ខេត្តពោធិ៍សាត់ ៖ ដើម្បីឱ្យប្រជាជននៅ តាមជនបទមានទឹកស្អាតបរិភោគ កាត់បន្ថយនូវជំងឺរាក ជំងឺផ្សេងៗទៀត និងកាត់បន្ថយនូវថ្លៃព្យាបាលជំងឺក្នុងគ្រួសារនោះ កាលពីថ្ងៃទី១៦ កុម្ភៈ ២០១១ អង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍ (COCD)បានធ្វើពិធីចែកធុងចំរោះទឹកស្អាតចំនួន៤៥០ធុង ដល់ប្រជាពលរដ្ឋ៤៥០គ្រួសារនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្ត្រាលី។
លោកប៊ិន បូរ៉ា ប្រធានសម្របសម្រួលអង្គការ COCD ប្រចាំស្រុកភ្នំក្រវាញបានបញ្ជាក់ថា អង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនរកប្រាក់ចំណេញ មិនប្រកាន់សាសនា និងមិនបំរើឱ្យគណបក្សនយោបាយណាមួយឡើយ។ អង្គការនេះទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅឆ្នាំ២០០៨កំពុងអនុវត្តកម្មវិធីធំៗចំនួន៤នៅស្រុកភ្នំក្រវាញ គឺ ១-លើកកំពស់ការអប់រំ, ២-លើកកំពស់សុខភាពបឋម, ៣-លើកកំពស់កំរិតជីវភាពប្រជាជន និង៤-កម្មវិធីប្រឆាំងការជួញដូរកុមារ។ លោកឱ្យដឹងថា ក្នុងកម្មវិធីលើកកំពស់សុខភាពបឋមនេះ ក្រៅពីចែកធុងចំរោះ អង្គការបានផ្តល់បង្គន់អនាម័យ និងជីកអណ្តូងទឹកឱ្យប្រជាជនបានប្រើប្រាស់ទៀតផង។ ដោយការអនុវត្តកម្មវិធីបានជោគជ័យ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានផ្តល់ថវិកាដល់អង្គការ COCD ដើម្បីអនុវត្តកម្មវិធីលើកកំពស់សុខភាពបឋម និងកម្មវិធីលើកកំពស់កំរិតជីវភាពប្រជាជនចាប់ពីខែកុម្ភៈ ឆ្នាំ២០១១នេះ នៅភូមិចំនួន៥ ក្នុងឃុំផ្ទះរុងបន្ថែមទៀត។
លោកទូច សំបូរ អភិបាលស្រុកភ្នំក្រវាញបានថ្លែងអំណរគុណចំពោះអង្គការ COCD ដែលបានផ្តល់ធុងចំរោះទឹកស្អាតដល់ប្រជាជនឃុំសំរោងនាពេលនេះសំរាប់ប្រាស់។ អង្គការ COCD ចូលមកអភិវឌ្ឍក្នុងស្រុកភ្នំក្រវាញនាឆ្នាំ២០០៩ ដែលមានកម្មវិធីធំៗទាំង៤ខាងលើ គឺពិតជាបានលើកកំពស់សុខភាពប្រជាជនតាមតំបន់គោលដៅជាមួយមន្ត្រីសុខាភិបាលខេត្តពោធិ៍សាត់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកអភិបាលស្រុក បានផ្តាំផ្ញើសូមឱ្យប្រជាជនដែលទទួលបានធុងចំរោះទឹកស្អាតពីអង្គការ COCD នេះយកទៅប្រើប្រាស់តាមការណែនាំរបស់មន្ត្រីអង្គការ ដើម្បីបានទឹកស្អាតគ្មានមេរោគប្រើប្រាស់ និងទទួលទាន។ មានធុងចំរោះកាត់បន្ថយជំងឺ ចំណេញពេលវេលា ចំណេញថវិកា និងត្រូវថែទាំឱ្យបានគង់វង្ស។ ជាមួយគ្នានេះលោកបានសំណូមពរឱ្យមាតា បិតា អាណាព្យាបាល បញ្ជូនកូនទៅចូលរៀនឱ្យបានគ្រប់ៗគ្នា ហើយត្រូវចេះគោរពច្បាប់ចរា
ចរណ៍ផងដែរ ៕
ចែករំលែកព័តមាននេះ