រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៤ និងទី៥ សីហា ខាងមុខនេះ កីឡាករអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ នឹងដល់ថ្ងៃប្រឡងបាក់ឌុបបញ្ចប់ថ្នាក់ទី១២ ដែលត្រូវគេអះអាងថា ជាឆ្នាំដំបូងដែលមានការប្រឡងដ៏តឹងរ៉ឹងបំផុតនោះហើយ ។ បុ៉ន្តែកីឡាកររូបនេះនៅតែមិនអស់ចិត្ត ក៏រត់មកសងសឹកជាមួយកីឡាករឯម លីថូ មកពី ក្លិបឫទ្ធីពោធិ៍សែនជ័យ នៅថ្ងៃសុក្រ ទី២៥ កក្កដា មុនការប្រឡងឱ្យទាល់តែបានដើម្បីរម្ងាប់ចិត្ត ។
ការជួបគ្នាលើកនេះ គឺដើម្បីប៉ះប៉ូវទឹកចិត្តរបស់កីឡាករអ៊ុំ ចំរើន ដែលការប៉ះគ្នាលើកមុន ត្រូវកីឡាករឯម លីថូ វាយឱ្យដួលសន្លប់នៅលើរេញ ព្រោះតែរឿងភ្លាត់ស្នៀត ។ ជំនួបពួកគេ ហាក់មិនសំខាន់ណាស់ណានោះទេ បុ៉ន្តែត្រូវគេចាប់អារម្មណ៍គួរសម ព្រោះតែអ៊ុំ ចំរើន ជិតដល់ថ្ងៃប្រឡងស្លាប់រស់ក្នុងការបញ្ចប់ថ្នាក់បាក់ឌុបទៅហើយ នៅតែឆ្លៀតមកបញ្ចេញកម្លាំងសងសឹកទាន់ក្តៅៗក្នុងបំណងលុបលាងភាពអាម៉ាស់ទៀត ។ ក្រុមអ្នកវិភាគមើលឃើញថា នោះពិតជាទឹកចិត្តរបស់អ្នកកីឡាមែន ដែលនៅមិនសុខ បន្ទាប់ពីត្រូវគេផ្តួលដោយមិនអស់ចិត្តនៅលើសង្វៀនប្រដាល់ ។ សម្រាប់អ្នកខ្លះគេប្រហែលជាទុកពេលដែលសល់មិនច្រើនសម្រាប់ត្រៀមខ្លួន និងខួរក្បាលស៊ប់នឹងការប្រឡងបាត់ទៅហើយ ដោយសារតែការសងសឹកទោះជាត្រូវរង់ចាំដល់មួយឆ្នាំ ឬពីរឆ្នាំទៀត ក៏មិនទាន់ហួសពេលដែរ ។
អ៊ុំ ចំរើន និយាយថា ការផ្គូផ្គងនោះមិនមែនជាចេតនារបស់ខ្លួនទាំងស្រុងនោះទេ បុ៉ន្តែដោយសារតែមានការសួរបញ្ជាក់ពីខាងបាយ័ន និងខាងសហព័ន្ធ ហើយគាប់ជួនជាខ្លួនហាក់មិនអស់ចិត្តនោះផង ទើបទទួលយកការប្រកួតនាថ្ងៃសុក្រនេះដើម្បីចង់ដឹងប៉ះគ្នាលើកទី២ ជាមួយ ឯម លីថូ តើវាចាញ់ដូចមុនទៀត ឬអាចសងសឹកបាន ។ ទោះបីយ៉ាងណា ខ្លួនមិនហ៊ានសង្ឃឹម១០០%ថា អាចសងសឹកបាននោះទេ ក្នុងពេលដែលខ្លួន ក៏ហ្វឹកហាត់បង្កើនកម្លាំងធាតុមិនបានគ្រប់គ្រាន់ ព្រោះតែជាប់ត្រៀមខ្លួនឡើងជ្រញ់ប្រឡងបញ្ចប់ថ្នាក់បាក់ឌុបនៅដើមខែសីហាបែបនេះ ។
ការប្រកួតសងសឹកដែលនឹងធ្វើនៅល្ងាចនេះ គឺដើម្បីបំពេញតាមចំណង់ចង់ដឹងរបស់ខ្លួនថា អាចឬមិនអាចនៅពេលប៉ះគ្នាលើកទី២ ជាមួយ ឯម លីថូ និងដើម្បីឱ្យទាន់ការចង់ដឹងរបស់អ្នកទស្សនាភាគច្រើន ដែលទើបតែចងចាំរូបភាពបរាជ័យរបស់គេកាលពីពេលថ្មីៗនោះតែបុ៉ណ្ណោះ ចំណែករឿងទំនុកចិត្តថា អាចឈ្នះទាំងស្រុង នៅមិនទាន់ប្រាកដទេ ។ យ៉ាងណាក៏ដោយ ការបរាជ័យកាលពីលើកមុននោះ ត្រូវគេមើលឃើញថា ជារឿងភ្លាត់ស្នៀតបុ៉ណ្ណោះ ទើបការប្រកួតសម្រាប់ថ្ងៃសុក្រនេះនឹងត្រូវគេចាំឃ្លាំមើលថា អ៊ុំ ចំរើន ពិតជាចាញ់ដដែល ឬអាចសងសឹកបាន ។
ប្រសិនបើគេអាចឈ្នះ ឯម លីថូ ក្នុងការប្រកួតនេះមែន ប្រហែលជាគេដើរហើបជើងពីដី ហើយពិតជាបានស្ងប់អារម្មណ៍ក្នុងការប្រឡងយកសញ្ញាបត្របាក់ឌុបដែលសល់តែបុ៉ន្មានថ្ងៃទៀតនោះផងដែរ ។ អ្នកទាំងពីរនឹងប៉ះគ្នាក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ។ នៅថ្ងៃនោះដែរ កីឡាករអ៊ុន រតនា មកពីក្លិបតាឡីដំរីមានឫទ្ធិ ក៏ឡើងប្រកួតសងសឹកជាមួយកីឡាករទូច ស័ក្ត មកពីក្លិបរស្មីកុមារកំព្រាផងដែរ បន្ទាប់ពីការប្រកួតលើកមុន កីឡាករអ៊ុន រតនា ចាញ់ ទូច ស័ក្ត ក្នុងទឹកទី៤ ។
ចំពោះគូអមផ្សេងទៀត កីឡាករសល់ រីប៊ែល មកពីក្លិបកុសលកីឡា ប្រកួតជាមួយកីឡាករវុត្ថា រ៉ាវី មកពីក្លិបអង្គរធំគុនខ្មែរ និងកីឡាករពេជ្រ សំរិទ្ធ មកពីក្លិបអារុណរះ ប្រកួតជាមួយកីឡាករវ៉ែន ឌីយ៉ាម៉ង់ មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ពីរនាក់ចុងក្រោយពួកគេធ្លាប់ប្រកួតគ្នាច្រើនដងមកហើយ ដោយមានលទ្ធផលចាញ់ឈ្នះទៅវិញទៅមកនៅលើរេញ ៕
ចែករំលែកព័តមាននេះ