ពិធីសែនដកជើងធូប ជាពិធីសែនមួយនៅក្នុងប្រពៃណីចិន ដែលតែងធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។ ឆ្នាំ២០២៥នេះ ថ្ងៃសែនដកជើងធូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ មករា ។ ពិធីសែនដកជើងធូបត្រូវធ្វើឡើងចន្លោះពី៥ថ្ងៃ និង៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ។
មុនពេលដកជើងធូបដើម្បីរៀបចំសម្អាតសាជាថ្មីឡើងវិញ គឺត្រូវតែមានរៀបចំពិធីសែនព្រេន ។ ពិធីសែនព្រេនដែលគេហៅថា «សែនដកជើងធូប» គឺជាពិធីសែនដើម្បីសុំដកជើងធូប ដែលមានរៀបចំកំប៉ុង ជើងពាន ឬផើងសម្រាប់ដោតធូបសាជាថ្មីឡើងវិញ ដែលនឹងទុកសម្រាប់ប្រើប្រាស់រយៈពេលពេញមួយឆ្នាំតទៅមុខទៀត ។
ពិធីសែនដកជើងធូប ជាពិធីសែនមួយក្នុងចំណោមពិធីសែនព្រេននានានៅក្នុងប្រពៃណីជនជាតិចិន ដែលគេធ្វើនៅមុនថ្ងៃចូលឆ្នាំថ្មីរៀងរាល់ឆ្នាំ ។
ចំពោះការដកជើងធូបពីពាន កំប៉ុង ឬផើង ដាច់ខាតត្រូវរក្សាទុកជើងធូប៥សរសៃនៅកន្លែងទេវតា ។ ចំណែកនៅកុងម៉ា គេរក្សាទុកផើងធូប៣សរសៃ ។ អ្នកខ្លះ ក្រោយពីដកជើងធូបហើយ ត្រូវអុជធូបសាជាថ្មីនៅកន្លែងទេវតា ត្រូវអុជ៥សរសៃ និងនៅកន្លែងកុងម៉ា៣សរសៃ ដែលជាការទទួលស្វាគមន៍ទេវតា និងកុងម៉ាដែលនឹងចុះមកបីបាច់ថែរក្សាកូនចៅឱ្យចម្រុងចម្រើននៅថ្ងៃសែនសម្រាប់ទទួលឆ្នាំថ្មី ។
ប្រពៃណីដែលជាត្រណមរបស់ជនជាតិចិន និងវៀតណាមសម្រាប់រយៈពេល១ឆ្នាំ ជើងធូប ឬកន្ទុយធូប ត្រូវគេដកតែម្តងប៉ុណ្ណោះពីកំប៉ុង ផើង ឬពានសម្រាប់ដោតធូប ពោលគឺចាប់ពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ ទើបគេហ៊ានរុះរើ និងដកជើងធូបរៀបចំឡើងវិញ ។
តាមជំនឿជាប្រពៃណីចិន និងវៀតណាម ការសែនដកជើងធូប គឺជាពិធីអរគុណ និងជូនដំណើរកុងម៉ា (ដូនតា) និងទេវតាឆ្នាំចាស់ដែលបានថែរក្សា ការពារឱ្យចម្រុងចម្រើនពួកគេអស់រយៈកាលមួយឆ្នាំកន្លងមកឱ្យត្រឡប់ទៅឋានសួគ៌វិញ ។ បន្ទាប់ពីកុងម៉ា និងទេវតាដែលជាម្ចាស់កំប៉ុងជើងធូបទាំងនោះត្រឡប់ទៅវិញ បានសេចក្តីថា កំប៉ុងជើងធូបនេះនៅទំនេរពុំមានម្ចាស់ឡើយ រហូតកុងម៉ា និងទេវតាឆ្នាំថ្មីចូលមកជំនួស ។ ក្នុងពេលពុំមានម្ចាស់នេះឯង ជាពេលដែលម្ចាស់ផ្ទះដកជើងធូបចេញពីកំប៉ុង និងយកកំប៉ុងជើងធូបទៅលាងសម្អាតសម្រាប់រៀបចំទទួលទេវតាឆ្នាំថ្មី ។
ពាក្យថា «សែនដកជើងធូប» បានសេចក្តីថា សែន អរគុណ និងជូនដំណើរកុងម៉ា ទេវតាឱ្យត្រឡប់ទៅឋានសួគ៌វិញ ។ ទោះបីជាបែបណា ចំពោះករណីចាំបាច់ដូចជា ពេលមានជើងធូបច្រើនពេកដែលអាចបណ្តាលឱ្យមានអគ្គិភ័យជាដើមនោះ គេក៏អាចដកជើងធូបចេញបាន ប៉ុន្តែត្រូវធ្វើពិធីសែនត្រឹមត្រូវដើម្បីសុំអនុញ្ញាតពីកុងម៉ា និងទេវតា ។ ការធ្វើពិធីដកមុនពេលកំណត់នេះធ្វើបានតែនៅថ្ងៃទី១៣ (ប្រតិទិនចន្ទគតិចិន)ប៉ុណ្ណោះ ទោះជានៅខែណាមួយក៏បាន ។
ចំពោះការបម្លាស់ទីរបស់កំប៉ុង ឬជើងពានជើងធូប គឺយើងត្រូវកាន់ ហើយលើកឡើងឱ្យផុតពីទីដែលបានតម្កល់ ប៉ុន្តែកុំអូសកំប៉ុង ឬជើងពាននោះឱ្យសោះ ទើបជាការលើករាសីដល់ម្ចាស់ផ្ទះ ហើយកុងម៉ា ឬទេវតាក៏នឹងមិនខឹងសម្បាផងដែរ ៕ អត្ថបទ៖ ស.ភ.រ
ចែករំលែកព័តមាននេះ