ខេត្តព្រះសីហនុ ៖ ក្រុមកម្មករសំណង់ រួមជាមួយសន្តិសុខឯកជន PSA ចំនួន៥នាក់ ត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៤ ដឹកនាំដោយលោកអនុសេនីយ៍ទោ លុយ ហាង ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង០២ រហូតដល់ម៉ោង១០យប់ថ្ងៃទី១៩ ឧសភា២០១៥ ស្ថិតត្រង់ចំណុចផ្សេងគ្នា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោកអនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤បានឱ្យថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះSAKIP CATAL ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិទួរគី កាន់លិខិតឆ្លងដែនលេខ១០៤៧៨៩៧៦ មានមុខរបរបើក ហាងភេសជ្ជៈយីហោ REGA ថា មានមនុស្សចូលលួចយកសម្ភារក្នុងហាង ដែលកំពុងធ្វើការជួសជុលនៅចន្លោះម៉ោង៧ព្រឹក ទៅម៉ោង១១ថ្ងៃត្រង់ ដោយបាត់បង់សម្ភារមួយចំនួនរួមមាន ម៉ាស៊ីនបោកខោអាវ, ទូទឹកកក, ម៉ាស៊ីនភ្លើងអាំវែទើរ និងធុងក្លាស្សេ១ ។
ប្រភពបន្តថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កំលាំងសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវភ្លាម ដោយឃាត់ខ្លួនបានជនសង្ស័យ១-ឈ្មោះស៊ុង សុភី អាយុ៤៩ឆ្នាំ ជាសន្តិសុខឯកជន PSA មានទីលំនៅក្រុម៣៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ជាជនដៃដល់ក្នុងការលួចសម្ភារ) ២-ឈ្មោះគង គឺមឡុង អាយុ២៣ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្រុម១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ជាអ្នកចូលរួមធ្វើសកម្មភាព) ៣-ឈ្មោះស៊ិន ស៊ុំ អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្រុម១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ៤-ឈ្មោះណុប សំបូ ភេទប្រុស អាយុ៥២ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្រុម១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ដៃដល់ធ្វើសកម្មភាព) និង៥-ឈ្មោះអូច សុធីន អាយុ៣៦ឆ្នាំ មានទីលំនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ជាអ្នកលក់នំប៉័ង (អ្នកទទួលផលចោរកម្ម) ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញសម្ភារៈដែលបាត់នោះផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៤ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ