រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី០៥ កក្កដា ២០១៥ មានសូរសំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានឮចេញពីហាងផឹកស៊ីមួយកន្លែងយីហោ «អាណាចក្រអង្គរ» ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ប្រភពអ្នកយកព័ត៌មាន«កោះសន្តិភាព»បានឱ្យដឹងថា ខណៈពេលនេះជនសង្ស័យបាញ់បោះសេរីដែលត្រូវបានគេស្គាល់ថាជាក្មួយមន្ត្រីជាន់ខ្ពស់ម្នាក់នោះត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។
ប្រភពបានឱ្យដឹងទៀតថា ជនសង្ស័យត្រូវបានហៅទៅសួរនាំនៅក្នុងបន្ទប់របស់លោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ដែលនៅក្នុងបន្ទប់សួរចម្លើយនោះមានទាំងលោកអេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ, លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌម្នាក់ និងតំណាងអាយ្យការម្នាក់ផងដែរ ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការសួរចម្លើយនេះហាក់លាក់លៀមមិនព្រមឱ្យអ្នកកាសែតសួរនាំអ្វីសោះ នេះប្រហែលជាខ្លាចឥទ្ធិពលក្មួយមន្ត្រីជាន់ខ្ពស់ហើយមើលទៅ ?
ប្រភពក្រៅផ្លូវការបានឱ្យដឹងថា ខណៈនេះអាជ្ញាធរខណ្ឌច្បារអំពៅ និងតំណាងអយ្យការ កំពុងរៀបចំឯកសារឱ្យជនសង្ស័យត្រឡប់ទៅផ្ទះវិញ ដោយយោងហេតុផលថា ជនសង្ស័យបាញ់ឡើងលើដើម្បីរំដោះខ្លួនចេញពីក្រុមក្មេងស្ទាវតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតភាគីម្ខាងទៀតពុំមានវត្តមាននៅកន្លែងសួរនាំឡើយ ។
«កោះសន្តិភាព»ព្យាយាមទំនាក់ទំនងទៅលោកណុប ផា អភិបាលរងខណ្ឌ និងលោកអេម សារ៉ាវុធ អធិការនគរបាលខណ្ឌ ដើម្បីបំភ្លឺជុំវិញបញ្ហានេះដែរ តែទូរស័ព្ទចូលហើយគ្មានអ្នកលើកសោះ មិនដឹងមូលហេតុអ្វីឡើយ ។
ព័ត៌មានបន្ថែមនឹងផ្សាយជូននៅពេលក្រោយទៀត
ចែករំលែកព័តមាននេះ