រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុកកម្ពុជានៅតែត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វ័យចាស់ប្រចាំឆ្នាំ២០១៤ លើកទី៦ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ បន្ទាប់ពីលោក Stephan Krupa ប្រធានក្លិបកីឡាបាល់ទាត់ម៉ាឡេស៊ី (IFC) បានប្រកាសឱ្យដឹងថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិមួយនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាកិត្តិយសមួយដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសញ្ញាវិជ្ជមានមួយដែលបង្ហាញឱ្យយើងឃើញថា វិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា កំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងឡើងៗហើយ ។ អគ្គលេខាធិការរូបនេះបានបន្តទៀតថា ពិតប្រាកដណាស់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចែករំលែក និងផ្លាស់ប្តូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសទៀតនោះវិស័យទេសចរណ៍បានផ្សារភ្ជាប់ទៅនឹងវិស័យកីឡាផងដែរ ។
លោក រិទ្ធី សំណាង សមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្លាប់បានប្រាប់ឱ្យដឹងក្នុងសន្និសីទសារព័ត៌មាននាពេលកន្លងមកថា ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់វ័យចាស់ខាងលើនេះ គឺជាឱកាសដែលយើងត្រូវបង្ហាញពីវប្បធម៌របស់ខ្លួនទៅឱ្យពិភពលោកបានស្គាល់តាមរយៈក្រុមបាល់ទាត់មកពីអាហ្វ្រិក, អាមេរិក, ប្រេស៊ីល, អឺរ៉ុប និងប្រទេសផ្សេងៗទៀត ។ នេះគឺជាព្រឹត្តិការណ៍មួយដែលទាក់ទាញខ្លាំងបំផុតពីអ្នកសេ្នហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក ។ លោកបន្តថា លោកគ្រោងអញ្ជើញអតីតកីឡាករជម្រើសជាតិវ័យចាស់ៗរបស់កម្ពុជាប្រមូលផ្តុំគ្នាឡើងវិញ ដោយសារកម្ពុជាត្រូវបានផ្តល់ឱ្យចំនួន២ក្រុម ។ ការធ្វើបែបនេះគឺយើងចង់បង្ហាញក៏ដូចជាលើកទឹកចិត្តឱ្យកីឡាករក្មេងជំនាន់ក្រោយមានមោទនភាព និងដឹងថា ទោះជាពួកគេចម្រើនដល់វ័យចាស់ក៏នៅតែអាចប្រឡូកវិស័យកីឡាបានដដែល ។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់វ័យចំណាស់លើកទី៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១២ កញ្ញា ខាងមុខនេះ មានក្លិបបាល់ទាត់ចំនួន១៨ក្រុម ដោយ១ក្រុមមានកីឡាករចំនួន៩នាក់ មកពីជុំវិញពិភពលោកចូលរួមនៅទីលានកីឡដ្ឋានស្តាតចាស់ ។ ចំពោះកីឡាករដែលអាចចូលរួមបាន គឺត្រូវកំណត់អាយុចាប់ពី៤០ឆ្នាំឡើងទៅ ។
គួររំឭកថា កាលពីឆ្នាំ២០១៣ ព្រឹត្តិការណ៍អន្តរជាតិខាងលើនេះបានធ្វើឡើងនៅទីក្រុងបា៉ត់តាយ៉ា ប្រទេសថៃ ក្រោមប្រធានបទ «ពិភពនៃភាពរីករាយ និងការកម្សាន្តសប្បាយ» ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងតាមរយៈការជួយជ្រោមជ្រែងពីអាជ្ញាធរប្រចាំតំបន់ ៕
ចែករំលែកព័តមាននេះ