រាជធានីភ្នំពេញ ៖ បើទោះជាមានសម្ពាធពីលោក អេ ភូថង ជាឪពុក ដើម្បីឱ្យចាកចេញពីការប្រដាល់នោះក៏ដោយ ក៏កីទ្បាការិនីជើងខ្លាំង នាងអេ យ៉ានុត នៅតែសន្យាវិលចូលអាជីពនេះវិញ ប៉ុន្តែនាងមិនហា៊នអះអាងពីភាពជាប់លាប់ ប្រសិនបើមានឱកាសទ្បើងប្រដាល់ជាថ្មីនោះទេ ។ ជាមួយនឹងការដើរចេញដោយអារម្មណ៍សោកស្តាយ ក៏មានអ្នកស្នេហាវិស័យកីទ្បាប្រដាល់មិនតិចនាក់ប៉ុន្មានទេ បង្ហាញពីការនឹករលឹកដល់ អេ យ៉ានុត ដែលធ្លាប់តែទ្បើងអង្រួនសង្វៀនប្រដាល់ជាតិ និងអន្តរជាតិក្នុងស្រុក ។
លោក អេ ភូថង ប្រាប់ថា ការសម្រេចចិត្តឱ្យកូនស្រីឈប់ប្រដាល់ គឺដោយសារតែនាងកាន់តែមានវ័យពេញក្រមុំ ហើយត្រូវស្វែងរកវិជ្ជាមួយច្បាស់លាស់ និងដើម្បីកុំឱ្យមានការរិះគន់ចំពោះលោកបន្តទៅទៀត ។ ម្យ៉ាងការប្រដាល់កន្លងមក បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ពេលវេលាសិក្សារៀនសូត្ររបស់កូនស្រី ។ គាប់ជួននាងជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារផង ទើបលោកត្រូវតែបង្ខំយ៉ាងដាច់ខាត ឱ្យអេ យ៉ានុត ឈប់ប្រដាល់ ។ លោកមានបំណងឱ្យនាងសម្ងំរៀនជំនាញផ្នែកអ៊ុតសក់ និងរៀនសូត្រឱ្យបានចប់ចុងចប់ដើមសិន ទាន់វ័យរបស់នាងនៅទទួលចំណេះដឹងបានល្អ ។ លោកក៏ស្រទ្បាញ់ការប្រដាល់ផងដែរ ប៉ុន្តែវាមិនមែនជារឿងល្អទ្បើយ បើនៅតែបណ្តោយឱ្យកូនក្រមុំរបស់ខ្លួន ងប់ងុលនឹងការវាយតប់លើរេញ ហើយគ្មានចំណេះវិជ្ជាអ្វីសោះជាប់ខ្លួន ។
វាមិនអាចដើរទៅស្របគ្នាបានទេ បើឱ្យនាងចាប់ការសិក្សាផង និងការប្រដាល់ផង ព្រោះអាចឱ្យនារីវ័យក្មេងដូចជារូបនាង ឈ្លក់វង្វេងការហ្វឹកហាត់ និងការប្រដាល់ ជាងការអានសៀវភៅ ។ ម្យ៉ាងការប្រដាល់ផ្នែកនារីនៅស្រុកខ្មែរ រកចំណូលមិនសូវបានទ្បើយ ទើបមិនអាចបណ្តោយទៀតបានទេ ។ គ្រប់ពេលទ្បើងប្រដាល់ម្តងៗ អេ យ៉ានុត ខាតពេលនឹងការហ្វឹកហាត់ច្រើនណាស់ ត្រង់ហ្នឹងហើយ ដែលលោកមិនអាចបណ្តោយឱ្យនាងបន្តការប្រកួតវិញបាន ។ អ្នកស្រី សាំង សុម៉ាលី ភរិយាលោក អេ ភូថង បញ្ជាក់ដូចគ្នាថា ជីដូនជីតារបស់អេ យ៉ានុត បង្ខំឱ្យឈប់ប្រដាល់បែបនេះយូរមកហើយ ប៉ុន្តែមកពីកូនស្រីខ្លួនឯងចង់បានប្រាក់ និងស្រទ្បាញ់ការប្រដាល់ ទើបចេះតែបណ្តោយតាំងពីអាយុ១២ឆ្នាំ ។ អ្នកស្រីមានគម្រោងឱ្យកូនស្រីទ្បើងប្រកួតជាថ្មី ប្រសិនបើនាងរៀនចប់ជំនាញអ៊ុតសក់ ហើយមានលំនឹងច្បាស់លាស់សម្រាប់ជីវិត ។ ក្នុងពេលនេះ អ្នកស្រីប្រាប់ថា អេ យ៉ានុត នៅតែបង្ហាញខ្លួនជួយបង្វឹកក្មេងៗ និងសិស្សនារីដែលមានបំណងស្រទ្បាញ់ការប្រដាល់នៅក្នុងក្លិបហាត់គុនរបស់ឪពុក ដោយគ្រាន់តែតម្រូវមិនឱ្យនាងបង្ហាញខ្លួនជាប់លាប់ គ្រប់ពេលដែលត្រូវសិក្សានោះតែប៉ុណ្ណោះ ។
មិនខុសពីការលើកទ្បើងខាងលើ អេ យ៉ានុត ប្រាប់ថា ការប្រដាល់នៅតែស្ថិតក្នុងចិត្តរបស់នាង ដូច្នេះនាងពិតជាបង្ហាញមុខក្នុងពេលអនាគត ។ នាងមានបំណងស្នងតំណែងឪពុកដើម្បីឱ្យក្លាយខ្លួនជាកីទ្បាការិនីល្បីឈ្មោះមួយរូប នៅក្នុងពិភពប្រដាល់សេរី និងប្រដាល់ដាក់ទ្រុងជាដើម ។ ប៉ុន្តែមើលទៅបំណងនេះ ប្រហែលជាបាត់បង់ហើយ បើទោះជាក្រោយរៀនចប់ជំនាញនៅតែអាចឱ្យនាងទ្បើងប្រកួតម្តងៗ ដើម្បីរំលឹកក្បាច់គុន ។ នាងបញ្ជាក់ថា នារីទ្បើងប្រដាល់ពិតជាមានការរើសអើងពីមនុស្សនៅជុំវិញខ្លួននៅទ្បើយ អីុចឹងហើយទើបនាងគិតថា ការដាក់សម្ពាធរបស់ឪពុក គឺដើម្បីឱ្យនាងមានអនាគត និងចៀសផុតពីជីវិតតែលតោល ។
គម្រោងដកថយនាពេលនេះ នាងអះអាងថា នឹងមានផ្លូវពីរ គឺអាចវិលមកវិញម្តងម្កាលជាថ្មី ឬអាចបាត់មុខរហូតក៏ថាបាន ប្រសិនបើនាងស្រាប់តែមានឱកាសធ្វើជាជាងអ៊ុតសក់ ឬបើកហាងខ្លួនឯងក្រោយរៀនចប់ ។ យ៉ាងណាក៏ដោយ នាងនៅតែមានជំនឿថា អាចវិលមកកាន់ការប្រដាល់ម្តងទៀតមិនយូរមិនឆាប់ បន្ទាប់ពីនាងរយាលពីការសិក្សា ហើយសុំការអនុញ្ញាតពីឪពុកនាងបាន ។ ការសម្រេចចិត្តរបស់នាង មហាជនភាគច្រើនមានការគាំទ្រខ្លាំង បើទោះជាផ្លូវនោះ គឺបន្តការប្រដាល់ដូចមុន ឬដើរចេញដើម្បីទៅរៀបផ្លូវសម្រាប់អនាគតថ្មីនោះក្តី ៕
ចែករំលែកព័តមាននេះ