ក្រសួងសុខាភិបាលអេហ្ស៊ីបរាយការណ៍កាលពីថ្ងៃទី២ មីនាថា ការផ្ទុះគ្រាប់បែក១គ្រាប់នៅមុខតុលាការកំពូលអេហ្ស៊ីបនាភាគកណ្តាលទីក្រុងគែរ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួស៩នាក់ ។
ចំណែកក្រសួងមហាផ្ទៃវិញបញ្ជាក់ថា គ្រាប់បែកលាក់នៅក្រោមរថយន្ត១គ្រឿងចតនៅមុខច្រកចូលសំខាន់នៃអគារតុលាការដែលក៏មានការិយាល័យរបស់អគ្គរដ្ឋអាជ្ញាផងដែរ ។
នេះជាការវាយប្រហារភេរវកម្មលើកទី២ហើយរយៈពេលមិនដល់១សប្តាហ៍ផងនៅទីក្រុងគែរ ដែលនៅទីនោះគ្រាប់បែក៤គ្រាប់បានផ្ទុះកាលពីថ្ងៃទី២៦ កុម្ភៈ កន្លងមកនេះបណ្តាលឱ្យស្លាប់មនុស្សម្នាក់ ។
បុ៉ន្មានម៉ោងក្រោយការវាយប្រហារនេះកាលពីថ្ងៃទី២ មីនា គ្រាប់បែកច្នៃ១គ្រាប់ ក៏បានផ្ទុះនៅឯហេលីអូប៉ូលីសជាសង្កាត់មួយនៃទីក្រុងគែរ តែពុំបណ្តាលឱ្យមានជនរងគ្រោះឡើយ ។
អំពើហិង្សាកើតមានជាប់នៅអេហ្ស៊ីបចាប់តាំងពីកងទ័ពផ្តួលរំលំប្រធានាធិបតីអ៊ិស្លាមនិយម លោកម៉ូហាម៉េដ ម័រស៊ី កាលពីរដូវក្តៅឆ្នាំ២០១៣ មក ៕
ចែករំលែកព័តមាននេះ