លោក ត្រាំ គំរា.មយកពន្ធ២៥% លើម៉ិកស៊ិក និងកាណាដា តែមិនលម្អិតអំពីចិន
សហរដ្ឋអាមេរិក ៖ ថ្ងៃដំបូងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់ទៅសេតវិមាន កាលពីថ្ងៃទី២០ ខែមករា…
សហរដ្ឋអាមេរិក ៖ ថ្ងៃដំបូងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់ទៅសេតវិមាន កាលពីថ្ងៃទី២០ ខែមករា…
សហរដ្ឋអាមេរិក ៖ ថ្ងៃដំបូងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់ទៅសេតវិមាន កាលពីថ្ងៃទី២០ ខែមករា គឺជាថ្ងៃមួយ ដែលគ្មានសកម្មភាពសំខាន់ណាមួយលើគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងសេដ្ឋកិច្ចដូចជា ការដាក់ពន្ធជាដើម។ ប៉ុន្តែលោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា កាតព្វកិច្ចថ្មីជាប្រវត្តិសាស្ត្រ នឹងមកដល់នៅពេលឆាប់ៗខាងមុខ។
ថ្លែងនៅពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយចំនួន នៅក្នុងការិយាល័យ Oval លោក ត្រាំ បានឱ្យដឹងដូច្នេះថា «យើងកំពុងតែគិតអំពីលក្ខខណ្ឌពន្ធ ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា។ ខ្ញុំគិតថា យើងនឹងធ្វើវានៅថ្ងៃទី១ ខែកុម្ភៈ»។
ពាក់ព័ន្ធនឹងប្រទេសចិន លោក ត្រាំ បានបដិសេធផ្តល់ព័ត៌មានលម្អិតពីពន្ធថ្មី ដោយលោកថា កិច្ចប្រជុំ និងការចរចាកំពុងបន្ត។ ប៉ុន្តែជាថ្មីម្តងទៀត លោកបញ្ជាក់យ៉ាងច្បាស់ថា ពន្ធគឺស្ថិតនៅលើតុ សូម្បីតែការពិភាក្សាអំពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok។ នៅត្រង់ចំណុចនេះ លោក ត្រាំ ថ្លែងថា «ប្រសិនបើប្រទេសចិនមិនយល់ព្រមតាមកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកម្មវិធី TikTok នោះទេ យើងនឹងអាចដាក់ពន្ធលើចិន»។
លោក ត្រាំ ទើបតែបានចុះហត្ថលេខាលើបទបញ្ជាមិនឱ្យអនុវត្តច្បាប់ហាមឃាត់កម្មវិធី TikTok រយៈពេល៧៥ថ្ងៃ ដើម្បីទុកពេលពិភាក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតខ្នាតយក្សរបស់ចិន ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TikTok ថា ព្រមលក់ភាគហ៊ុន ៥០% មកឱ្យអាមេរិក ឬក៏អត់? ដ្បិតអំឡុងពេលយុទ្ធនាការឃោសនា លោក ត្រាំ បានសន្យានឹងដំឡើងពន្ធខ្ពស់ដល់ ៦០% លើប្រទេសចិន និង ២០% លើដៃគូពាណិជ្ជកម្មផ្សេងទៀត។
ការពន្យាពេលដំបូងនៃការអនុវត្តន៍ការយកពន្ធនៅថ្ងៃដំបូងរបស់លោក ត្រាំ គឺជាការផ្លាស់ប្តូរមួយ ដើម្បីទប់ស្កាត់ការប្រែប្រួលទីផ្សារសកល។ លោកបានផ្តល់ការមើលឃើញនៃផែនការទាំងមូលរបស់លោកនៅក្នុងសុន្ទរកថាថ្ងៃស្បថចូលកាន់តំណែង ដោយលើកឡើងថា យុគមាសរបស់អាមេរិកចាប់ផ្តើមហើយ ជាមួយការសន្យាថានឹងចាប់ផ្តើមការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្មអាមេរិកជាបន្ទាន់ ដើម្បីការពារកម្មករនិយោជិត ក៏ដូចជាពលរដ្ឋអាមេរិកទាំងមូល។
បើទោះបីជាមិនទាន់អនុវត្តការដាក់ពន្ធភ្លាមៗ កាលពីថ្ងៃទី២០ ខែមករា ដូចបានសន្យាពីមុនក៏ពិតមែន ប៉ុន្តែលោក ត្រាំ ក៏បានប្រកាសថា លោកកំពុងតែគិតអំពីសកម្មភាពប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ និងការលួចរត់ពន្ធឆ្លងដែនសារធាតុ Fentanyl ដែលប្រើប្រាស់ជាធាតុផ្សំផលិតគ្រឿងញៀនចូលទឹកដីអាមេរិកផងដែរ។
លោក ត្រាំ ក៏បានប្រកាសអាសន្នព្រំដែន និងលុបចោលកម្មវិធីសិទ្ធិជ្រកកោន នៅក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់។ ជាមួយគ្នានោះ លោកចង់បានព្រែកជីកប៉ាណាម៉ាស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក ដោយបានអះអាងថា បច្ចុប្បន្នព្រែកជីកនេះ កំពុងដំណើរការដោយប្រទេសចិន៕ ដកស្រង់ ៖ Bloomberg, CNN, Reuters និង Yahoo News
ចែករំលែកព័តមាននេះ