ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ក្នុងចំណោមបក្សពួក២នាក់ទៀតជាប់ចោទពីបទសមគំនិតក្នុងអំពើលួច ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមនិតិវិធីច្បាប់ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីខាងលើមានឈ្មោះជា សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ស្ថិតនៅក្រុម៣៥ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ។ ដោយឡែកជនរងគ្រោះមានឈ្មោះគឹម សុវណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្ថិតនៅអតីតទីបញ្ជាការកងរាជអាវុធហត្ថចាស់ ឆ្នេរអូរឈើទាល សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤ ខណៈដែលជនរងគ្រោះ កំពុងអង្គុយពិនិត្យមើលកាម៉េរ៉ាសុវត្ថិភាព នៅក្នុងលំនៅដ្ឋាន ស្រាប់តែឃើញជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនោះ រួមជាមួយបក្សពួក២នាក់ ផ្សេងទៀត (មិនស្គាល់អត្តសញ្ញាណ) ហើយកំពុងតែរត់គេចខ្លួន បានជិះម៉ូតូ១គ្រឿងម៉ាក វីវ៉ាC-110 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1A-6197 មកឈប់ខាងក្រោយផ្ទះ ហើយជនសង្ស័យ២នាក់ បានចុះពីលើម៉ូតូដើរចូលមកប្រមូលយកសម្លៀកបំពាក់ដែលបានហាលទុកក្បែរផ្ទះខាងក្រោយ ដោយមើលឃើញតាមរយៈកាម៉េរ៉ាសុវត្ថិភាព ជនរងគ្រោះបានស្ទុះចេញពីលំនៅដ្ឋាន ដេញចាប់យកទ្រព្យសម្បត្តិមកវិញ ធ្វើឲ្យជនសង្ស័យទាំង៣នាក់ រត់គេច នឹងបានបន្សល់ទុកម៉ូតូ១គ្រឿង ដែលមានភិនភាគដូចបានរៀបរាប់ខាងលើ ។
លុះព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ឆ្លងតាមការស៊ើបអង្គេតរបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ម៉ូតូ រឺឯបក្សពួក២នាក់ទៀតកំពុងរត់គេចខ្លួន ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ