រាជធានីភ្នំពេញ ៖ លំដៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលអោយសម្ភារៈមួយចំនួនរងការខូចខាត ខណៈពេលដែលម្ចាស់ចាក់សោទុកចោលទៅទិញម្ហូប ។
ហេតុការណ៍អគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រថយន្តអគ្គិភ័យចំនួន១គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។
ចំពោះម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះឈ្មោះ សំ បូណា ប្រុស អាយុ៥៣ មុខរបរ អាជីវករ មានទីលំនៅ ផ្ទះ៩៦៣ ផ្លូវលំ កន្លែងកើតហេតុខាងលើ ។
តាមសាក្សីបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃក្រោយហេតុ បុរសជាប្ដីបានធ្វើដំណើរទៅផឹកកាហ្វេក្បែរផ្ទះ ហើយស្ត្រីជាប្រពន្ធបានចាក់សោទុកចោលទៅផ្សារ ។ ខណៈនោះស្រាប់តែភ្លើងបានឆាបឆេះចេញពីក្នុងផ្ទះផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ហើយតេទៅម្ចាស់ផ្ទះនាំគ្នាវា.យទម្លុះទ្វារជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់ពន្លត់អគ្គិភ័យមួយគ្រឿងទៅអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញ ។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលឲ្យគ្រែ ពូក កង្ហារនិងសម្ភារៈមួយចំនួននៅក្នុងផ្ទះរងការខូចខាត តែពុំបណ្ដាឲ្យឆេះរាលដាលឡើយ ។
តាមម្ចាស់ផ្ទះឱ្យដឹងថា អគ្គិភ័យនេះបានឆេះចេញពីកៀនផ្ទះផ្នែកខាងក្រោយកន្លែងព្រីភ្លើង ហើយសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ ម្ចាស់ផ្ទះឲ្យដឹងទៀតថា នៅព្រឹកនេះដែរគាត់បានអុជធូបថ្ងៃសីល តែភ្លើងធូបបានរលត់ទើបគាត់នាំគ្នាចាកចេញ ស្រាប់តែភ្លើងបានឆាបឆេះតែម្ដង ៕
ចែករំលែកព័តមាននេះ