រាជធានីភ្នំពេញ ៖ សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា កាលពីព្រឹកថ្ងៃទី១២ មេសា ២០១១ បានរៀបចំពិធីប្រគល់អំណោចដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដើម្បីយកទៅចែកជូនជនរងគ្រោះគ្រួសារក្រីក្រចាស់ជរាគ្មានទីពឹង និងគ្រួសារផ្ទុកមេរោគអេដស៍ ជាការចូលរួមបម្រើផ្នែកសង្គហធម៌ និងមនុស្សធម៌ ។ ពិធីនេះបានរៀបចំឡើងនៅក្នុងវត្តញាណរង្សី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានការប្រគល់ និងទទួលពីសំណាក់ព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ ជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាចៅអធិការវត្តញាណរង្សី និងលោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ ព្រមទាំងមានសមាជិក សមាជិកាកាកបាទក្រហម អាជ្ញាធរសង្កាត់ និងព្រះសង្ឃនិមន្ត និងអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។
អំណោយដែលបានប្រគល់ដល់កាកបាទក្រហមខណ្ឌឫស្សីកែវ ក្នុងឱកាសនោះរួមមាន អង្ករចំនួន១តោន ទឹកដោះគោ២០កំប៉ុង ស្ករសចំនួន៥០គីឡូក្រាម មីចំនួន១០កេសតូច ទឹកត្រីចំនួន៥យួរ ទឹកស៊ីអ៊ីវចំនួន៥យួរ សម្ភារប្រើប្រាស់ចំនួន៤ សម្រាប់ធំ និងថវិកាចំនួន៤លានរៀល ។ ព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ បានមានថេរដីកាឱ្យដឹងថា អំណោយដែលយកមកប្រគល់ជូនដល់កាកបាទក្រហមខណ្ឌឫស្សីកែវ នៅពេលនេះបានមករបស់ការចូលរួមពីពុទ្ធបរិស័ទ និងព្រះសង្ឃក្រោមការបំផុសចលនារបស់ព្រះតេជគុណផ្ទាល់។ ការចូលរួមធ្វើទានវាជាបុណ្យកុសលរមែងធ្វើឱ្យពុទ្ធបរិស័ទឈ្នះគ្រប់បែបយ៉ាង ។ ព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ បានមានថេរដីកាឱ្យដឹងទៀតថា អំណោយទាំងនេះតិចតួចទេ តែជាសន្តានចិត្តព្រះសង្ឃ និងពុទ្ធបរិស័ទ្ធដែលបានរួបរួមគ្នាជួយដល់កាកបាទក្រហមខណ្ឌឫស្សីកែវ ដើម្បីនាំយកទៅជួយសម្រួលដល់ការលំបាករបស់ជនរងគ្រោះ និងជនក្រីក្រផ្សេង ។
លោកនុត ពុទ្ធដារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ បានឱ្យដឹងថា នេះមិនមែនជាលើកទី១នោះទេ ដែលព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ បានយកអំណោយមកប្រគល់ជូនដល់កាកបាទក្រហមខណ្ឌឫស្សីកែវ ។ បន្ទាប់ពីទទួលបានអំណោយនេះ លោកនឹងចាត់ឱ្យសមាជិក សមាជិកា កាកបាទក្រហមតាមសង្កាត់ចុះធ្វើការស្រាវជ្រាវរកប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង និងក្រុមគ្រួសារផ្ទុកមេរោគអេដស៍នាំយកអំណោយទាំងនេះទៅចែកជូនដល់លំនៅឋាន ៕
ចែករំលែកព័តមាននេះ