ្នកដំណើរពីរាជធានីភ្នំពេញមកកាន់ខេត្តស្វាយរៀងដឹកលើសទម្ងន់រហូតទន់ជន្ទាសស្ប៉ាបស្ទើរដល់ដីប៉ះកាប៊ីនមុខរកកលក្រឡាប់ម្តងៗ ពេលធ្លាក់ជង្ហុកថ្នល់ទឹករលកផើតកង់មុខពីថ្នល់គួរឲ្យស្ញើប ។
ករណីនេះអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែគ្មានឃើញសមត្ថកិច្ចណាអើពើឡើយ។ ពាក់ព័ន្ធការដឹកលើសចំណុំនេះ មហាជនបានរិះគន់ថា សមត្ថកិច្ចនគរបាលដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាចរណ៍ជើងគោកគឺនៅខេត្តកណ្តាលមួយកន្លែង ខេត្តព្រៃវែងមួយកន្លែង ខេត្តស្វាយរៀងមួយកន្លែង ហេតុអ្វីបានជាមើលមិនឃើញរថយន្តដឹកសំពីងសំពោង និងដាក់មនុស្សលើដំបូលអ៊ីចឹង ឬក៏ដាក់កុងត្រូលជជុះចាំយកតែប្រាក់រួចបិទភ្នែក ។
ល្មមហើយទាន ! មើលផង កុំឲ្យដល់ពេលគ្រោះថ្នាក់ទើបអនុវត្តន៍ច្បាប់ កុំគិតតែពីពិន័យម៉ូតូអត់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព ភ្លេចមើលរថយន្តសំពីងសំពោងទាន៕
ចែករំលែកព័តមាននេះ