ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តុល្យការ​អ្នក​ស្លា.ប់​ឡើង​ដល់​ជាង​250​នាក់

9 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​ផ្លូវការ​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ថា តុល្យការ​នៃ​អ្នក​ស្លា.ប់​ដោយសារ​ការ​បាក់​ដី​ដែល​កើត​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ឡើង​ដល់​ជាង​២៥០​នាក់

ប្រភព​ព័ត៌មាន​ផ្លូវការ​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ថា តុល្យការ​នៃ​អ្នក​ស្លាប់​ដោយសារ​ការ​បាក់​ដី​ដែល​កើត​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ឡើង​ដល់​ជាង​២៥០​នាក់ ហើយ​មនុស្ស​ជា​ច្រើន​នាក់​ទៀត នៅ​បាត់​ខ្លួន ។

លោក អា​ស្លា​ម សា​ហ៍​យ៉ា​ស់ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន រៀបរាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ទិន្នន័យ​ចុង​ក្រោយ​រៀបរាប់​ពី​មនុស្ស​ស្លាប់​ជាង​២៥០​នាក់ ក្រោយ​ការ​បាក់​ដី និង​ការ​ធ្លាក់​ព្រិល​ខ្លាំង​ក្នុង​ប្រទេស រយៈពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ភ្នំ​ជា​ច្រើន​របស់​ប្រទេស ពិសេស​នៅ​ខេត្ត Panjshir ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ស​ប្តា​ហ៍​មក​ហើយ បាន​បាក់​ផ្ទាំង​ថ្ម ដី និង​ព្រិល​ទឹកកក ធ្វើ​ឱ្យ​ផ្លូវថ្នល់​ជា​ច្រើន​ខ្ទប់​ជាប់ ។

លោក សា​ហ៍ យ៉ា​ស និយាយ​ទៀត​ថា គេ​ពុំ​ទាន់​ដឹង​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាត់​ខ្លួន ឬ​នៅ​ជាប់​ដោយសារ​ព្រិល​ឡើយ ។ បណ្តា​ក្រុម​សង្គ្រោះ​របស់​យើង​ពុំ​អាច​ចូល​ទៅ​ដល់​គ្រប់​តំបន់​រង​គ្រោះ​ឡើយ ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​ពេក និង​ការ​បាក់​ដី​ខ្ទប់​ផ្លូវ​ជា​ច្រើន​កាត់​ជ្រលង​ភ្នំ​ដែល​ចង្អៀត ក្នុង​ខេត្ត Panjshir ។

មន្ត្រី​រូប​នេះ គូសបញ្ជាក់​ថា បណ្តា​ក្រុម​ជួយ​សង្គ្រោះ អាច​ចែកចាយ​កញ្ចប់​ស្បៀង និង​ឧបករណ៍​ឯទៀត​ៗ​ឱ្យ​ដល់​មនុស្ស​ជិត​២.០០០​គ្រួសារ នៅ​ខេត្ត Panjshir ដែល​នៅ​ទីនោះ​បណ្តា​គ្រឿងចក្រ​ប៉ុនប៉ង ឈូស​ឆាយ​បើកផ្លូវ​ថ្នល់​ទាំងឡាយ​នៅ​តាម​បណ្តា​ស្រុក និង​ភូមិ​នៅ​តាម​ចង្កេះភ្នំ ។

រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រកាស​ពី​ការ​កាន់​មរណទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ទៅ ៕