ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា ស្ត្រីម្នាក់ដោយទ្រាំនឹងប្តីវាយធ្វើទារុណកម្ម និងបង្ខំឱ្យប្រើប្រាស់ថ្នាំញៀនលែងបានបានជិះម៉ូតូឌុបមកប្តឹងនៅស្នាក់ការអង្គការការពារសិទ្ធិមនុស្សអាដហុកឱ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី២២ ធ្នូ នេះ។
ស្ត្រីខាងលើឈ្មោះគុយ ចំរើន អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានរៀបរាប់ទាំងទឹកភ្នែកថា ប្តីរបស់នាងឈ្មោះតួន សិលា អាយុ៣៩ឆ្នាំ ជាអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀនផងដែរ ។ នាងបានរៀបរាប់ទៀតថា ប្តីរបស់នាងបានវាយធ្វើបាបនាងតាំងពីយប់ថ្ងៃទី២១ ធ្នូ និងបង្ខំឱ្យនាងប្រើប្រាស់ថ្នាំញៀនទៀតផងទើបនាងទ្រាំលែងបានក៏រត់ទៅផ្ទះបងស្រី ហើយបងស្រីរបស់នាងបានប្រាប់ផ្លូវឱ្យមកប្តឹងអង្គការអាដហុកនេះតែម្តង។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា ពេលនាងរត់ចេញពីផ្ទះ នាងលួចបានថ្នាំញៀនមួយកញ្ចប់មកជាមួយដែរ។
ពេលនេះអង្គការអាដហុកបានបញ្ជូនស្ត្រីរងគ្រោះទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសួរនាំបន្តទៀត៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ