ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែកមុខ​ជន​ដៃដល់​បា.ញ់​ និង​វាយ​ធ្វើ​ទារុណកម្ម​លើ​អ្នក​បើករថ​យន្ត​ដឹកស្រូវ

9 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ហេតុ​ការ​ណ៍​ក្រុម​សមត្ថកិច្ច​ដេញ​បា.ញ់​រថយន្ត​ដឹកស្រូវ ហើយ​ចាប់​អ្នកបើកបរ​ម្នាក់ និង​ព្រូរថ​យន្ត​​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហា.វ​ឃោ​រឃៅ កាលពី​ថ្ងៃ​ទី​១៩​ មី​នា​កន្លង​ទៅ នៅ​លើ​កំណាត់​ផ្លូវជាតិ​

ខេត្ត​ព្រៃវែង ៖ ហេតុ​ការ​ណ៍​ក្រុម​សមត្ថកិច្ច​ដេញ​បាញ់​រថយន្ត​ដឹកស្រូវ ហើយ​ចាប់​អ្នកបើកបរ​ម្នាក់ និង​ព្រូរថ​យន្ត​​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ឃោ​រឃៅ «ទារុណកម្ម​ដោយសារ​រថយន្ត​មិន​ព្រម​ចូល​បង់ប្រាក់»កាលពី​ថ្ងៃ​ទី​១៩​ មី​នា​កន្លង​ទៅ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ក្នុងភូមិ​ធ្នង់ ឃុំ​ជា​ខ្លាំង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​ធ្វើ​ឱ្យមហាជន​មានការ​ចាប់​អារ​ម្ម​ណ៍ និង​ចង់​ដឹង​ជា​ខ្លាំង​ថា​តើ សមត្ថកិច្ច​ណាខ្លះ​ដែល​ជា​ជន​ដៃដល់ ហើយ​សកម្មភាព​នេះ​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​អ្នក​ណា?

ដើម្បី​ស្វែងរក​ការ​ពិត​នៅ​ក្នុង​ករណី​នេះ លោកនាយ​ឩ​ត្តម​សេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​បញ្ជា​ឱ្យ​ក្រុម​អធិការកិច្ច​កងរាជអាវុធហត្ថដែលដឹកនាំ​ដោយ​លោក​ឩ​ត្តម​សេនីយ៍​ត្រី ស៊ឹង សុ​ផា​នី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេសចុះ​មក​ធ្វើការ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​លើ​បញ្ហា​នេះ​។

ក្រុម​អធិការកិច្ច​នេះបាន​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេតពី​ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ដែល​ជាទី​តាំង​កើតហេតុ​ដំបូង នៅ​ថ្ងៃ​ទី២៣​ មី​នា លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​២៤​ មីនា បាន​បន្ត​ចុះ​មក​ធ្វើការ​ស៊ើបអង្កេត​នៅ​ខេត្តព្រៃវែង​ទៀត​។ បន្ទាប់​ពី​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​អាវុធហត្ថ​ខេត្តព្រៃវែង​រួច ក្រុម​អធិការកិច្ច​បាន​កោះហៅ​មន្ត្រី​អាវុធហត្ថ​វរៈ​៨០៨ ឱ្យ​ចូល​បំភ្លឺ​អំពី​ហេតុ​ការ​ណ៍ដែល​បាន​កើតឡើង​ម្តងម្នាក់​ៗ បន្ទាប់​មក​ក៏​បាន​កោះហៅ​ជន​រង​គ្រោះ​ទាំង​២ ឱ្យ​ចូល​បំភ្លឺ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ផង​ដែរ​។ 

ទោះជា​យ៉ាងណា​ក៏​ដោយ ក្នុង​ដំណើរការ​ស៊ើបអង្កេត​នេះ​ក្រុម​អ្នក​សារ​ព័​ត៌​មាន​មិន​ត្រូវ​បាន​គេ​អនុញ្ញាតឱ្យ​ចូល​យក​ព័ត៌​មាន​ទេ ហើយ​គេ​ក៏​មិន​បញ្ជាក់ឱ្យដឹង​ដែរ​ថា ការ​ស៊ើបអង្កេត​នេះ​ទទួល​បាន​លទ្ធផល​យ៉ាងណា​នោះ​ដែរ​។

ជុំវិញ​បញ្ហា​នេះ បើ​ទោះបីជា​គ្មាន​ការ​បំភ្លឺ​ជា​សាធារណៈ​ពី​សំណាក់​មន្ត្រី​អធិការកិច្ច​ទាំងនោះក៏​ដោយ ប៉ុន្តែ​ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​មូលដ្ឋានបាន​បង្ហើប​ឱ្យ​កោះសន្តិភាព​ដឹង​ថា ជន​ដៃដល់​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​ដេញ​បាញ់ និង​វាយ​ធ្វើ​ទារុណកម្ម​មក​លើ​អ្នកបើកបររថយន្ត​ដឹកស្រូវ​រួម​ជាមួយ​និង​ព្រូ​ម្នាក់​ទៀត​នោះ មក​ដល់​ពេល​នេះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​។ ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា អ្នក​ដែល​ប្រើ​កាំភ្លើង​បាញ់​រះ​ទៅ​លើ​រថយន្ត​ដឹកស្រូវ​នោះ គឺជា​កំលាំង​អាវុធហត្ថ​វរៈ​៨០៨​របស់​ខេត្តព្រៃវែង ចំណែក​អ្នក​ដេញ​បាញ់​ពីក្រោយ​ចាប់ពី​អូ​រាំង​ឳ​រហូត​ដល់​ស្វាយ​អ​ន្ទ​រ​ គឺជា​កំលាំង​អាវុធហត្ថ​ស្រុក​អូ​រាំង​ឳ ហើយអ្នក​ដែល​ប្រើ​ជើង​ជាន់​ក្បាល​ជន​រង​គ្រោះ គឺជា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រាំង​ឳ រីឯ​អ្នក​ប្រើ​ស្នាប់​កាំភ្លើង​វាយ​ជន​រង​គ្រោះ​បណ្តាលឱ្យ​បែក​ភ្នែក​នោះ គឺជា​មន្ត្រី​ប៉ូ​លិស​សេដ្ឋកិច្ច​ឈ្មោះ ឃ្លី​ន ប្រចាំការ​នៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ និង​អ្នក​ដែល​រួម​ដៃ​ព្រួត​វាយ​ធ្វើ​ទារុណកម្ម​លើជន​រង​គ្រោះ​ទាំង​២​នោះ គឺ​ក្រុម​ជញ្ជីង​ចល័ត​ខេត្ត​ត្បូងឃ្មុំ និង​គយ​ខេត្តព្រៃវែង​ប្រចាំការ​នៅរង្វង់​មូល​ស្វាយ​អ​ន្ទ​រ​។

ប្រភព​ព​ត៌​មាន​ច្បាស់ការ​ណ៍ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ការ​ដែល​កំលាំង​អាវុធហត្ថ​វរៈ​៨០៨ ចេញ​ស្ទាក់​ចាប់​រថយន្ត​ដឹកស្រូវ​ខាងលើ​នេះ គឺ​ដោយសារ​មាន​បញ្ជា​ពី​លោក​ឩ​ត្តម​សេនីយ៍ សុខ គ្រី​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​សង្ស័យ​ថា ​រថយន្ត​នេះ​មាន​ដឹកឈើ​ប្រណីត​ខុសច្បាប់ ហើយ​ការ​បាញ់​រះទៅ​លើ​រថយន្ត​ដឹកស្រូវ​នោះ គឺ​ដោយសារ​តែ​ពេល​សមត្ថកិច្ច​ឃាត់ រថយន្ត​នោះ​មិន​ព្រម​ឈប់ ហើយ​ថែម​ទាំង​បើក​បុក​រថយន្ត​សមត្ថកិច្ច​ដែល​ដាក់​ស្ទាក់​នៅ​កណ្តាលផ្លូវ​ទៀត ទើប​ធ្វើ​ឱ្យសមត្ថកិច្ច​ទាំងអស់​ខឹង​ ហើយ​នាំ​គ្នា​ដេញ​បាញ់ និង​ចាប់​វាយ​ធ្វើ​ទារុណកម្ម​តែ​ម្តង​៕

( រូបភាព​ក្រុម​អធិការកិច្ច​នៅ​ក្នុង​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តព្រៃវែង ) សុំ ពៅ​ពិសិដ្ឋ ED29026