ខេត្តបន្ទាយមានជ័យ ៖ ខ្យល់កន្ត្រាក់កន្លងមក បានបង្កឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួកចំនួន២ឃុំ គឺឃុំគំរូ និងឃុំថ្មពួក រួមទាំងសាលារៀនចំនួន៨ខ្នង និងផ្សារថ្មីថ្មពួកចំនួន១ខ្នង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងស្រុកថ្មពួកចំនួន៤១៦គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នោះ កាលពីវេលាព្រឹកថ្ងៃទី០១ ឧសភា ២០១៥ លោកកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់របស់ឯកឧត្តម និងលោកជំទាវជាស័ង្កសី គ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់មួយគ្រាផងដែរ ។
លោកគោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា ចាប់ពីថ្ងៃទី៣១ មីនា ២០១៥ ដល់ថ្ងៃទី២៨ មេសា ២០១៥ មានស្រុក-ក្រុងក្នុងខេត្តបន្ទាយមានជ័យ បានទទួលរងនូវគ្រោះមហន្តរាយធម្មជាតិដោយខ្យល់កន្ត្រាក់ បង្កឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋជិតរយខ្នង, បង្គោលភ្លើងធំ១០ដើម, តូច១៥ដើម បានដួលរលំ និងដាច់ចរន្តភ្លើងទៅសៀមរាប៣ថ្ងៃ៣យប់ ។
កាលពីល្ងាចថ្ងៃទី២៩ មេសា ២០១៥ កន្លងមក ខ្យល់កន្ត្រាក់បានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរទៅលើស្រុកមួយចំនួនបន្ថែមទៀត ១-នៅស្រុកថ្មពួកនេះចំនួន៤១៦គ្រួសារ ខូចខាតស្រាលចំនួន៣៣៩គ្រួសារ និងធ្ងន់៧៧គ្រួសារ, របួសមនុស្ស៥នាក់ ធ្ងន់១នាក់ ខូចខាតសាលាបឋមសិក្សា៧ខ្នង, វិទ្យាល័យថ្មពួក៤ខ្នង ធ្ងន់១ខ្នង, ផ្ទះសំណាក់គ្រូ១ខ្នង, ខ្លោងទ្វារ, ដំបូលផ្សារថ្មីថ្មពួកខូងទាំងស្រុង, ២-ស្រុកអូរជ្រៅ ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន៣១ខ្នង, ធ្ងន់៣ខ្នង, សាលារៀន១ខ្នង, ស្រុកស្វាយចេកប៉ះពាល់ចំនួន១៨ខ្នង, ធ្ងន់១ខ្នង, វត្ត១កន្លែង, ក្រុងប៉ោយប៉ែតចំនួន៣៨ខ្នង ធ្ងន់៧ខ្នង និងស្រុកព្រះនេត្រព្រះប៉វត្ត១កន្លែង ។
លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាយើងបច្ចុប្បន្នជួបប្រទះនូវគ្រោះធម្មជាតិធំៗចំនួន២ ដែលគួរឱ្យបារម្ភ គឺខ្យល់ព្យុះ (ហៅថាខ្យល់កន្ត្រាក់) និងទឹកជំនន់ជាដើម ។ ដូច្នេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពេលមានភ្លៀង ឬខ្យល់ ត្រូវរកកន្លែងដែលមានសុវត្ថិភាពជាបន្ទាន់ ចៀសវាងការគ្រោះថ្នាក់។
ចំណែកអំណោយដែលលោកបានយកមកចែកជូនពេលនេះគ្រួសារ គឺមានចំនួន៧៧គ្រួសារ ដោយក្នុង១គ្រួសារទទួលបានស័ង្កសីចំនួន២៤សន្លឹក, មី១កេស, ភួយ១, កៅស៊ូតង់១, នំធុង១ធុង, សារុង២, ថវិកាចំនួន៥ម៉ឺនរៀល, អង្ករ២៥គ.ក្រ, ចំណែកគ្រួសារដែលរងគ្រោះស្រាលចំនួន៣៣៩គ្រួសារ បើទោះបីជាតិចតួច តែអាចជួយសម្រួលដល់ការលំបាករបស់បងប្អូនមួយគ្រា ដោយក្នុង១គ្រួសារទទួលបានស័ង្កសីចំនួន២៤សន្លឹក, មី១កេស, នំធុង១ធុង, សារុង២ និងថវិកាចំនួន៥ម៉ឺនរៀល, អង្ករ២៥គ.ក្រ ៕
ចែករំលែកព័តមាននេះ