ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារុណកម្ម​ដោយសារ​រថយន្ត​មិន​ព្រម​ចូល​បង់ប្រាក់

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿង ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង តាម​ប្រមាញ់​ដូច​ដេញចាប់​ចោរប្លន់​ដោយ​មានការ​បា.ញ់​សន្ធាប់​អស់​ប្រមាណ​ជាង​១០​គ្រាប់​ផង​ដែរ

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿង ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង តាម​ប្រមាញ់​ដូច​ដេញចាប់​ចោរប្លន់​ដោយ​មានការ​បាញ់​សន្ធាប់​អស់​ប្រមាណ​ជាង​១០​គ្រាប់​ផង​ដែរ និង​បាន​ចាប់​អ្នកបើកបរ​រួម​ជាមួយ​ព្រូឡាន​ម្នាក់​វាយដំ​ទាត់​ធាក់​ឱ្យ​ដេក​ផ្ទាល់​ដី​ជាន់​ក្បាល​ញិញ​ដូច​សត្វ​ធាតុ​រហូត​ដល់​សន្លប់ ទើប​នាំ​យក​ទាំង​មនុស្ស​និង​រថយន្ត​ទៅ​ប្រគល់​ឱ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ចាត់ការ​បន្ត ។

ហេតុការណ៍​មហា​អាក្រក់​បំផុត​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ មីនា នៅ​តាម​ដងផ្លូវ​ពី​ចំណុច​ក្បែរ​ផ្សារ​អូរ​រាំង​ឪ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ មក​ដល់​ផ្លូវជាតិ​លេខ​៨ ក្នុង​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

រថយន្ត​ដែល​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​និង​មានការ​ផ្ទុះអាវុធ​ផង​នោះ ជា​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​ខ្នាត​យក្ស​ពាក់ ស្លាក​លេខ​កំពង់ចាម 3A -3419 បើកបរ​ដោយ​ឈ្មោះ ណេ​ន ស៊ី​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ព្រូឡាន​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ឈ្មោះ ធឿ​ន ណើ​ប ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ដេញ​ប្រមាញ់​រថយន្ត​ដឹកស្រូវ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​មួយ​ចំនួន​អះអាង​ខុស​ៗ​គ្នា អ្នកខ្លះ​ថា​មក​ពី​រថយន្ត​នេះ​បុក​មនុស្ស​ស្លាប់​២​នាក់ នៅ​កំពង់ចាម​ទើប​សមត្ថកិច្ច​ដេញ​តាម​ចាប់ ។ អ្នកខ្លះ​ទៀត​ថា មក​ពី​រថយន្ត​នេះ បើក​បុក​បារាស​សមត្ថកិច្ច​ដែល​ដាក់​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​អូរ​រាំង​ឪ​។

រីឯ​សមត្ថកិច្ច​ខ្លះ​ទៀត​អះអាង​ថា មក​ពី​រថយន្ត​នេះ បើក​បុក​បារាស​ក្រុម​ជញ្ជីង​ចល័ត​នៅ​ចំណុច​ទួល​ទ្រា ថ្នល់ទទឹង​ទើប​សមត្ថកិច្ច​ដេញ​តាម​ឃាត់ តែ​រថយន្ត​នេះ​មិន​ព្រម​ឈប់​ទើប​ពួក​គេ​ដេញ​បាញ់​គំរាម​ពីក្រោយ​ឱ្យ​ឈប់​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រភព​ទាំង​៣​ខាងលើ​នេះ មិន​មាន​ប្រភព​ណាមួយ​មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​អាច​យក​ជា​ការ​បាន​នោះ​ទេ ប្រៀប​ដូច​យក​ត្រូវ​ខ្លួនឯង ។

ដោយឡែក​ជន​រង​គ្រោះ ណេ​ន ស៊ី​ដា ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​ខាងលើ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ដោយសារ​តែ​រូបគេ​បើករថយន្ត​ហួស​មិន​បាន​ចូល​បង់លុយ​ឱ្យ​ក្រុម​ជញ្ជីង​ដែល​គេ​ដាក់​នៅ​ចំណុច​ទួល​ទ្រា ក្នុងស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​នោះ ទើប​ក្រុម​ជញ្ជីង​បើករថយន្ត​៤-៥​គ្រឿង​ដេញ​តាម​ពីក្រោយ ហើយ​បាញ់​ពីក្រោយ​៤-៥​គ្រាប់​គំរាម​ឱ្យ​ឈប់​ធ្វើ​ឱ្យ​រូបគេ​ភ័យ បើករថយន្ត​រត់​កាន់តែ​លឿន​។ ពេល​បើក​ហួស​ផ្សារ​អូរ​រាំង​ឪ ក៏​មាន​រថយន្ត​កាម​រី ពណ៌​ស​១​គ្រឿង​ចេញ​មក​ពាំង​ពីមុខ​រថយន្ត​របស់​គេ​ទាំង​ប្រថុចញ៉ុច ធ្វើ​ឱ្យ​គេច​មិន​ទាន់​ក៏​បុក​ចំ​ច្រមុះ​រថយន្ត​នោះ​ផ្នែក​ខាងឆ្វេង​ពេញទំហឹង ។ ភ្លាម​នោះ​អ្នក​ដែល​យក​រថយន្ត​មក​ពាំង​ផ្លូវ​រួម​ជាមួយ​អ្នក​ដេញ​តាម​ពីក្រោយ​ផង បាន​បាញ់​សន្ធាប់​មក​លើ​រថយន្ត​របស់​គេ​៣-៤​គ្រាប់​ទៀត​ធ្វើ​ឱ្យ​គេ​កាន់តែ​ភ័យ ក៏​បើករថយន្ត​រត់​បន្ត​ទៀត​រហូត​មក​ដល់​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ក៏​មាន​រថយន្ត​ប្រដេញ​របស់​កងរាជអាវុធហត្ថ​វរៈ​៨០៨​ខេត្តព្រៃវែង រួម​ជាមួយនឹង​រថយន្ត​៤-៥​គ្រឿង​ទៀត បាន​ចេញ​មក​ដេញ​រថយន្ត​របស់​គេ​។ រថយន្ត​ប្រដេញ​របស់​អាវុធហត្ថ​នោះ បាន​បើក​វ៉ា​មក​ខាង​មុខ​រថយន្ត​របស់​គេ ហើយ​មនុស្ស​៣​នាក់​បាន​អើត​ចេញ​តាម​កញ្ចក់​ទ្វា​រថយន្ត និង​ប្រើ​កាំភ្លើង​អាកា បាញ់​រះ​សន្ធាប់​មក​លើ​រថយន្ត​របស់​គេ​អស់​៧-៨​គ្រាប់ បណ្តាល​ឱ្យ​ធ្លុះ​កញ្ចក់​ខាង​មុខ​ដល់​ជញ្ជាំង​រថយន្ត​ខាងក្រោយ ធ្វើ​ឱ្យ​ខ្លួន​និង​ព្រូ​ភ័យ​នាំ​គ្នា​ក្រាប​ក្រោម​តាប​ឡូ​រថយន្ត​ញ័រ​ខ្លួន​ចំប្រប់​ហើយ​ក៏​បញ្ឈប់រថយន្ត​លែង​ហ៊ាន​ទៅ​មុខ​ទៀត នៅ​ចំណុច​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ​។

អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​បាន​បន្ត​ថា ពេល​ដែល​ឈប់​រថយន្ត​ភ្លាម ក្រុម​សមត្ថកិច្ច​ដែល​រួម​មាន​អាវុធហត្ថ ប៉ូលិស​សេដ្ឋកិច្ច មន្ត្រី​គយ និង​ក្រុម​ជញ្ជីង​ប្រមាណ​ជា​៦-៧​នាក់ បាន​ចាប់​ពួក​គេ​ទាំង​២​នាក់​ចង​និង​វាយ​ទាត់​ធាក់​ដោយ​ដៃ​និង​ជើង​ផ្ទប់​នឹង​ដី ព្រមទាំង​ស្នាប់​កាំភ្លើង​រហូត​ដល់​សន្លប់ ហើយ​ប្រមូល​យក​ឯកសារ​រថយន្ត ព្រមទាំង​លុយ​ចំនួន​៣​លាន​រៀល​នៅ​ក្នុង​រថយន្ត រួច​ទើប​យក​ពួក​គេ​ទៅ​ឃុំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ដោយ​មាន​កម្លាំង​អាវុធហត្ថ និង​ប៉ូលិស​ជា​ច្រើន​នាក់​នៅ​យាម ។ រហូត​ដល់​ម៉ោងជាង​១​យប់ ទើប​សមត្ថកិច្ច​ទាំងនោះ ស្រាយចំណង​ពី​ដៃ​និង​ជើង​ពួក​គេ​ចេញ ហើយ​បន្ទាប់​មក​ប៉ូលិស ប៉េ​អឹ​ម​ក៏​រំដោះខ្លួន​ចេញពី​អធិការដ្ឋាន​ស្រុក​ម្តងម្នាក់​ៗ​រហូត​បាត់​អស់ ។ លុះ​ព្រឹក​ឡើង​ទើប​ប៉ូលិស​ដោះ​លែងឱ្យ​ពួក​គេ​មាន​សេរីភាព​វិញ ចង់ទៅ​ណា​ទៅ​ៗ… ប៉ុន្តែ​រថយន្ត​ដឹកស្រូវ​ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​អ​ន្ទ​រ​ដដែល ។

ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​បញ្ជាក់​ថា រូបគេ​គ្រាន់តែ​មិន​បាន​ឈប់​បង់លុយ​ឱ្យ​ក្រុម​ជញ្ជីង​ប៉ុណ្ណោះ តែ​ក្រុម​សមត្ថកិច្ច​បែរជា​ដេញ​បាញ់​រថយន្ត​របស់​ពួក​គេ​តាំងពី​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ រហូត​មក​ដល់​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ចាប់​វាយ​ទាត់​ធាក់​ពួក​គេ​យ៉ាង សាហាវព្រៃផ្សៃ​បំផុត ធ្វើ​ដូច​ដេញ​បាញ់​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ឬ​ក្រុម​ចោរប្លន់​អ៊ីចឹ​ង ។ ទ​ង្វើ​សាហាវយង់ឃ្នង​នេះ​គឺ​ពួក​គេ​មិន​អាច​ទទួលយក​បាន​នោះ​ទេ ម្យ៉ាងទៀត​ការ​បាញ់​សន្ធាប់​នោះ គឺ​មិន​បាន​បាញ់​តម្រង់​កង់​ដើម្បី​បញ្ឈប់រថយន្ត​នោះ​ទេ គឺ​គេ​បាញ់​តម្រង់​រក​កន្លែង​ដែល​មាន​មនុស្ស​អង្គុយតែ​ម្តង ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា សមត្ថកិច្ច​ទាំងនោះ​មាន​ចេតនា​បាញ់់​សម្លាប់​ពួក​គេ ទើប​ពួក​គេ​នាំ​គ្នា​ធ្វើ​ពាក្យបណ្តឹង ប្តឹង​សុំ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ពាក់​ព​ន្ធ័​ទាំងអស់​ជួយ​ចាត់វិធានការ និង​រក​យុត្តិធម៌​ឱ្យ​ពួក​គេ​ផង ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា សំណុំរឿង​នេះ​លោក​ទុក​ឱ្យ​ខាង​កងរាជអាវុធហត្ថ​ចរចា​សម្របសម្រួល​ដោះស្រាយ​បញ្ចប់រឿង​ជាមួយនឹង​ជន​រង​គ្រោះ​ទៅចុះ ។ ចំណែក​លោក​មិន​ឱ្យ​មន្ត្រី​របស់​លោក​ចាត់ការ​អ្វី​នោះ​ទេ ។ លោកស្នងការ​មាន​ប្រសាសន៍​បែប​នេះ មាន​ន័យ​ថា ខាង​ប៉ូលិស​សុំ​រួចខ្លួន ទម្លាក់​ឱ្យ​ប៉េ​អឹ​មរ​ង​ថ្ម​បាក់​ទាំងស្រុង ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២២ មីនា ក្រុម​សមត្ថកិច្ច​ប្រដាប់​អាវុធ​ដែល​បាន​បាញ់ប្រហារ​បំបែក​កញ្ចក់​រថយន្ត​ដឹកស្រូវ​ធុន​ធំ​១​គ្រឿង  នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ក្នុងស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដោយ​មិន​ទាន់​អះអាង​ថា ជា​ស្មា​ដៃ​របស់​កងរាជអាវុធហត្ថ​ត្បូងឃ្មុំ   ឬ​កងរាជអាវុធហត្ថ​ព្រៃវែង​នៅឡើយ​ទេ ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត ។

លោក​វរសេនីយ៍ឯក អ៊ិច សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៩ មីនា កន្លង​ទៅ មាន​រថយន្ត​ដឹកស្រូវ​១​គ្រឿង​ធុន​ធំ បាន​បើក​មក​ដល់​ថ្នល់ទទឹង ក្នុង​ឃុំ​ជុប​ស្រុក​ត្បូងឃ្មុំ មិន​បាន​ចូល​ថ្លឹង​ដើម្បី​ឲ្យ​ដឹង​ពី​ទម្ងន់​នោះ​ទេ បាន​បើក​រត់គេច​តាម​ផ្លូវជាតិ​លេខ​១១​ដល់​ត្រង់​ភូមិ​តា​ធម៌ ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ​ក៏​ទៅ​បុក​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ ។ ខណៈនោះ​សាច់ញាតិ​អ្នក​រង​គ្រោះ បាន​ប្តឹង​មក​នគរបាល​និង​អាវុធហត្ថ​ស្រុក​អូរ​រាំង​ឪ​ឲ្យ​ជួយ​អន្តរាគមន៍​ក៏​បាន​ដេញ​តាម​ចាប់​រថយន្ត​ដឹកស្រូវ​បង្កហេតុ ដោយពេល​ដេញ​បាន​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ មាន​រថយន្ត​ស៊ី​រែ​ន​របស់​អាវុធហត្ថ​ព្រៃវែង​ចេញ​មក​ជួយ​ក៏​ត្រូវ​បាន​រថយន្ត​ដឹកស្រូវ​បើក​កៀរ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ ។

លោក​មេបញ្ជាការ​បាន​អះអាង​ថា បន្ទាប់​មក​ក៏​មានការ​ផ្ទុះអាវុធ​បាញ់​បំបែក​កញ្ចក់​រថយន្ត​ដឹកស្រូវ​នៅ​ក្នុង​ទឹកដី​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ក៏​ចាប់ចង​អ្នកបើកបរ​រថយន្ត​ម្នាក់ រួម​ជាមួយ​ព្រូ​ម្នាក់​ទៀត ។ ចំពោះ​ករណី​នេះ​រូប​លោក​ជាមួយនឹង​សហការី​គ្រាន់តែ​ចុះ​អង្កេត​ធ្វើ​របាយការណ៍​មួយ ។ ចំណែក​អាវុធហត្ថ​ព្រៃវែង​ក៏​ធ្វើ​របាយការណ៍​មួយ​ដែរ ដើម្បី​ដាក់​ជូន​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ដែល​ចុះ​មក​ស្រាវជ្រាវ​ថា មាន​ហេតុផល​យ៉ាងម៉េច​បាន​រហូត​ឈាន​ទៅ​បាញ់​រថយន្ត​ដឹកស្រូវ​បែប​នេះ ?

លោក​នាង សុ​វ៉ា​ត ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដំបូង​រថយន្ត​ដឹកស្រូវ​ខាងលើ បាន​បើក​ចេញពី​ម្តុំ​ថ្នល់ទទឹង ស្រុក​ត្បូងឃ្មុំ​មាន​គេ​បញ្ចាំង​ភ្លើង​ពិល​ធ្វើ​សញ្ញា​ឲ្យ​ឈប់​តែ​រថយន្ត​មិន​ព្រម​ឈប់ ព្រោះ​ជា​កន្លែង​ស្ងាត់ ខ្លាចក្រែង​មាន​ជន​ណាមួយ​មក​បន្លំ​ធ្វើ​ជា​សមត្ថកិច្ច ដោយ​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​ប្រឹង​បើក​ទៅ​មុខ​ក៏​ជួបនឹង​ការ​បាញ់ប្រហារ​បំបែក​កញ្ចក់​រថយន្ត​ក្នុង​ទឹកដី​ខេត្តព្រៃវែង ពី​សំណាក់​ក្រុម​សមត្ថកិច្ច ទើប​ចាប់​រថយន្ត​ដឹកស្រូវ​នោះ​បាន ។ ការ​ចាប់ខ្លួន​វាយដំ​យ៉ាង​ឃោរឃៅ មើល​តែ​គេ​ចាប់ចោរ នេះ​កំពុង​តែ​ទទួល​បានការ​រិះគន់​ពី​មហាជន ៕