រាជធានីភ្នំពេញ ៖ លោក Christian និង Marie-des Pallierre (ប៉ាពី និងម៉ាមី) ជាឈ្មោះស្វាមី-ភរិយា១គូ ដែលជាជនជាតិបារាំង បានផ្តើមជួយគិតគូរដល់កុមារកំព្រាកម្ពុជាដោយទឹកចិត្តមនុស្សធម៌ប្រចាំអង្គការដើម្បីភាពញញឹមនៃកុមារា (PSE) ។ ដោយមើលឃើញកុមារមានភាពលូតលាស់ជាបន្តបន្ទាប់ក្នុងជំនាញដែលបានរៀននៅអង្គការដើម្បីភាពញញឹមនៃកុមារ លោកប៉ាពី និងម៉ាមី កំពុងតែត្រៀមស្តាប់លទ្ធផលបោះឆ្នោតជា «វីរជនមនុស្សធម៌សម្រាប់ឆ្នាំ២០១៤» ដែលជាកម្មវិធីក្នុងការចូលរួម និងអភិវឌ្ឍជំនួយមនុស្សធម៌ទូទាំងពិភពលោក ។
ប្រសិនបើលោកប៉ាពី និងអ្នកស្រីម៉ាមី ឈ្នះការប្រកួតភាពជាវីរជនមនុស្សធម៌ ឆ្នាំ២០១៤នាពេលដ៏ខ្លីខាងមុខនេះ អ្នកទាំង២នឹងទទួលបានពានរង្វាន់វីរជនមនុស្សធម៌ពី AIDE ក្នុងពេលធ្វើសមាជរបស់ខ្លួននៅទីក្រុងព្រុចសែល នាថ្ងៃទី១៣និង១៤ វិច្ឆិកា ឆ្នាំ២០១៤នេះ ។ អង្គការដើម្បីភាពញញឹមនៃកុមារថ្លែងអំណរគុណដល់លោក Ghislaine និងលោក Patrice Dufor ដែលធ្វើឱ្យ Christian និង Marie-des Pallierre (ប៉ាពី និងម៉ាមី) ស្ថាបនិករបស់អង្គការដើម្បីភាពញញឹមនៃកុមារបានចូលរួមបោះឆ្នោត ហើយឥឡូវពួកគាត់ទាំង២កំពុងស្ថិតក្នុងចំណោមបេក្ខជន៥នាក់ចុងក្រោយ ។
មហាជនអាចចូលរួមបោះឆ្នោតជូនប៉ាពី និងម៉ាមី ដោយចុច «http://aid-expo.com/brussels/visit/humanitarian-hero-of-the-year-award» ។ អ៊ីមែលមួយបោះឆ្នោតបានតែម្តងប៉ុណ្ណោះ ។ បេក្ខជនតែម្នាក់គត់ដែលទទួលបានការបោះឆ្នោតឱ្យច្រើនជាងគេតាមរយៈអ៊ីមែល នឹងក្លាយជាអ្នកឈ្នះ ។ ការបោះឆ្នោតចុងក្រោយនៅថ្ងៃទី២៧ ខែតុលា ។
ឱកាសដែលអាចបោះឆ្នោតជូនប៉ាពី និងម៉ាមីនៅសល់តែចំនួន៣ថ្ងៃទៀតប៉ុណ្ណោះ ។ សូមចុច bit.ly/HHA2014 ហើយបោះឆ្នោតដើម្បីឱ្យពួកគាត់ឈ្នះពានកិត្តិយសដែលពួកគាត់គួរតែទទួលបានគឺ «វីរជនសប្បុរសធម៌ឆ្នាំ២០១៤» ៕
ចែករំលែកព័តមាននេះ