អាជ្ញាធរអាមេរិកប្រកាសកាលពីថ្ងៃទី២៨ សីហា ពីការបើកធ្វើតេស្តសាកវ៉ាក់សាំងប្រឆាំងវីរុសអេបូឡាលើមនុស្ស នាសប្តាហ៍ខាងមុខនេះ ដើម្បីប៉ុនប៉ងតស៊ូប្រឆាំងការឆ្លងរាលដាលនៃវីរុសនោះ ដែលសម្លាប់មនុស្សជាង១.៥០០នាក់ ហើយនៅអាហ្វ្រិកខាងលិច។
បណ្តាញវិទ្យាស្ថានសុខភាពសហរដ្ឋអាមេរិក NIH ក្នុងសេចក្តីប្រកាសមួយនិយាយថា ដំណាក់កាលដំបូងនៃការសាកល្បងគ្លីនិកនោះ នឹងអាចកំណត់ថា តើវ៉ាក់សាំងដែលផលិតរួមគ្នាដោយវិទ្យាស្ថានជាតិខាងជំងឺរលាក និងជំងឺឆ្លង Niaid ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានរបស់ NIH និងមន្ទីរពិសោធន៍ឱសថ Glaxosmithkline (GSK) វាមានប្រសិទ្ធភាពដែរឬអត់ ហើយវាអាចបង្កើតអង់ទីគ័រសមស្របមួយដែរឬយ៉ាងណា ។
ក្នុងក្របខណ្ឌនៃការសាកល្បងនោះ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលគ្លីនិករបស់ NIH ក្នុងទីក្រុង Bethesda រដ្ឋម៉ារីឡែន មនុស្សពេញវ័យមានសុខភាពល្អ២០នាក់ មានអាយុពី១៨ទៅ៥០ឆ្នាំ នឹងទទួលការចាក់វ៉ាក់សាំងនោះ ។ទន្ទឹមនឹងនេះ NIH និងក្រុមហ៊ុនអន្តរជាតិមួយមានមូលដ្ឋាននៅអង់គ្លេស រួមទាំងមូលនិធិ Wellcome Trust នឹងធ្វើការសាកល្បងវ៉ាក់សាំងផលិតដោយ NIAID និង GSK លើបណ្តាអ្នកស្ម័គ្រចិត្តមានសុខភាពល្អនៅអង់គ្លេស ព្រមទាំងនៅប្រទេសហ្គំប៊ី និងម៉ាលី ។
អាជ្ញាធរអាមេរិក ក៏ពិភាក្សាផងដែរពីលទ្ធភាពធ្វើការសាកល្បងវ៉ាក់សាំង នៅនីហ្សេរីយ៉ា ជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅអាហ្វ្រិក ។NIH ក៏ឱ្យដឹងផងដែរថា ខ្លួននឹងធ្វើនារដូវស្លឹកឈើជ្រុះនេះ នូវដំណាក់កាលដំបូងនៃការសាកល្បងគ្លីនិកសម្រាប់វ៉ាក់សាំង ពិសោធន៍ប្រឆាំងអេបូឡា១ទៀត ផលិតដោយទីភ្នាក់ងារសុខភាពសាធារណៈកាណាដា ។ យោងតាមអង្គការសុខភាពពិភពលោក WHO ថា មកទល់ពេលនេះ មានមនុស្សស្លាប់ដោយវីរុសអេបូឡាយ៉ាងតិច១.៥៥២នាក់ហើយ នៅប្រទេសហ្គីណេ លីបេរីយ៉ា សេរ៉ាឡេអូន និងនីហ្សេរីយ៉ា ៕
ចែករំលែកព័តមាននេះ