វៀងចន្ទន៍ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំ (U-21) កម្ពុជាដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េគឺលោក Lee Tae Hoon ចាប់ផ្តើមប្រកួតកម្តៅសាច់ដុំជាមួយក្រុម U-21 របស់ឡាវ ហើយនៅលើទីលាន Lao National Stadium ដែលជាការត្រៀមខ្លួនមុនចូលរួមប្រកួតដណ្តើមពាន Hassanal Bolkiah Trophy 2014 របស់ព្រះមហាក្សត្រព្រុយណេ នៅថ្ងៃទី៨ ខែសីហា ។
សម្រាប់ប្រវត្តិប្រកួតកន្លងមក ក្រុម U-21 កម្ពុជា និងឡាវ ធ្លាប់ជួបគ្នាជាច្រើនលើកច្រើនសាមកហើយ ដោយទទួលលទ្ធផលចាញ់-ឈ្នះគ្នាទៅវិញទៅមក ។ ប៉ុន្តែសម្រាប់ជំនួបមិត្តភាពត្រៀមចូលរួមប្រកួតពាន Hassanal Bolkiah Trophy 2014 ដូចគ្នានេះ មិនដឹងថាក្រុម U-21 កម្ពុជា អាចទប់ទល់ជាមួយក្រុមម្ចាស់ផ្ទះបានឬក៏មិនបាននោះទេ ព្រោះកីឡាករដែលលោក Lee Tae Hoon ជ្រើសរើសចេញពីក្លិបអាជីពក្នុងស្រុក សុទ្ធតែទើបបញ្ចប់បេសកកម្មប្រកួតពាន Metfone Cambodia League ដូចគ្នា ។
ប្រភពព័ត៌មានពីអ្នកដឹកនាំក្រុម U-21 កម្ពុជាដែលបានធ្វើដំណើរចេញពីភ្នំពេញ ឆ្ពោះទៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា នោះ បានឱ្យដឹងថា ប្រតិភូ និងកីឡាករ U-21 កម្ពុជា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៣ ខែកក្កដា គឺក្រោយពីបញ្ចប់ការប្រកួតជាមួយក្រុម U-21 ឡាវ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ មុននឹងឆ្ពោះទៅកាន់ការប្រកួតដណ្តើមពានរង្វាន់របស់ព្រះមហាក្សត្រព្រុយណេ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ សីហា ដែលជាពេលវេលាខ្លីបំផុតសម្រាប់ពួកគេ ៕
ចែករំលែកព័តមាននេះ