ដោយដងស្រង់របាយការណ៍សម្ងាត់មួយរបស់ក្រសួងការពារជាតិ ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel និយាយថា កងទ័ពអាកាសអាល្លឺម៉ង់នឹងជួបប្រទះការរឹតត្បិតខាងថវិកា អាស្រ័យហេតុនេះយន្តហោះយោធាជាច្រើននឹងពុំអាចធ្វើការហោះហើរបានឡើយ ។
យោងតាមឯកសារសម្ងាត់នោះថា យន្តហោះទាំងនោះចាំបាច់ត្រូវការជួសជុល ហើយគ្រឿងបន្លាស់ពុំសូវមានច្រើន ដោយខាងមេកានិកត្រូវប្រមូលគ្រឿងបន្លាស់ទាំងនោះទៅប្រើសម្រាប់យន្តហោះដទៃៗទៀត ។
ប្រភពយោធាអាល្លឺម៉ង់ បានបដិសេធព័ត៌មានរបស់ទស្សនាវដ្តី Spiegel ដោយអះអាងថាទស្សនាវដ្តីនោះ បកស្រាយរបាយការណ៍ផ្ទៃក្នុងនោះខុស ។ ប្រភពនោះបញ្ជាក់ថា ទស្សនាវដ្តី Spiegel ផ្តោតតែលើយន្តហោះមួយចំនួនដែលពុំអាចហោះហើរបាន ខណៈយន្តហោះឯទៀតៗគ្រាន់តែត្រូវការការថែរក្សាជាទម្លាប់មួយប៉ុណ្ណោះ ។កងទ័ពអាកាសអាល្លឺម៉ង់ ពុំធ្វើអត្ថាធិប្បាយលើព័ត៌មានសម្ងាត់ទាំងនោះឡើយ ។
Spiegel និយាយថា មានតែយន្តហោះ៨គ្រឿងប៉ុណ្ណោះ ក្នុងចំណោមយន្តហោះប្រដេញធុន Eurofighter ដែលកងទ័ពអាល្លឺម៉ង់មាន អាចនៅហោះហើរបាន ហើយក្នុងចំណោមឧទ្ធម្ភាគចក្រដឹកជញ្ជូនយោធាទាំង១០០គ្រឿង មានតែ១០គ្រឿងអាចហោះបាន ។
រដ្ឋាភិបាលអាល្លឺម៉ង់កំពុងតែស្ថិតក្នុងកង្វល់ ព្រោះតែខ្លួនសន្យាបញ្ជូនយន្តហោះ Eurofighter ៦គ្រឿងទៅកាន់បណ្តាប្រទេសនៅតំបន់បាល់ទិក នាប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ