រាជធានីភ្នំពេញ ៖ កីឡាករ និងកីឡាការិនីជើងខ្លាំងកម្ពុជាចំនួន៥រូបដែលមនុស្សភាគច្រើនមានការតាមដានពីគម្រោងទៅប្រកួតនៅប្រទេសបារាំងរបស់ពួកគេតាំងពីមិនទាន់ចេញដំណើរនោះ បានទៅដល់ប្រទេសបារាំងហើយ បន្ទាប់ពីបានឡើងយន្តហោះចេញផុតពីប្រទេសកម្ពុជា កាលពីថ្ងៃចន្ទ ទី២៦ ឧសភា វេលាម៉ោង២រសៀល ។
លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានផ្តល់សម្ភាសន៍បញ្ជាក់ពីផែនការរបស់អ្នកទាំង៥ នៅក្នុងប្រទេសបារាំងនោះ ។ កីឡាករទាំង៥ ដែលបានឡើងយន្តហោះចាកចេញទៅកាន់ប្រទេសបារាំងនោះរួមមាន កីឡាករវង្ស ណយ មកពីក្លិបកងពលតូចលេខ៣១, កីឡាករសេន ប៊ុនថេន មកពីក្លិបក្រសួងមហាផ្ទៃ, កីឡាករសែន រ៉ាឌី មកពីក្លិបអប្សរាគុនខ្មែរ, កីឡាកររឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ និងកីឡាការិនី វី ស្រីខួច មកពីក្លិបនាគមានជ័យ ។ ការចេញដំណើររបស់ពួកគេមិនមានមន្ត្រីសហព័ន្ធកីឡាប្រដាល់កម្ពុជាណាម្នាក់ដឹកនាំទៅនោះទេ បុ៉ន្តែនៅថ្ងៃទី២ មិថុនា លោកតែម ម៉ឺន នឹងដឹកនាំប្រតិភូមួយចំនួនទៅកាន់ទីនោះ ។ ទោះយ៉ាងណា ការធ្វើដំណើររបស់ពួកគេមិនមានបញ្ហាចោទនោះទេ ដោយសារតែ សេន ប៊ុនថេន ធ្លាប់បានទៅកាន់ទីនោះឡើងស្គាល់ផ្លូវទៅហើយរីឯអ្នករៀបចំដែលជាអ្នកធានាទៅ ក៏ចាត់ចែងមនុស្សរង់ចាំទទួលដែរ ។
ការចាកចេញរបស់ពួកគេជូនដំណើរដោយលោកតែម ម៉ឺន លោកនាង ស៊ីវត្ថា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័ន និងតំណាងសហព័ន្ធមួយចំនួនទៀត ។ ដំណើរចាកចេញនោះ កីឡាករខ្លះមិនមែនជាលើកទី១នោះទេ បុ៉ន្តែសម្រាប់កីឡាករភាគច្រើន គឺជាលើកដំបូងរបស់ពួកគេ ។ យ៉ាងណាក៏ដោយ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានអះអាងថា នោះជាលើកទី៥ ឬទី៦ ហើយដែលមន្ត្រីសហព័ន្ធរបស់លោក បានបញ្ជូនកីឡាករប្រដាល់ពីកម្ពុជាទៅកាន់ប្រទេសបារាំង និងសហគមន៍អឺរុ៉ប ។
លោកតែម ម៉ឺន បញ្ជាក់ឱ្យដឹងថា គម្រោងបញ្ជូនពួកគេទៅកាន់ប្រទេសបារាំងនោះ ដើម្បីឱ្យពួកគេបានចូលរួមក្នុងព្រឹត្តិការណ៍ដណ្តើមជើងឯកអាស៊ីអឺរុ៉បធំមួយ ដែលត្រូវធ្វើឡើងនៅក្នុងប្រទេសបារាំង ។ វេទិកានេះនឹងត្រូវប្រព្រឹត្តឡើងចំនួន២លើក គឺលើកទី១ ថ្ងៃទី៧ មិថុនា និងលើកទី២ នៅថ្ងៃទី២៨ មិថុនា ក្នុងឆ្នាំ២០១៤ នេះ ដោយមានកីឡាករមកពីប្រទេសអាស៊ីផ្សេងទៀត និងកីឡាករនៅក្នុងតំបន់អឺរុ៉ប ពិសេសគឺប្រទេសបារាំងផ្ទាល់តែម្តងចូលរួម ។ ក្រៅពីគម្រោងប្រកួតក្នុងព្រឹត្តិការណ៍ធំទាំងពីរ កីឡាករ-កីឡាការិនីរបស់កម្ពុជា ក៏អាចមានការប្រកួតមិត្តភាពក្នុងលក្ខណៈតូចៗដើម្បីសាកល្បងកម្លាំង និងដើម្បីបង្ហាញឱ្យបរទេសបានស្គាល់ពីក្បាច់គុនប្រដាល់របស់ខ្មែរនោះផងដែរ ។
លោកតែម ម៉ឺន ប្រាប់ថា លោកនឹងដឹកនាំប្រតិភូទៅកាន់ប្រទេសបារាំងនៅថ្ងៃទី២ មិថុនា និងត្រឡប់មកវិញនៅថ្ងៃទី១០ មិថុនា ដើម្បីចូលរួមបើកឆាកព្រឹត្តិការណ៍ប្រដាល់នៅថ្ងៃទី៧ មិថុនា ដែលមានការចូលរួមចម្រុះដោយកីឡាករជាច្រើនរូបទាំងកម្ពុជា និងបណ្តាប្រទេសផ្សេង ។ លោកចាត់ទុកថា នេះជាជោគជ័យថ្មីមួយដែលជួយឱ្យកីឡាករកម្ពុជាបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ។ ក្នុងនោះលោកក៏រំពឹងថា កីឡាករទាំង៥រូបដែលសុទ្ធតែបានសម្រាំងចេញពីពិភពប្រដាល់ខ្មែរនោះ ក៏ពិតជាមានមោទនភាពពាំនាំជោគជ័យត្រឡប់មកវិញដើម្បីមុខមាត់របស់កម្ពុជាផងដែរ ។
លោកអះអាងថា កីឡាករ និងកីឡាការិនីទាំង៥រូបនឹងវិលត្រឡប់មកវិញនៅអំឡុងចុងខែមិថុនា ឬដើមខែកក្កដាយ៉ាងយូរ បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ ។ ការបញ្ជាក់នេះ បង្ហាញយ៉ាងច្បាស់ថា វិស័យកីឡាប្រដាល់របស់កម្ពុជាកាន់តែមានការរីកចម្រើនទូលំទូលាយជាងមុន ដោយមិនមែនគ្រាន់តែរីកចម្រើននៅក្នុងប្រទេសកម្ពុជានោះទេ គឺសូម្បីតែសហគមន៍អឺរុ៉ប ក៏មានការទទួលស្គាល់ពីសន្ទុះឆ្ពោះទៅមុខនៃវិស័យនេះរបស់កម្ពុជាដែរ ទើបបានដាក់សំណើឱ្យកម្ពុជាបញ្ជូនកីឡាករ និងកីឡាការិនីជាបន្តបន្ទាប់ទៅកាន់ប្រទេសបារាំង បូករួមទាំងព្រឹត្តិការណ៍ជើងឯកអាស៊ីអឺរុ៉បនាពេលនេះផង ៕
ចែករំលែកព័តមាននេះ