រាជធានីភ្នំពេញ៖ ទីបំផុតទៅប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅផ្ទះល្វែងសង់ថ្មីមួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបិទបញ្ចប់ហើយនៅម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៦ វិច្ឆិកា ២០១៤ ដោយសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសម្នាក់និងស្រីម្នាក់ ក្នុងនោះដកហូតថ្នាំញៀនប្រភេទម៉ាទឹកកជិត៣គីឡូក្រាម ថ្នាំយ៉ាម៉ាមួយចំនួនទៀត លុយដុល្លារ៥៤៥០០ដុល្លារ និងលុយខ្មែរ១៧០លានរៀល រថយន្តចំនួន៣គ្រឿង (កាមរីបាឡែន រថយន្តម៉ាកស៊ីរូស និងឡិចស៊ីស៣៣០ ) និងដកហូតកាំភ្លើងខ្លីស៊េរីទំនើបមួយដើមផងដែរ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៍ធំ និងជាមេឆ្នោតធំផងដែរ ។
ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ នៅ កញ្ញា ភេទស្រី និង ម្នាក់ទៀតឈ្មោះ ឈុំ ជឿន ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាអង្គរក្ស ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនទាំងសម្ភារ វត្ថុតាងនានាខាងលើ និង ជនសង្ស័យទាំងពីរនាក់ យកទៅរក្សាទុក និងឃុំខ្លួននៅការិយាល័យប្រយុទ្ឋប្រឆាំងគ្រឿងញៀន ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ