រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គណៈបញ្ជាការបានជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិត នៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ មករា ឆ្នាំ២០២៥ បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកភ្លាមៗរហូតឈានដល់រកឃើញជនរងគ្រោះ និងសង្គ្រោះអោយរួចផុតពីក្រុមឧក្រិ.ដ្ឋជនដែលមានបណ្តាញចាត់តាំងនៅប្រទេសថៃ ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារតាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។
ជនរងគ្រោះបានចា.ញ់បោកក្រុមឧក្រិ.ដ្ឋជនជនជាតិចិនតៃវ៉ាន់ នៅប្រទេសថៃ លួងលោមបោកបញ្ឆោតឱ្យធ្វើដំណើរចេញពីខេត្តសៀងហៃប្រទេសចិន មកប្រទេសថៃ ដើម្បីចូលរួមកម្មវិធីសម្ពោធហាងនំមួយកន្លែងនៅទីក្រុងបាងកក ហើយត្រូវបានក្រុមឧក្រិ.ដ្ឋជនដាក់ថ្នាំ រួចដឹកបញ្ជូនមកកម្ពុជាបង្ខាំងទុកធ្វើទារុណកម្ម និងជំរិតទារប្រាក់ ។
ក្រោយអន្តរាគមន៍សង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព ក្រុមប្រតិបត្តិការនៃគណៈបញ្ជាការបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនតៃវ៉ាន់ដូចគ្នា ក្នុងចំណោមបក្ខពួកផ្សេងទៀតដែលទទួលខុសត្រូវលើការគ្រប់គ្រងជនរងគ្រោះមិនអោយរត់គេច និងធ្វើទារុណកម្ម ដើម្បីអោយបណ្តាញឧក្រិ.ដ្ឋជននៅប្រទេសថៃ ធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារទារប្រាក់ដោះដូរនឹងសុវត្ថិភាពរបស់ជនរងគ្រោះ។
បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការគ្រប់គ្រង តាមដានសុខភាពពីសមត្ថកិច្ចនគរបាលជាតិកម្ពុជា និងត្រៀមរៀបចំបែបបទប្រគល់ជូនតំណាងស្ថានទូតអាមេរិក ដើម្បីគ្រប់គ្រងបន្ត និងរៀបចំបែបបទចាកចេញពីកម្ពុជា ។
ចំពោះក្រុមឧក្រិ.ដ្ឋជនជនជាតិចិនតៃវ៉ាន់ និងមេក្លោងដែលមានអង្គការចាត់តាំងនៅប្រទេសថៃ សមត្ថកិច្ចជំនាញនៃក្រុមប្រតិបត្តិការកំពុងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណយ៉ាងហ្មត់ចត់ និងអាចឈានទៅសហការជាមួយសមត្ថកិច្ចថៃ ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិ.ដ្ឋកម្មនេះទាំងស្រុង ៕
ចែករំលែកព័តមាននេះ