ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​កីឡា​4​ប្រភេទ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​សាកល វិទ្យាល័យ​អាស៊ាន​លើក​ទី​17 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដើមខែ​ធ្នូ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡា​៤​ប្រភេទ​របស់​កម្ពុជា​នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ (17th ASEAN University Games) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ដើមខែ​ក្រោយ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

រាជធានី​ភ្នំពេញ ៖ កីឡា​៤​ប្រភេទ​របស់​កម្ពុជា​នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ (17th ASEAN University Games) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ដើមខែ​ក្រោយ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ លោក​អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ធ្លាប់​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​ការ​រង់ចាំ​ទទួល​ប្រតិភូ​កីឡា ដែល​បាន​វិល​ត្រឡប់​ពី​ការ​ចូលរួម​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​នៅ​ប្រទេស​ថៃ​កន្លង​មក​ថា នៅ​ដើមខែ​ក្រោយ​នេះ កម្ពុជា​នឹង​បញ្ជូន​កីឡា​ចំនួន​៤​ប្រភេទ​មាន​ដូច​ជា​កីឡា​ប៉េតង់​, បាល់ទាត់​, តេ​ក្វា​ន់​ដូ និង​វាយ​កូន​ឃ្លី​លើ​តុ​ទៅ​ចូលរួម​ប្រកួត​កីឡា​និស្សិត​ក្របខ័ណ្ឌ​អាស៊ាន​ដែល​រៀបចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ការ​ប្រកួត​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៤ ។

លោក​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ ឆ្នាំ​នេះ គឺ​មិន​អាច​បន្លំ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ គឺ​គណៈកម្មការ​រៀបចំ​តម្រូវ​ឱ្យ​កីឡាករ​ដែល​ត្រូវ​ចូលរួម គឺជា​និស្សិត​ពិតប្រាកដ​តែ​ម្តង ដោយ​មិនមែន​យក​កីឡាករ​អាជីព ហើយ​មិនមែន​ជា​និស្សិត​មក​ឱ្យ​ចូលរួម​ទេ បើ​មិន​ដូច្នេះ​ទេ គេ​នឹង​មិន​ឱ្យ​ចូលរួម​នោះ​ឡើយ​។ លោក​ព្រំ ប៊ុ​ណ្ណ​យី អគ្គនាយករង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​និស្សិត គឺជា​អ្នកដឹកនាំ​ប្រតិភូ និង​គ្រប់គ្រង​កីឡា​និស្សិត​សម្រាប់​ចូលរួម​ការ​ប្រកួត ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ 16th ASEAN University Games លើក​ទី​១៦ នៅ​ប្រទេស​ឡាវ​ឆ្នាំ​២០១២ កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៥​ប្រភេទ​ទៅ​ចូលរួម​ប្រកួត គឺ​អត្តពលកម្ម​, ប៉េតង់​, តេ​ក្វា​ន់​ដូ​, យូ​ដូ និង​វាយ​កូន​បាល់ ។ កាលនោះ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន​៨​គ្រឿង គឺ​ប៉េតង់​៣​គ្រឿង​, តេ​ក្វា​ន់​ដូ​២​គ្រឿង​, យូ​ដូ​២​គ្រឿង និង​វាយ​កូន​បាល់​១​គ្រឿង ។ សម្រាប់​ឆ្នាំ​នេះ​ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង​៤​ប្រភេទ​របស់​កម្ពុជា​នោះ​មាន​តែ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​បុ​៉​ណ្ណោះ ដែល​បាន​បង្ហើប​ឱ្យ​ដឹង​ពី​សមាសភាព​កីឡាករ​តេ​ក្វា​ន់​ដូ​ចំនួន​៣​រូប ដែល​ត្រូវ​ទៅ​ចូលរួម ។ កីឡាករ​ទាំង​៣​រូប​នោះ​សុទ្ធតែ​ជា​កីឡាករ​តេ​ក្វា​ន់​ដូ​ស្ទីល W.T.F (World Tae Kwon do Federationp) របស់​សាធារណរដ្ឋ​កូរ៉េ ដែល​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ។ ក្នុង​នោះ​មាន​កីឡាករ​រិ​ន ប៊ុ​ន​ហួត ដែល​ត្រូវ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ក្រោម​៥៤​គីឡូក្រាម​, កីឡាករ​ប៉ាន់ ខេមរា ប្រកួត​ប្រភេទ​ទម្ងន់​ក្រោម​៥៨​គីឡូក្រាម និង​កីឡាករ​ថា​ន់ រិ​ទ្ធី ប្រកួត​ប្រភេទ​ទម្ងន់​ក្រោម​៦៨​គីឡូក្រាម ដែល​សព្វថ្ងៃ​ពួក​គេ​កំពុង​ហ្វឹកហាត់​ជា​ប្រចាំ ។

សូម​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​កីឡា​និស្សិត​សាកលវិទ្យាល័យ​អាស៊ាន​នេះ គឺ​ចាប់ផ្តើម​មាន​តាំងពី​ឆ្នាំ​១៩៨១ មក​ម្ល៉េះ ដែល​ការ​ប្រកួត​លើក​ទី​១ គឺ​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ក្នុង​ខេត្ត​ឈៀង​ម៉ៃ ។ លើក​ទី​២ ឆ្នាំ​១៩៨២ ធ្វើ​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​, លើក​ទី​៣ ឆ្នាំ​១៩៨៤ ធ្វើ​នៅ​ទីក្រុង Bangi ប្រទេស​ម៉ា​ឡេ​ស៊ី​, លើក​ទី​៤ ឆ្នាំ​១៩៨៦ ធ្វើ​នៅ​សិង្ហ​បុរី​, លើក​ទី​៥ ឆ្នាំ​១៩៨៨ ធ្វើ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​, លើក​ទី​៦ ឆ្នាំ​១៩៩០ ធ្វើ​នៅ​ទីក្រុង Bandung ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​, លើក​ទី​៧ ឆ្នាំ​១៩៩៣ ធ្វើ​នៅ Shah Alam ប្រទេស​ម៉ា​ឡេ​ស៊ី​, លើក​ទី​៨ ឆ្នាំ​១៩៩៤ ធ្វើ​នៅ​សិង្ហ​បុរី​, លើក​ទី​៩ ឆ្នាំ​១៩៩៦ ធ្វើ​នៅ​ទីក្រុង Banda Seri Begawan ប្រទេស​ព្រុយ​ណេ​, លើក​ទី​១០ ឆ្នាំ​១៩៩៩ ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​, លើក​ទី​១១ ឆ្នាំ​២០០២ ធ្វើ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន​, លើក​ទី​១២ ឆ្នាំ​២០០៤ ធ្វើ​នៅ​ទីក្រុង Surabaya ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​, លើក​ទី​១៣ ឆ្នាំ​២០០៦ ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​, លើក​ទី​១៤ ឆ្នាំ​២០០៨ ធ្វើ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​, លើក​ទី​១៥ ឆ្នាំ​២០១០ ធ្វើ​នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​, លើក​ទី​១៦ ឆ្នាំ​២០១២ ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ និង​លើក​ទី​១៧ ឆ្នាំ​២០១៤​នេះ ធ្វើ​នៅ​ទីក្រុង Palembang ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

ចាំ​មើល ការ​ចូលរួម​លើក​នេះ តើ​កម្ពុជា​ដណ្តើម​បាន​មេដាយ​បុ​៉​ន្មា​ន​ត្រឡប់​មក​វិញ ?