ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​កុំឱ្យ​មាន​បញ្ហា​ខ្យល់គរ​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់

9 ឆ្នាំ មុន

បើសិន​គ្រាន់តែ​ជា​បញ្ហា​ខ្យល់គរ មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​អ្នកជំងឺ​អាច​ដឹងខ្លួន​វិញ​បន្ទាប់​ពី​បាត់បង់​ស្មារតី​ត្រឹមតែ​២​ឬ​៣​នាទី​ក្រោយមក​ក៏​ដឹងខ្លួន​ឡើង​វិញ ហើយ​ការ​ទទួលទាន​ទឹក​ច្រើន

បើសិន​គ្រាន់តែ​ជា​បញ្ហា​ខ្យល់គរ មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​អ្នកជំងឺ​អាច​ដឹងខ្លួន​វិញ​បន្ទាប់​ពី​បាត់បង់​ស្មារតី​ត្រឹមតែ​២​ឬ​៣​នាទី​ក្រោយមក​ក៏​ដឹងខ្លួន​ឡើង​វិញ ហើយ​ការ​ទទួលទាន​ទឹក​ច្រើន​ក៏​ជា​វិធី​ការពារ​កុំឱ្យ​មាន​បញ្ហា​ខ្យល់គរ​បាន ។ ការ​ទាក់ទង​នឹង​របៀប​ការពារ​កុំឱ្យ​ខ្យល់គរ​នេះ​លោក​វេជ្ជបណ្ឌិត ឈី ប្រកប អនុប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​ប្ត​ល់​យោបល់​ដូច​តទៅ ៖

-​មិន​ត្រូវ​ឈរ​ហាលថ្ងៃ​យូរ​ពេក ព្រោះ​បើកាលណា​ឈរ​យូរ ចរន្តឈាម​មិន​អាច​ហូរ​ចូល​មក​កាន់​សរសៃឈាម​ខួរក្បាល​បាន​ល្អ ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​តម្រូវ​ឱ្យ​លោក​អ្នក​ត្រូវ​តែ​ឈរ​នៅ​ហាលថ្ងៃ​យូរ គួរ​យក​បង់​មក​រុំ​ជើង​ឱ្យ​តឹង ដើម្បី​ឱ្យ​ឈាម​ច្រាល​ឡើង​ទៅ​ខួរក្បាល​កុំឱ្យ​ឈាម​នៅ​នឹង​ជើង​ច្រើន​ពេក ។

-​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ដោយ​ក្នុង​មួយ​ថ្ងៃ​ទទួលទាន​ឱ្យ​បាន​យ៉ា​ង​តិច​ពីរ​លី​ត្រ ។

-​មិន​ត្រូវ​មានការ​ភ័យ​ខ្លាច​ពេក គួរ​ចេះ​សម្រួល​អារម្មណ៍ អប់រំ​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​និង​ត្រូវ​ចៀសវាង​ពី​កន្លែង​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​មានការ​ភ័យ​ខ្លាច ឬ​ស្លុត​អារម្មណ៍ ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​គ្រោះថ្នាក់​ផ្សេង​ៗ​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។

-​ចំពោះ​អ្នក​ដែល​ឧស្សាហ៍​មាន​សម្ពោធ​ឈាម​ធ្លាក់​ចុះ ធ្វើ​ឱ្យ​កើត​មាន​ខ្យល់គរ​ញឹកញាប់ គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​អ្នកជំងឺ​ទទួលទាន​ប្រៃ​ជាង​មុន​បន្តិច តែ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង និង​ជំងឺលើសឈាម​មិន​អនុ​ញ្ញា​ឱ្យ​ទទួលទាន​ប្រៃ​ពេក​ទេ ។

-​នៅ​ពេល​ដែល​មាន​អាការ​រកកល់​ខ្យល់គរ​ដូច​ជា មាន​អារម្មណ៍​ងងឹតមុខ អស់កម្លាំង ឈឺក្បាល បែកញើស លោក​អ្នក​គួរតែ​រក​កន្លែង​អង្គុយ​ឱ្យ​បាន​ស្រួល​ចៀសវាង​គ្រោះថ្នាក់​ដោយសារ​តែ​ការ​ដួល​ជាយថាហេតុ ។

-​យក​ល្អ​លោក​អ្នក​ដែល​ឧស្សាហ៍​កើត​មាន​បញ្ហា​ខ្យល់គរ​ញឹកញាប់ គួរតែ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បានដឹង​អំពី​មូលហេតុ​នៃ​ជំងឺ ងាយស្រួល​ព្យាបាល ព្រោះ​ខ្យល់គរ​ខ្លះ​អាច​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​បេះដូង ។

-​សម្រាប់​ប្រជាជន​ខ្មែរ កាលណា​ឃើញ​បុគ្គល​ណា​ម្នាក់​ដួល​បាត់បង់​ស្មារតី គួរ​ជួយ​សង្គ្រោះ គ្នា​លើកដាក់​កន្លែង​ដែល​មាន​អាកាសធាតុ​ល្អ​មិន​ត្រូវ​ទៅ​រោម​មើល​ច្រើន​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​បរិយាកាស​អាប់អួ​ឬ​ហប់ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកជំងឺ​កាន់តែ​មាន​សភាព​ធ្ងន់ ។

-​បើសិនជា​ការ​សន្លប់​នៅ​តែ​បន្ត គួរតែ​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ព្រោះ​អាច​មាន​ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺ​បេះដូង ៕