ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១០ នៅព្រែកត្រសក់ ឡូត៍នេសាទលេខ១ និងកន្លែងអភិរក្សត្រីមេពូជអូរ ឡូត៍នេសាទលេខ២ ខេត្តបាត់ដំបង បានរៀបចំការលែងពូជត្រី៣ប្រភេទដែលជាការចូលរួមចំណែករបស់អាជីវករឡូត៍នេសាទលេខ១ និងលេខ២ ចំនួន៤០០គីឡូក្រាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងមន្ត្រីរាជការក្រោមឳវាទ ព្រមជាមួយមន្ត្រីបរិស្ថាន នគរបាលប៉ុស្តិ៍ កងរាជអាវុធហត្ថ និងតំណាងសហគមន៍នេសាទចូលរួមសរុប២៥នាក់ ។
លោកណៃ គឹមសុន អាជីវករឡូត៍នេសាទលេខ២ បានរៀបរាប់ថា ឆ្នាំ២០០៩ ឡូត៍បានលែងត្រីចំនួន១.៥០០គីឡូក្រាម តែឆ្នាំនេះលោកបានរក្សាទុកត្រីចំនួន១.៥០០គីឡូក្រាម ទៀតសំរាប់លែង តែដោយសាររបបទឹកបឹងទន្លេសាបរាក់ខ្លាំងពេក ត្រូវរង់ចាំទឹកឡើងបន្តិចបណ្តាលអោយត្រីប្រស់ទុកងាប់ជាបន្តបន្ទាប់ ។ ការលែងមេត្រីពូជនេះមានសារសំខាន់ណាស់ ហើយលោកនឹងបន្តសកម្មភាពលែងត្រីនេះបន្តទៀតនៅបណ្តាឆ្នាំក្រោយ ដើម្បីឆ្លើយតបការអំពាវនាវស្នើសុំអោយគ្រប់អាជីវករឡូត៍នេសាទរក្សាទុកត្រីមួយចំនួនដើម្បីជាមេពូជលែងចូលក្នុងបឹងធម្មជាតិវិញអបអរសាទរទិវាមច្ឆជាតិរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកប្រធានរដ្ឋបាលជលផល ។
លោកហេង ពិសិដ្ឋ នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងមានប្រសាសន៍ថា ត្រីដែលលែងនេះមានប្រភេទត្រីរ៉ស់ ត្រីអណ្តែង ត្រីកន្ធរ ដែលបានមកពីការចូលរួមចំណែកពីសំណាក់អ្នកស្រីនុត ហឿន អាជីវករឡូត៍នេសាទលេខ១ ចំនួន២០០គីឡូក្រាម និងលោកណៃ គឹមសុន អាជីវករឡូត៍នេសាទលេខ២ ចំនួន២០០គីឡូក្រាម ។ ខណ្ឌរដ្ឋបាលជលផលនឹងបន្តពិភាក្សាសំរបសំរួលជាមួយអាជីវករឡូត៍នេសាទឯទៀត ដើម្បីរួមគ្នាលែងពូជត្រី ធ្វើជាមេពូជអោយបានច្រើនថែមទៀតរួមចំណែកបង្កើនផលស្តុកក្នុងធម្មជាតិ ព្រោះកំពស់ទឹកក្នុងបឹងទន្លេសាបមានលក្ខណៈសមប្រកបហើយ។ ការលែងត្រីមេពូជបានបង្ហាញនូវលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់ផុលផុសនៅឡើយ ។ លោកអំពាវនាវសូមអោយសកម្មភាពដ៏ល្អនេះក្លាយជាប្រពៃណីសំរាប់ឡូត៍នេសាទ និងសំរាប់សហគមន៍នេសាទទាំងអស់។
ជាមធ្យមប្រជាពលរដ្ឋខ្មែរម្នាក់បរិភោគត្រី៥២,៤គីឡូក្រាម ក្នុងមួយឆ្នាំ ដោយឡែកអ្នករស់នៅក្នុងបឹងទន្លេសាបបរិភោគត្រីជាង៧០គីឡូក្រាមក្នុងម្នាក់ក្នុងមួយឆ្នាំ ។ អ្នករស់នៅតាមបឹងទន្លេសាបមិនត្រឹមតែរកត្រីសំរាប់ជារបបអាហារប្រចាំថ្ងៃប៉ុណ្ណោះទេ តែថែមទាំងជាប្រភពចំណូលទ្រទ្រង់ជីវភាពគ្រួសារទៀតផង ។ ឆ្នាំនេះ របបទឹកទន្លេសាបឡើងយឺត បានធ្វើអោយប៉ះពាល់ខ្លាំងដល់ការបង្កកំណើត ទីជំរក និងប្រភពចំណីរបស់មច្ឆាគ្រប់ប្រភេទ។
លោកនាយខណ្ឌរដ្ឋបាលជលផលបានអំពាវនាវដល់ប្រជានេសាទទាំងអស់ត្រូវបញ្ឈប់សកម្មភាពល្មើសច្បាប់ ដោយធ្វើនេសាទជាលក្ខណៈគ្រួសារតាមច្បាប់កំណត់ ទុកឳកាសអោយត្រី និងធនធានជលផលផ្សេងទៀតបានបង្កកំណើត ពង កូនលូតលាស់ធំធាត់ដោយសុវត្ថិភាព ដើម្បីបំរើសកម្មភាពនេសាទក្នុងរដូវបើកនេសាទខាងមុខ។ លោកក៏ផ្តាំផ្ញើផងដែរដល់សមត្ថកិច្ចជលផលអោយអប់រំ ផ្សព្វផ្សាយអោយបានញឹកញាប់ និងចេញយុទ្ធនាការបង្ក្រាបបទល្មើសជលផលអោយបានជាប្រចាំ៕
ចែករំលែកព័តមាននេះ